កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក
ព័ត៌មានអំពីកម្ពុជាមានដូចតទៅ៖ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃថា អ្នកទោសដែលជាប់ពន្ធនាគារជិតផុតកាលកំណត់ អាចនឹងត្រូវពិចារណាដោះលែង ប៉ុន្តែត្រូវស្ថិតក្រោមការតាមដានរបស់សមត្ថកិច្ច។ សមត្ថកិច្ចចាប់ខ្លួនមនុស្ស២៧នាក់នៅកន្លែងជល់មាន់និងលេងអាប៉ោង តែដោះលែងវិញក្រោយពី«ធ្វើការអប់រំ និងធ្វើកិច្ចសន្យា»។ កម្ពុជាលុបចោលការតម្រូវឲ្យមានវិញ្ញាបនបត្របញ្ជាក់ថាគ្មានជំងឺកូវីដ១៩ សម្រាប់ពលរដ្ឋខ្មែរដែលធ្វើដំណើរពីក្រៅប្រទេស។ តុលាការកំពូលសម្រេចបន្ដរក្សាទុកលិខិតឆ្លងដែនរបស់អតីតអ្នកកាសែតវិទ្យុអាស៊ីសេរីពីរនាក់ គឺលោក យាង សុធារិន្ទ និងលោក អ៊ួន ឈិន។ ព័ត៌មានអន្តរជាតិមានដូចតទៅ៖ សហរដ្ឋអាមេរិកថា ក្រុងហុងកុងលែងមានស្វ័យភាពពីប្រទេសចិនទៀតហើយ ហើយសហរដ្ឋអាមេរិកអាចដកនូវលក្ខខណ្ឌអនុគ្រោះផ្នែកពាណិជ្ជកម្មនិងហិរញ្ញវត្ថុពិសេសដែលខ្លួនផ្តល់ឲ្យក្រុងនេះកន្លងមក។ កូរ៉េខាងត្បូងមានការផ្ទុះជំងឺកូវីដ១៩ថ្មី ក្រោយពីស្ងប់ស្ងាត់អស់រយៈពេលជាច្រើនសប្តាហ៍ ដែលករណីថ្មីទាំងអស់៤០ ជាប់ទាក់ទងទៅនឹងការឆ្លងនៅក្នុងក្លឹបកម្សាន្តពេលរាត្រីមួយក្នុងទីក្រុងសេអ៊ូល។ ឥណ្ឌាប្រកាសកញ្ចប់ថវិកាចំនួន ២៦៥ ពាន់ លាន ដុល្លារ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ។ ការស្ទង់មតិមួយបង្ហាញថា ពលរដ្ឋអាមេរិកពាក់កណ្តាលចង់ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងការស្ទង់មតិមួយទៀតបង្ហាញថា ពលរដ្ឋប្រេស៊ីល៦០%គាំទ្រឲ្យមានវិធានការរឹតត្បិតខ្លាំងជាងមុនទប់ទល់នឹងជំងឺកូវីដ១៩៕
ព័ត៌មានពេលរាត្រី
ព័ត៌មានសំខាន់ៗអំពីកម្ពុជា សហរដ្ឋអាមេរិក និងតំបន់អាស៊ីមានដូចតទៅ៖ ក្រសួងមហាផ្ទៃកម្ពុជា ឲ្យដឹងថា ស្ត្រីខ្មែរជាង ១០០នាក់ បានវិលត្រឡប់ពីប្រទេសចិនមកកម្ពុជា ហើយបានរាយការណ៍ថា ពួកគេត្រូវបានបង្ខំឲ្យរៀបការជាមួយបុរសជនជាតិចិន។ ពលករចំណាកស្រុកកម្ពុជា ត្រូវហាមឃាត់មិនឲ្យឆ្លងព្រំដែនចូលប្រទេសថៃ ខណៈថៃបន្តដាក់ប្រទេសក្នុងភាពអាសន្នដោយសារវិបត្តិជំងឺកូវីដ១៩។ នៅក្នុងកម្មវិធី Hello VOA ប្រចាំខែស្តីអំពីពលករចំណាកស្រុក សកម្មជនថា ពលករចំណាកស្រុកនៅកូរ៉េខាងត្បូងរងប៉ះពាល់តិចតួចពីជំងឺកូវីដ១៩។ សភាអាមេរិកអនុម័តការដាក់ទណ្ឌកម្មប្រឆាំងចិន ដោយសារការបង្ក្រាបរបស់រដ្ឋាភិបាលចិនលើជនជាតិភាគតិចអ៊ុយហ្គរក្នុងប្រទេសចិន។ ដោយឡែក រដ្ឋសភាចិនអនុម័តសេចក្តីព្រាងច្បាប់សន្តិសុខក្នុងទីក្រុងហុងកុង ស្របពេលភាពតានតឹងជាមួយសហរដ្ឋអាមេរិកពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់នេះកំពុងកើនឡើង។ ព័ត៌មានអន្តរជាតិសំខាន់ៗផ្សេងទៀតមានដូចជា៖ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិក កើនជាង ១សែននាក់។ អង្គការកម្មវិធីស្បៀងអាហារពិភពលោកឲ្យដឹងថា វិបត្តិសុខភាពកូវីដ១៩ បណ្តាលឲ្យមនុស្ស ២៦៥លាននាក់ ប្រឈមការខ្វះខាតម្ហូបអាហារនៅឆ្នាំ២០២០នេះ។ អង្គការសហប្រជាជាតិព្រមានពីវិបត្តិអត់ឃ្លាននៅតំបន់អាមេរិកឡាទីនដោយមនុស្សយ៉ាងតិច ១៤លាននាក់នឹងរងគ្រោះអត់ឃ្លាន ក្នុងគ្រាវិបត្តិសុខភាពកូវីដ១៩។ កាលពីថ្ងៃពុធម្សិលមិញនេះ ទីភ្នាក់ងារ NASA របស់សហរដ្ឋអាមេរិក បានពន្យារពេលបង្ហោះយានអវកាសរ៉ុកកែត SpaceX ទៅកាន់ស្ថានីយអវកាសអន្តរជាតិ ដោយសារមានសញ្ញាគ្រោះថ្នាក់នៃផ្លេកបន្ទោរនៅរដ្ឋ Florida៕