កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ២៥ ឧសភា ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា រដ្ឋថា ចំនួនឆ្លងកូវីដ១៩ក្នុងពន្ធនាគារមាន៥៦នាក់ តែក្រុមសិទ្ធិមនុស្សថាមានដល់រាប់រយនាក់។ កូវីដ១៩ហក់ឡើងមកវិញ ក្រោយបំរាមនិងវិធានការរដ្ឋបាលត្រូវបានបន្ធូរ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ប្រទេសរុស្សីថា បេឡារុសធ្វើសកម្មភាព«សមហេតុផល»ក្នុងការបង្ខំឲ្យយន្តហោះដឹកអ្នកដំណើរមួយគ្រឿងចុះចតក្នុងប្រទេសរបស់ខ្លួន។ អង្គការសហប្រជាជាតិនិងប្រទេសអ៊ីរ៉ង់ព្រមព្រៀងគ្នាលើការបន្តការត្រួតពិនិត្យកម្មវិធីអាវុធនុយក្លេអ៊ែរអ៊ីរ៉ង់។ លោកស្រី Aung San Suu Kyi បានបង្ហាញខ្លួនជាលើកដំបូងក្នុងតុលាការមីយ៉ាន់ម៉ា ចាប់តាំងពីក្រោយថ្ងៃរដ្ឋប្រហារយោធាមក។ កោះតៃវ៉ាន់រិះគន់ការមិនយកចិត្តទុកដាក់របស់អង្គការសុខភាពពិភពលោក។ ករណីដាច់កន្ត្រកខ្សែកាបក្នុងប្រទេសអ៊ីតាលី ដែលបណ្តាលឲ្យមានមនុស្សស្លាប់ កំពុងទទួលការស៊ើបអង្កេត ខណៈជនរងគ្រោះម្នាក់ជាកុមារ កំពុងទទួលការជួយសង្គ្រោះបន្ទាន់។ អ្នកកំប្លែងជាស្ត្រីនៅប្រទេសបួគីណាហ្វាសូចាប់ផ្តើមឡើងសម្តែងនៅលើឆាក៕
ព័ត៌មានពេលរាត្រី៖ ២៥ ឧសភា ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា កូវីដបន្តរាតត្បាត ខណៈគ្រួសារអ្នកស្លាប់ចាំដំណឹងអំពីសពនិងអដ្ឋិធាតុ។ ក្រោយមនុស្ស៩នាក់ពុលស្រាស្លាប់នៅកំពត នគរបាលឃាត់ខ្លួនអ្នកបិតស្រា២នាក់។ ប៉ូលិសខ្មែរ-អាមេរិកាំងពលីក្នុងបេសកកម្មត្រូវគេចងចាំជាវីរបុរសនិងជាអ្នកជួយសង្គម។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា លោក Blinken ធ្វើដំណើរទៅកាន់តំបន់មជ្ឈិមបូព៌ាដើម្បីពង្រឹងបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុម Hamas និងស្ដារតំបន់ Gaza ឡើងវិញ។ សហគមន៍អឺរ៉ុបដាក់ទណ្ឌកម្មលើប្រទេសបេឡារុសចំពោះការបង្វែរជើងហោះហើរចាប់អ្នកកាសែត។ អ្នកកាសែតអាមេរិកាំងម្នាក់ត្រូវបានគេចាប់ឃុំខ្លួននៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ឆ្មាំការពារជាតិ National Guard បញ្ចប់ការការពារវិមានសភាសហរដ្ឋអាមេរិក។ ជប៉ុនថា «គ្មានការប្រែប្រួលចំពោះកម្មវិធីប្រកួតកីឡាអូឡាំពិក» ក្រោយអាមេរិកព្រមានហានិភ័យឆ្លងជំងឺកូវីដ១៩ តាមការធ្វើដំណើរ៕