កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក
ព័ត៌មានអំពីកម្ពុជាមានដូចជា ការចាប់អ្នកសារព័ត៌មានបង្ហោះសារលើហ្វេសប៊ុកនាំឲ្យមានការព្រួយបារម្ភកាន់តែខ្លាំងចំពោះសេរីភាពបញ្ចេញមតិ។ អង្គការក្រៅរដ្ឋាភិបាលអំពាវនាវឲ្យមានអន្តរាគមន៍ជួយពលករខ្មែរជាប់នៅប្រទេសហ៊្សកដានី វិលត្រឡប់មកកម្ពុជាវិញ។ តុលាការកំពូលគ្រោងប្រកាសសាលដីកាលើសំណុំរឿងអតីតអ្នកកាសែតអាស៊ីសេរីនៅថ្ងៃ១៥ កក្កដា។ មេដឹកនាំសហជីពរងការព្រមាន ដោយសារជួយដោះស្រាយបញ្ហាកម្មករកាត់ដេរ។ ព័ត៌មានអន្តរជាតិមានដូចជា ប៉ូលិសហុងកុងចាប់ខ្លួនបាតុករជាង ៣០០ នាក់ ក្រោយច្បាប់សន្ដិសុខជាតិថ្មីត្រូវបានអនុម័ត។ ចក្រភពអង់គ្លេសផ្ដល់សិទ្ធិធ្វើអន្តោប្រវេសន៍ដល់ពលរដ្ឋហុងកុងរហូតដល់ ៣ លាននាក់។ រុស្ស៊ីបោះឆ្នោតដើម្បីឲ្យលោក Putin បន្ដកាន់អំណាចរហូតដល់ឆ្នាំ ២០៣៦។ ការស្រាវជ្រាវរកថ្នាំព្យាបាលជំងឺកូវីដ១៩ និងដំណើរការសាកល្បងវ៉ាក់សាំងបង្ការ កំពុងដំណើរការទៅមុខយ៉ាងលឿន៕
ព័ត៌មានពេលរាត្រី
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា សាធារណជនប្រៀបធៀបករណីប៉ូលិសខ្មែរប្រើជង្គង់សង្កត់កបុរសម្នាក់នៅភ្នំពេញ ទៅនឹងករណីនៅអាមេរិក។ អង្គការការពារសត្វព្រៃ WWF រកឃើញថា ការជួញដូរត្រីជិតផុតពូជនៅបន្តកើតមាននៅកម្ពុជា។ នៅក្នុងកម្មវិធី Hello VOA វាគ្មិនរបស់យើងគឺលោក ហែម ឧត្ដម អ្នកប្រឹក្សាឯករាជ្យជំនាញអភិបាលកិច្ចធនធានទឹក ពិភាក្សាអំពី «នរណាគ្រប់គ្រងទឹកទន្លេមេគង្គទៅថ្ងៃ អនាគត?»។ រីឯព័ត៌មានអន្តរជាតិសំខាន់ៗវិញមានដូចជា សហរដ្ឋអាមេរិកមានករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ ក្នុងខ្ពស់បំផុតមិនធ្លាប់ដល់ទៅ ៥ម៉ឺននាក់ក្នុងមួយថ្ងៃ ខណៈអង្គការសុខភាពពិភពលោក WHO ព្រមានថា ការរាតត្បាតនៃវីរុសកូរ៉ូណាទូទាំងសាកលលោក កំពុងកើនឡើងយ៉ាងឆាប់រហ័ស។ មនុស្សយ៉ាងហោចណាស់ ១០០នាក់ បានស្លាប់ក្នុងករណីបាក់កន្លែងរុករករ៉ែថ្លើមថ្មមួយកន្លែងនៅមីយ៉ាន់ម៉ា។ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Pompeo ហៅច្បាប់សន្តិសុខថ្មីរបស់ចិនសម្រាប់ទីក្រុងហុងកុងថាជា «ការមើលងាយដល់ប្រទេសដទៃ»។ សមាជិកព្រឹទ្ធសភាអាមេរិកកំពុងពិនិត្យមើលឡើងវិញលើកញ្ចប់ថវិកាសម្រាប់ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីប្រព័ន្ធផ្សព្វផ្សាយសាកល (USAGM) និងព័ត៌មានអន្តរជាតិផ្សេងទៀត៕