កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ៨ ធ្នូ ២០២០
ព័ត៌មានអំពីកម្ពុជាមានដូចជា លោក ហ៊ុន សែន ថាមិនចង់ដាក់ប្រទេសក្នុងគ្រាអាសន្ន ទោះការឆ្លងក្នុងសហគមន៍បន្តកើនឡើងក៏ដោយ។ ទោះបីជាមានការពង្រឹងអនាម័យក្នុងរោងចក្រក៏ដោយ ក៏កម្មករនៅតែភ័យខ្លាចជំងឺកូវីដ១៩។ ព័ត៌មានអន្តរជាតិវិញមានដូចជា លោក Trump ប្រមូលសំឡេងអ្នកបោះឆ្នោតនៅរដ្ឋ Georgia ក្នុងការបោះឆ្នោតព្រឹទ្ធសភា ខណៈចោទប្រកាន់ថាការលួចបន្លំរីករាលដាល។ មន្ត្រីរដ្ឋ Georgia ច្រានចោលការអះអាងរបស់លោក Trump អំពីការលួចបន្លំការបោះឆ្នោត។ អ៊ីរ៉ង់បដិសេធការអំពាវនាវរបស់អារ៉ាប៊ីសាអូឌីតសុំចូលរួមការពិភាក្សាកម្មវិធីអាវុធនុយក្លេអ៊ែរ។ លោកប្រធានាធិបតី Maduroត្រូវគេរំពឹងថាទទួលបានសំឡេងគ្រប់គ្រងរដ្ឋសភាប្រទេសវេណេស៊ុយអេឡា។ ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ ការប្រារព្ធខួបអនុស្សាវរីយ៍នៃការវាយប្រហារលើកកំពង់ផែ Pearl Harbor ត្រូវធ្វើឡើងនៅផ្ទះ។ ប្រទេសអាស៊ីមួយចំនួនចាត់វិធានការទប់ស្កាត់ជំងឺកូវីដ១៩ ដោយមិនបិទសកម្មភាពសេដ្ឋកិច្ច៕
ព័ត៌មានពេលរាត្រី៖ ៨ ធ្នូ ២០២០
ព័ត៌មានអំពីកម្ពុជាមានដូចជា អង្គការសុខភាពពិភពលោកថា កម្ពុជាប្រហែលជាបានវ៉ាក់សាំងកូវីដដំបូងនៅខែមីនា។ តុលាការភ្នំពេញសាកសួរបងស្រីរបស់សកម្មជនថៃដែលបាត់ខ្លួន ដោយអ្នកស្រីទទូចឲ្យស្វែងរកប្អូនប្រុស។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្តឹងអ្នកនយោបាយមួយរូបពីបទញុះញង់ពាក់ព័ន្ធនឹងការចុះឈ្មោះបោះឆ្នោត។ ព័ត៌មានអន្តរជាតិវិញមានដូចជា លោក Biden ប្រកាសឈ្មោះមន្ត្រីសុខាភិបាលកំពូលៗរបស់លោក។ សេតវិមាននឹងរៀបចំកិច្ចប្រជុំនៅថ្ងៃអង្គារនេះដើម្បីបង្កើនទំនុកចិត្តសាធារណៈលើវ៉ាក់សាំងកូវីដ១៩។ សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មចិន និងលក់អាវុធឲ្យតៃវ៉ាន់។ រដ្ឋសភាសហរដ្ឋអាមេរិកអនុម័តផ្ដល់សិទ្ធិរស់នៅបណ្ដោះអាសន្នដល់ពលរដ្ឋហុងកុង។ លោកវេជ្ជបណ្ឌិត Fauci ព្រមានពី «ការកើនឡើងលើការកើនឡើង» នៃជំងឺកូវីដ១៩។ ក្រុមចម្រៀងរ៉េបសរសេរបទថ្មីពីបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យនៅថៃ។ កសិករឥណ្ឌាប៉ះទង្គិចជាមួយប៉ូលិស នៅពេលដែលពួកគេធ្វើបាតុកម្មប្រឆាំងនឹងច្បាប់ថ្មី។ ក្រុមអ្នកវិទ្យាសាស្ត្រ«ភ្ញាក់ផ្អើលខ្លាំង»នឹងក្រុមមនុស្សដែលសង្ស័យអំពីវិទ្យាសាស្ត្រនៅពេលមានការរាតត្បាតជំងឺកូវីដ១៩៕