កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ២៦ វិច្ឆិកា ២០២០
ព័ត៌មានសំខាន់ៗមានដូចជា លោក ហ៊ុន សែន រិះគន់មេធាវីក្រុមសិទ្ធិមនុស្សមួយចំនួនថាញុះញង់ពលរដ្ឋឲ្យតវ៉ា។ តុលាការខេត្តរតនគិរីទម្លាក់ចោលការចោទប្រកាន់លើអតីតអ្នកកាសែត The Cambodia Daily។ ប្រធានាធិបតីប៉ាគីស្ថានជួបដំរីឯកោ មុននឹងត្រូវបញ្ជូនទៅកម្ពុជា។ ព័ត៌មានអន្តរជាតិវិញមានដូចជា លោក Biden ពិភាក្សាអំពី«ការលះបង់រួម» ខណៈវិបត្តិកូវីដ១៩រំខានថ្ងៃឈប់សម្រាករំឭកគុណ Thanksgiving។ សហរដ្ឋអាមេរិកពិចារណាបន្ថយចំនួនថ្ងៃចត្តាឡីស័កកូវីដ១៩សម្រាប់អ្នកធ្វើតេស្តឃើញអវិជ្ជមាន។ ប្រទេសចិនបង្កើនការធ្វើតេស្តរកវីរុសកូរ៉ូណាលើការវេចខ្ចប់អាហារនាំចូល។ អ្នកស្រី Meghan Markle ភរិយារបស់ព្រះអង្គម្ចាស់ Harry នៃចក្រភពអង់គ្លេសបានឲ្យដឹងថា អ្នកស្រីបានរលូតទារក។ លោក Bobi Wine មេដឹកនាំអ៊ូហ្គាន់ដាត្រូវបានដោះលែង តែត្រូវចោទប្រកាន់ពីបទរំលោភការរឹតត្បិតពេលមានជំងឺកូវីដ១៩៕
ព័ត៌មានពេលរាត្រី៖ ២៦ វិច្ឆិកា ២០២០
ព័ត៌មានអំពីកម្ពុជាមានដូចជា តុលាការសម្រេចយកសំណុំរឿង«ក្បត់»លើមនុស្សជិត១៤០នាក់ ទៅជំនុំជម្រះបន្តនៅឆ្នាំក្រោយ។ កង្វះម៉ាស៊ីនច្រូតកាត់ នាំឲ្យព្រួយបារម្ភគុណភាពស្រូវរងគ្រោះដោយទឹកជំនន់ ខណៈតម្លៃធ្លាក់ចុះ។ អ្នកជំនាញសិទ្ធិមនុស្សហៅការកោះហៅមនុស្សជាង១០០នាក់ឡើងសវនាការថា«មានហេតុផលនយោបាយ»។ នៅក្នុងកម្មវិធី Hello VOA មានកិច្ចពិភាក្សាអំពី «អាជ្ញាធរថៃពន្យាពេលឲ្យពលករខ្មែរនិងការធ្លាក់ចុះប្រាក់ចំណូលសម្រាប់គ្រួសារ»។ ព័ត៌មានអន្តរជាតិវិញមានដូចជា លោកBidenថា សហរដ្ឋអាមេរិកនឹងមិនចាញ់ក្នុងសង្គ្រាមប្រឆាំងនឹងជំងឺកូវីដ១៩ ទេ។ លោក Xi Jinping អបអរសាទរលោក Biden ចំពោះជ័យជម្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក។ កូរ៉េខាងត្បូងនិងចិនសន្យាធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគីនិងដោះស្រាយបញ្ហាក្នុងតំបន់និងលើពិភពលោក។ បាតុករថៃខឹងសម្បារចំពោះទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់របស់ព្រះមហាក្សត្រ។ ចក្រភពអង់គ្លេសប្រកាសបង្កើនការចំណាយវិស័យការពារប្រទេស៕