កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ២៧ ឧសភា ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា ក្ដីបារម្ភកើនឡើង ខណៈកូវីដ១៩ វាយលុកពន្ធនាគារមួយទៀតនៅខេត្តកណ្ដាល។ ខណៈខេត្តកំពង់ស្ពឺទម្លាក់ស្លាកឃោសនាសុរា អ្នកឃ្លាំមើលរំឭករដ្ឋឱ្យពន្លឿនច្បាប់គ្រប់គ្រងគ្រឿងស្រវឹង។ អង្គការអន្តរជាតិ១២ អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាឈប់យាយីសំឡេងរិះគន់ការឆ្លើយតបនឹងជំងឺកូវីដ១៩។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា លោក Blinken ធ្វើដំណើរទៅអេហ្សីប និងហ្សកដានីក្នុងទស្សនកិច្ចទៅកាន់តំបន់មជ្ឈិមបូព៌ាជាលើកដំបូង។ រុស្ស៊ីថាខ្លួនមិនរំពឹងពី«ការស្តារឡើងវិញ» ជាផ្លូវការនៃទំនាក់ទំនងជាមួយអាមេរិកក្នុងជំនួបកំពូលរវាងលោក Biden និងលោក Putin។ ប្រទេសមីយ៉ាន់ម៉ាមិនត្រូវបានបញ្ចូលក្នុងមហាសន្និបាតប្រចាំឆ្នាំរបស់អង្គការសុខភាពពិភពលោកទេ។ លោក Assad ទាត់ចោលការរិះគន់ ខណៈការបោះឆ្នោតដំណើរការដើម្បីលោកបន្តអំណាច។ ក្រុមតាលីបង់ព្រមានប្រទេសជិតខាងអាហ្វហ្គានីស្ថានមិនឲ្យដាក់មូលដ្ឋានកងទ័ពអាមេរិក។ ជំងឺកូវីដ១៩ បានប៉ះពាល់ដល់ការវិវត្តនៃការលុបបំបាត់ជំងឺត្រូពិចដែលមិនត្រូវបានគេអើពើ៕
ព័ត៌មានពេលរាត្រី៖ ២៧ ឧសភា ២០២១
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា សហជីពថា ការផ្ទុះឆ្លងកូវីដតាមរោងចក្រ គំរាមការបញ្ជាទិញនិងឧស្សាហកម្មកាត់ដេរ។ ត្រីជាប្រភពអាហារូបត្ថម្ភមិនអាចខ្វះបានសម្រាប់កម្ពុជា និងជាគន្លឹះទប់ស្កាត់ការខ្វះអាហារូបត្ថម្ភនិងសន្តិសុខស្បៀងអាហារ។ នៅក្នុងកម្មវិធី Hello VOA ថ្ងៃនេះ មានកិច្ចពិភាក្សាអំពី «វិធីឆ្លើយតបរបស់មេដឹកនាំអាស៊ានចំពោះកម្មករនិងពលករក្នុងគ្រាជំងឺរាតត្បាត»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា លោក Biden បញ្ជាឲ្យធ្វើការស៊ើបអង្កេតថ្មីអំពីប្រភពជំងឺកូវីដ១៩។ លោក Blinken បញ្ចប់ទស្សនកិច្ចដើម្បីពង្រឹងបទឈប់បាញ់គ្នានៅតំបន់មជ្ឈិមបូពា៌ដោយធ្វើដំណើរទៅកាន់ប្រទេសហ៊ក្សដានី។ សហរដ្ឋអាមេរិករំពឹងថា នឹងបញ្ជូននាវាផ្ទុកយន្តហោះតែមួយគ្រឿងនៅតំបន់អាស៊ីប៉ាស៊ីហ្វិកទៅមជ្ឈិមបូព៌ា។ ខ្មាន់កាំភ្លើងសម្លាប់មនុស្ស ៩នាក់និងខ្លួនឯង ក្នុងការបាញ់ប្រហារនៅរដ្ឋកាលីហ្វ័រញ៉ា។ ការស្ទង់មតិបង្ហាញថា ពលរដ្ឋអាមេរិកាំងកាន់តែច្រើនឡើងជឿថា ការស្អប់ជនជាតិអាស៊ីកាន់តែកើនឡើង៕