កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក
ព័ត៌មានអំពីកម្ពុជាមានដូចជា បុគ្គលិកកាស៊ីណូណាហ្គាវើលស្វះស្វែងរកប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលចំនួន៤០ដុល្លារក្នុងមួយខែ។ អង្គការ ILO និងក្រុមហ៊ុនម៉ាកល្បីៗ រួមគ្នាផលិតសម្ភារៈអប់រំវិធីបង្ការកូវីដ១៩សម្រាប់កម្មកររោងចក្រ។ ព័ត៌មានអន្តរជាតិវិញមាន ទីក្រុងប៉េកាំងពង្រីកតំបន់សម្រាប់ដាក់មនុស្សឲ្យនៅដាច់ដោយឡែកពីគេ នៅពេលដែលករណីឆ្លងជំងឺកូវីដ១៩កំពុងកើនឡើង។ ឥណ្ឌាបានឲ្យដឹងថា ទាហានរបស់ខ្លួនយ៉ាងតិច ៣នាក់ ត្រូវបានសម្លាប់ដោយកងទ័ពចិននៅតាមបណ្តោយព្រំដែនដែលមានជម្លោះ។ រដ្ឋាភិបាលថ្មីរបស់ម៉ាឡេស៊ីបង្ក្រាបពួកអ្នករិះគន់ខ្លួន។ អ្នកកាសែតអេហ្ស៊ីបម្នាក់បានត្រូវចាប់ខ្លួនពីបទចោទផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងភេរវកម្ម។ ចិន និងវៀតណាមស្ថិតនៅចំណាត់ថ្នាក់កំពូលក្នុងការស្ទង់មតិអំពីការគ្រប់គ្រងជំងឺកូវីដ១៩ តែក្នុងហេតុផលផ្សេងគ្នា។ ក្រុមអ្នកតារាសាស្ត្ររកឃើញភស្តុតាងនៃផ្កាយព្រះគ្រោះថ្មី៕
ព័ត៌មានពេលរាត្រី
ព័ត៌មានអំពីកម្ពុជាមានដូចជា ក្រុមរដ្ឋមន្រ្តីថា កង្វះថវិកា និងមន្រ្តីជំនាញនៅថ្នាក់ក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេស នៅតែជាបញ្ហា។ អ្នកពាក់ព័ន្ធថា ការបន្ធូរបន្ថយលក្ខខណ្ឌ និងការបើកផ្លូវធ្វើដំណើរក្នុងអាស៊ានអាចជួយស្ដារវិស័យទេសចរណ៍របស់កម្ពុជា។ ពលរដ្ឋខ្មែរខ្លះរីករាយនឹងតំបន់អង្គរស្ងប់ស្ងាត់ដែលអស់ក្រុមទេសចរបរទេស ដោយសារវិបត្តិជំងឺកូវីដ១៩។ ព័ត៌មានអន្តរជាតិវិញមាន អ្នកវិទ្យាសាស្រ្តចក្រភពអង់គ្លេសបានប្រកាសថា ប្រភេទថ្នាំ Dexamethasone ដែលមានតម្លៃថោក អាចជួយសង្គ្រោះជីវិតអ្នកជំងឺកូវីដ១៩ ដែលឈឺធ្ងន់បាន។ សភាសហរដ្ឋអាមេរិកនឹងផ្ដោតលើបញ្ហាកំណែទម្រង់ប៉ូលិសនៅថ្ងៃពុធនេះ។ ចិនដាក់ការរឹតត្បិតឡើងវិញ ដើម្បីគ្រប់គ្រងការផ្ទុះឡើងជាថ្មីនូវជំងឺកូវីដ១៩។ កូរ៉េខាងជើងនៅតែបន្តការបង្កហេតុ បន្ទាប់ពីបានបំផ្ទុះការិយាល័យទំនាក់ទំនងជាមួយកូរ៉េខាងត្បូងមក។ ធនាគារកណ្ដាលអាមេរិកថា សេដ្ឋកិច្ចនឹងមិនងើបឡើងវិញទេ បើសាធារណជនជឿថា ជំងឺកូវីដ១៩នៅមិនទាន់អាចគ្រប់គ្រងបាន។ អង្គការសហប្រជាជាតិជំរុញឲ្យមានការអត់ធ្មត់នៅតាមបណ្តោយព្រំដែនរវាងប្រទេសឥណ្ឌានិងចិន ខណៈមានការប្រយុទ្ធគ្នារវាងប្រទេសទាំងពីរ និងព័ត៌មានអន្តរជាតិសំខាន់ៗមួយចំនួនទៀត៕