កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ២ វិច្ឆិកា ២០២០
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ពលរដ្ឋខ្មែរមួយចំនួន បង្ហាញទស្សនៈចម្រុះអំពីបេក្ខជនប្រកួតយកតំណែងប្រធានាធិបតីនៅសហរដ្ឋអាមេរិក។ ប្រទេសកម្ពុជារំពឹងថានឹងបោសសម្អាតគ្រាប់មីនអស់ត្រឹមឆ្នាំ ២០២៥។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា យុទ្ធនាការឃោសនាបោះឆ្នោតប្រើប្រាស់ទូរទស្សន៍និងបណ្តាញព័ត៌មានសង្គម។ នៅថ្ងៃអាទិត្យ លោក Trump នឹងឃោសនាបោះឆ្នោតនៅរដ្ឋចំនួន ៥ រីឯលោក Biden នឹងឃោសនានៅរដ្ឋ Pennsylvania។ ការស្ទង់មតិបង្ហាញថា លោក Biden នៅបន្តនាំមុខលោក Trump ទូទាំងប្រទេស ប៉ុន្តែប្រកៀកប្រកិតគ្នានៅរដ្ឋដែលមានការប្រជែងខ្លាំង។ អ្នកគាំទ្ររបបរាជានិយមរាប់ពាន់នាក់ ធ្វើបាតុកម្មគាំទ្រព្រះមហាក្សត្រថៃ។ ចក្រភពអង់គ្លេសមានអ្នកឆ្លងជំងឺកូវីដ១៩ កើនដល់ជាងមួយលាននាក់។ អាស៊ែបៃហ្សង់ថា នឹងប្រយុទ្ធ «ដល់ទីបញ្ចប់» ប្រសិនបើការចរចារឿងជម្លោះនៅតំបន់៕
ព័ត៌មានពេលរាត្រី៖ ២ វិច្ឆិកា ២០២០
ព័ត៌មានអំពីកម្ពុជាមានដូចជា មន្រ្តីកម្ពុជាសង្ឃឹមថាទំនាក់ទំនងកម្ពុជានិងអាមេរិកមិនផ្លាស់ប្តូរ ទោះក្រោមការដឹកនាំរបស់ប្រធានាធិបតីណាក៏ដោយ។ ក្រុមសិទ្ធិមនុស្សស្នើរដ្ឋាភិបាលកម្ពុជាទម្លាក់ចោលបទឧក្រិដ្ឋប្រឆាំងអ្នកសារព័ត៌មាន។ ពលរដ្ឋខ្មែរមួយចំនួនបង្ហាញទស្សនៈចម្រុះអំពីបេក្ខជនប្រកួតយកដំណែងប្រធានាធិបតីនៅអាមេរិក។ នៅក្នុងកម្មវិធី Hello VOA មានកិច្ចពិភាក្សាអំពី«ស្រ្តីក្នុងវិស័យកិច្ចការទំនាក់ទំនងអន្តរជាតិ»។ ព័ត៌មានអន្តរជាតិវិញមានដូចជា កាលពីថ្ងៃអាទិត្យ លោក Trump និងលោក Biden បានបន្តប្រឹងឃោសនានៅរដ្ឋដែលមានការប្រជែងខ្លាំង។ FBI ស៊ើបអង្កេតការប្រឈមរបស់ក្រុមរថយន្តគាំទ្រលោក Trump ជាមួយរថយន្តឃោសនាបោះឆ្នោតរបស់លោក Biden នៅរដ្ឋ Texas។ នៅថ្ងៃឃោសនាបញ្ចប់ លោក Trump ផ្ដោតលើរដ្ឋ ៤ រីឯលោក Biden ផ្ដោតលើរដ្ឋ Pennsylvania និង Ohio។ ព្រះមហាក្សត្រថៃបង្ហើបពីការសម្រុះសម្រួលជាមួយក្រុមបាតុករ។ អ្នកស្លាប់ដោយសារព្យុះ Goni នៅប្រទេសហ្វីលីពីន កើនដល់ ១៦ នាក់៕