កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ២៩ មីនា ២០២១
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា សហជីពបារម្ភថា កម្មករធ្វើដំណើរទៅស្រុកកំណើតនៅថ្ងៃចូលឆ្នាំខ្មែរ នាំឲ្យឆ្លងរាលដាលជំងឺកូវីដ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ក្មេងវ័យជំទង់នាំគ្នាប្តឹងរដ្ឋាភិបាលអូស្ត្រាលី ពាក់ព័ន្ធនឹងគម្រោងរុករកធ្យូងថ្មដ៏ចម្រូងចម្រាស។ អ្នកវិភាគកិច្ចការតំបន់ថា លោក Biden នឹងកៀរគរសម្ព័ន្ធមិត្តខ្លាំងឡើង ដើម្បីដោះស្រាយវិបត្តិរដ្ឋប្រហារនៅមីយ៉ាន់ម៉ា។ ការស្ទង់មតិរបស់អង្គការ ICRC ថា ជនជាតិស៊ីរីវ័យក្មេងខាតបង់ខ្លាំងក្នុងសង្គ្រាមជាងមួយទសវត្សរ៍។ រដ្ឋអូស្ត្រាលីនឹងស៊ើបអង្កេតពីផលប៉ះពាល់នៃការធ្វើអាណានិគមលើជនជាតិដើម៕
ព័ត៌មានពេលរាត្រី៖ ២៩ មីនា ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា គ្រួសារសកម្មជនថៃ Wanchalearm Satsaksit ថា មុនបាត់ខ្លួន សកម្មជនថៃ«កាន់លិខិតឆ្លងដែនខ្មែរ»។ របាយការណ៍ថ្មីបានឲ្យដឹងថា អ្នកសារព័ត៌មានខ្មែរជាង៧០នាក់ ត្រូវយាយីក្នុងឆ្នាំ២០២០។ កូនស្រីអ្នកជំងឺស្លាប់ដោយជំងឺកូវីដ១៩ រៀបរាប់ក្រោយឪពុកស្លាប់ ដោយមិនដឹងថាឪពុកមានជំងឺកូវីដ១៩ក្នុងខ្លួន។ នៅក្នុងកម្មវិធី Hello VOA មានកិច្ចពិភាក្សាអំពី «យុទ្ធនាការអន្តរជាតិបង្ហាញពីនិទណ្ឌភាព និងភាពអយុត្តិធម៌នៅកម្ពុជា»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា លោក Biden ហៅការបង្ក្រាបរបស់យោធាមីយ៉ាន់ម៉ាថា «សាហាវហួសហេតុបំផុត»។ អង្គការសុខភាពពិភពលោកថា វីរុសកូវីដ១៩ ទំនងឆ្លងពីសត្វប្រជៀវទៅមនុស្សតាមរយៈសត្វមួយប្រភេទទៀត។ កូរ៉េខាងជើងចោទក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា «អនុវត្តស្តង់ដារពីរ» លើរឿងសាកល្បងមីស៊ីលរបស់ខ្លួន។ លោក Guterres ថា អង្គការសហប្រជាជាតិកំពុងចរចាជាមួយចិនអំពីលទ្ធភាពចូលទៅតំបន់ Xinjiang។ នៅកូរ៉េខាងត្បូង កម្មវិធីប្រាក់ចំណូលមូលដ្ឋានទទួលបានការគាំទ្រក្នុងពេលមានការរាតត្បាតជំងឺកូវីដ១៩៕