កម្មវិធីវិទ្យុ

កម្មវិធីផ្សាយរបស់ VOA នៅរាត្រីថ្ងៃអង្គារ ១៩ ឧសភា ២០២០
កម្មវិធីផ្សាយប្រចាំថ្ងៃរបស់ VOA រយៈពេល ៦០នាទី ពីម៉ោង៨:៣០ដល់៩:៣០នាទីយប់ ដែលផ្សាយផ្ទាល់ពីរដ្ឋធានីវ៉ាស៊ីនតោន នាំមកជូនអស់លោកអ្នកនាងនូវព័ត៌មានទាន់ហេតុការណ៍ វិភាគស៊ីជម្រៅ និងពិតមិនលំអៀង អំពីកម្ពុជា សហរដ្ឋអាមេរិក តំបន់អាស៊ី និងពីជុំវិញពិភពលោក ដែលមានដូចជាសេដ្ឋកិច្ច នយោបាយ សុខភាព ការអប់រំ បរិស្ថាន និងបច្ចេកវិទ្យាជាដើម។ ជារៀងរាល់ថ្ងៃច័ន្ទ និងថ្ងៃព្រហស្បតិ៍ VOAមានកម្មវិធី Hello VOA ដែលពិភាក្សាជាមួយវាគ្មិនអំពីប្រធានបទផ្សេងៗពាក់ព័ន្ធនឹងស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា សហរដ្ឋអាមេរិក តំបន់អាស៊ី និងនៅទូទាំងពិភពលោក។ ព័ត៌មានកម្ពុជាមានចំនួនពីរអំពីការប្រារព្ធព្រឹត្តិការណ៍ទិវាចងចាំសម័យខ្មែរក្រហមថ្ងៃ២០ ឧសភា ត្រូវផ្អាក ដោយសារជំងឺកូវីដ១៩ និងពលរដ្ឋខេត្តសៀមរាបជួបវិបត្តិសេដ្ឋកិច្ចខ្លាំង ដោយសារតែវិបត្តិជំងឺនេះដូចគ្នាដែរ។ ព័ត៌មានសហរដ្ឋអាមេរិកចម្បងក្នុងរាត្រីនេះគឺប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមកាត់ថវិកាជាអចិន្រ្តៃយ៍ពីអង្គការសុខភាពពិភពលោក WHO ដោយចោទថា អង្គការនេះបំពេញការងារមិនបានល្អ ប៉ុន្តែប្រទេសចិនថា សហរដ្ឋអាមេរិកព្យាយាមបង្វែរការរិះគន់ទាក់ទិននឹងការគ្រប់គ្រងមិនបានល្អរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកខ្លួនឯងផ្ទាល់លើវិបត្តិជំងឺកូវីដ១៩នេះទៅវិញទេ។ ចំណែកឯអង្គការសុខភាពពិភពលោក WHO បានសន្យាថា នឹងវាយតម្លៃដោយឯករាជ្យលើវិធានការរបស់ខ្លួនចំពោះវិបត្តិជំងឺកូវីដ១៩នេះ។ ពាក់ព័ន្ធនឹងជំងឺកូវីដ១៩នេះដែរ លោក ត្រាំ ថ្លែងថា លោកបានប្រើថ្នាំ Hydroxychloroquine សម្រាប់ព្យាបាលជំងឺគ្រុនចាញ់ ដើម្បីការពារពីការឆ្លងជំងឺកូវីដ១៩ ប៉ុន្តែទីភ្នាក់ងារស្បៀងអាហារនិងឱសថរបស់អាមេរិក កាលពីខែមុន បានចេញការព្រមានថា ថ្នាំនេះគួរតែត្រូវបានប្រើប្រាស់នៅតាមមន្ទីរពេទ្យតែប៉ុណ្ណោះ ដោយសារតែវាអាចបង្កឲ្យមានបញ្ហាចង្វាក់បេះដូង។ ព័ត៌មានអន្តរជាតិដទៃទៀតមានដូចជា សង្គ្រាមពាណិជ្ជកម្មរវាងប្រទេសចិននិងអូស្ត្រាលីដោយសារការស៊ើបអង្កេតអំពីប្រភពនៃជំងឺកូវីដ១៩ ជម្លោះរវាងចិននិងសហរដ្ឋអាមេរិកទាក់ទិននឹងវិស័យបច្ចេកវិទ្យា ការរួបរួមគ្នារបស់សមាជិកគណបក្សប្រជាធិបតេយ្យប្រឆាំងនឹងលោក ត្រាំ ការកើនឡើងភាពគ្មានការងារធ្វើនៅក្នុងសហរដ្ឋអាមេរិក ការប្រែប្រួលអាកាសធាតុក្នុងពិភពលោកនៅរយៈពេលប៉ុន្មានខែខាងមុខ ការរកឃើញផ្កាយដុះកន្ទុយថ្មីមួយ និងព័ត៌មានអន្តរជាតិផ្សេងៗទៀត៕