កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ២ ធ្នូ ២០២០
ព័ត៌មានអំពីកម្ពុជាមានដូចជា ករណីពុលស្រាសនៅខេត្តកំពង់ឆ្នាំង បណ្តាលឲ្យមនុស្សយ៉ាងតិច៨នាក់ស្លាប់។ ថ្នាក់ដឹកនាំបក្សប្រឆាំង ប្រកាសវិលចូលស្រុកជាថ្មីនៅដើមឆ្នាំ២០២១ ទោះជាតុលាការកោះហៅ។ រដ្ឋសភាកម្ពុជាស្នើក្រសួងសុខាភិបាលធ្វើតេស្តក្រុមអ្នកតំណាងរាស្ត្ររកជំងឺកូវីដ១៩។ សវនាការលើលោក រ៉ុង ឈុន ត្រូវបានលើកពេលដោយគ្មានកំណត់ថ្ងៃ។ ព័ត៌មានអន្តរជាតិវិញមានដូចជា សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មក្រុមហ៊ុនចិនដែលបានជួយរាំងខ្ទប់ប្រព័ន្ធអ៊ីនធឺណិតក្នុងប្រទេសវេណេស៊ុយអេឡា។ អ្នកដឹកនាំសហភាពអឺរ៉ុប សង្ឃឹមថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ អាចចាប់ផ្តើមចុងខែធ្នូ។ ផលប៉ះពាល់វីរុសកូរ៉ូណាត្រូវគេពិនិត្យមើលនៅទិវាជំងឺអេដស៍ពិភពលោក។ ក្រុមតន្រ្តីរ៉េប(Rap) ក្នុងប្រទេសថៃបញ្ចូលបទភ្លេងថ្មីដើម្បីគាំទ្រក្រុមអ្នកតវ៉ាប្រជាធិបតេយ្យ។ នៅពេលលោកBiden កាន់តំណែង ទ្វីបអឺរ៉ុបសង្ឃឹមថានឹងមានការសម្របសម្រួលគ្នាអំពីពន្ធដារលើក្រុមហ៊ុន Digital អាមេរិកាំង៕
ព័ត៌មានពេលរាត្រី៖ ២ ធ្នូ ២០២០
ព័ត៌មានអំពីកម្ពុជាមានដូចជា ក្រុមសិទ្ធិមនុស្ស និងអាជ្ញាធរក្រុងភ្នំពេញខ្វែងគំនិតគ្នាពាក់ព័ន្ធនឹងការប្រារព្ធទិវាសិទ្ធិមនុស្សខណៈផ្ទុះជំងឺកូវីដ១៩។ អ្នកតាមដានថា ការបរិច្ចាគម៉ាសនៅកម្ពុជាបង្ហាញកាយវិការមនុស្សធម៌ និងយុទ្ធសាស្រ្តកិច្ចការបរទេស។ សម្រាប់កម្មវិធីផតខាសថ៍ (podcast) «កម្ពុជាសម្លឹងទៅមុខ ឬEnvision Cambodia» មានកិច្ចពិភាក្សាភាគទី៤ដែលស្តីអំពី «អត្តសញ្ញាណបុគ្គល និងអត្តសញ្ញាណជាតិកម្ពុជា»។ ព័ត៌មានអន្តរជាតិវិញមានដូចជា លោក Biden ប្តេជ្ញាធ្វើឲ្យសហរដ្ឋអាមេរិកងើបឡើងវិញ«សម្រាប់ពលរដ្ឋអាមេរិកាំងគ្រប់រូប»។ មជ្ឈមណ្ឌល CDC របស់អាមេរិក នឹងផ្ដល់វ៉ាក់សំាងជាអាទិភាពដល់បុគ្គលិកសុខាភិបាល និងអ្នកស្នាក់នៅមណ្ឌលចាស់ជរា។ អ៊ីរ៉ង់ប្រកាន់ជំហរតឹងរ៉ឹងក្រោយការស្លាប់របស់អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែររបស់ខ្លួន។ សមាជិកសភាអាមេរិកជិតអស់ពេលអនុម័តកញ្ចប់ថវិកាវិបត្តិជំងឺកូវីដ១៩។ រដ្ឋមន្ត្រីយុត្តិធម៌អាមេរិកថា គ្មានភស្តុតាងនៃការក្លែងបន្លំណាមួយដែលនឹងផ្លាស់ប្ដូរលទ្ធផលបោះឆ្នោតប្រធានាធិបតីឡើយ។ អង្គការHuman Rights Watch អំពាវនាវឲ្យសហរដ្ឋអាមេរិកបញ្ឈប់ការលក់អាវុធឲ្យប្រទេសអេមីរ៉េតអារ៉ាប់រួម៕