កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ៦ ឧសភា ២០២១
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា រដ្ឋាភិបាលផ្តល់សិទ្ធិឲ្យមន្ទីរពេទ្យឯកជនចំនួន ៣ ព្យាបាលអ្នកជំងឺកូវីដ១៩ ខណៈអ្នកជំងឺកើនឡើងជាង ១ម៉ឺននាក់។ តុលាការភ្នំពេញកាត់ទោសសកម្មជនបរិស្ថានឲ្យជាប់ពន្ធនាគារយ៉ាងតិច ១៨ខែ ពីបទញុះញង់។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ក្រុមប្រឹក្សា Facebook បោះឆ្នោតហាមប្រាមលោក Trump មិនឲ្យប្រើប្រាស់បណ្តាញសង្គមនេះជារៀងរហូត។ ប្រធានាធិបតី Biden ដាក់ផែនការថ្មីចាក់វ៉ាក់សាំងកូវីដ១៩ ដល់ពលរដ្ឋអាមេរិកឱ្យបាន៧០% ត្រឹមថ្ងៃបុណ្យឯករាជ្យ ៤ កក្កដា ។ រដ្ឋាភិបាលឯកភាពរបស់ក្រុមប្រឆាំងមីយ៉ាន់ម៉ានិយាយថា ខ្លួនបានបង្កើតកងកម្លាំងការពារថ្មីមួយ។ កិច្ចប្រជុំប្រទេស G7 ថ្ងៃចុងក្រោយផ្តោតលើការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ និងការប្រយុទ្ធប្រឆាំងបម្រែបម្រួលអាកាសធាតុ។ មេធាវីការពារក្តីអតីតមន្ត្រីប៉ូលិសលោក Derek Chauvin ស្នើឲ្យមានសនាវការថ្មី និងទុកជាមោឃៈសាលក្រមរបស់គណៈវិនិច្ឆ័យ។ ប្រទេសស៊ីមបាវ៉េរំពឹងលើថ្នាំជក់នៅពេលអនាគត ទោះបីជាមានយុទ្ធនាការប្រឆាំងការជក់បារីក្តី។ ប្រទេសហ្គាណាបញ្ចូនយោធាដើម្បីពង្រឹងការដាក់បម្រាមលើការជីករ៉ែខុសច្បាប់នៅជិតតំបន់ទន្លេនិងបឹងបួរធំៗ៕
ព័ត៌មានពេលរាត្រី៖ ៦ ឧសភា ២០២១
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា អាជ្ញាធរខេត្តមួយចំនួនតម្រូវឲ្យពលរដ្ឋចូលភូមិសាស្រ្តធ្វើចត្តាឡីស័ក ប៉ុន្តែលោក ហ៊ុន សែន ប្រតិកម្ម។ អាជ្ញាធរបន្តបិទខ្ទប់តំបន់ឆ្លងខ្លាំងនៃជំងឺកូវីដ១៩ មួយសប្តាហ៍ទៀត ដោយប្រតិកម្មនឹងការរិះគន់។ អាមេរិកអំពាវនាវឲ្យដោះលែងសកម្មជនបរិស្ថាន ខណៈអូស្ត្រាលីជំរុញឲ្យធានាសិទ្ធិមនុស្សជាមូលដ្ឋាន។ អ្នកវិទ្យាសាស្ត្របន្តការសិក្សាដើម្បីបង្ការជំងឺរាតត្បាតថ្មីដូចវីរុសកូរ៉ូណា។ នៅក្នុងកម្មវិធី Hello VOA នាថ្ងៃនេះ មានកិច្ចពិភាក្សាអំពី «មេរៀនពីការបិទខ្ទប់កូវីដដំបូងនៅភ្នំពេញនិងតាខ្មៅ»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា លោក Biden យល់ព្រមលើកលែងប្រកាសនីយបត្រតក្កកម្មវ៉ាក់សាំងកូវីដ១៩ ប៉ុន្តែភាពស្មុគស្មាញនៅតែមាន។ លោក Blinken ធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ុយក្រែន ចំពេលមានភាពតានតឹងជាមួយរុស្ស៊ី។ បណ្ដាប្រទេស G-7 គាំទ្រឲ្យតៃវ៉ាន់ទទួលតំណែងជាអ្នកអង្កេតការណ៍នៅក្នុងសន្និបាតសុខភាពពិភពលោក៕