កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ១៦ មីនា ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា លោក ហ៊ុន សែន ស្នើអាជ្ញាធរខេត្តពិចារណាផ្អាកពិធីមង្គលការនិងការជួបជុំមនុស្សច្រើន។ ក្រសួងសុខាភិបាលអំពាវនាវឲ្យពលរដ្ឋចូលរួមទាំងអស់គ្នា ដើម្បីកាត់ផ្តាច់ការឆ្លងកូវីដ១៩ ក្នុងរយៈពេល២សប្តាហ៍។ កម្ពុជាព្យាយាមកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារដោយជំនួសនឹងរូបិយបណ្ណឌីជីថល។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា អាមេរិកដាក់ទណ្ឌកម្មលើកូនៗរបស់មេដឹកនាំយោធាមីយ៉ាន់ម៉ា។ រយៈពេលមួយឆ្នាំ សហរដ្ឋអាមេរិកព្យាយាមទប់ស្កាត់ជំងឺរាតត្បាត។ រដ្ឋមន្ត្រីការបរទេសនិងការពារជាតិអាមេរិកធ្វើដំណើរដល់ជប៉ុន ក្នុងដំណើរទស្សនកិច្ចពង្រឹងសម្ព័ន្ធភាពនៅទ្វីបអាស៊ី។ ចិន «បារម្ភជាខ្លាំង» អំពីសុវត្ថិភាពពលរដ្ឋខ្លួននៅមីយ៉ាន់ម៉ា ក្រោយមានការវាយប្រហារលើរោងចក្រខ្លួននៅទីនោះ។ អ៊ីរ៉ង់ថាការសម្របសម្រួលគឺត្រូវការចាំបាច់ដើម្បីបញ្ចប់ភាពជាប់គាំងនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់។ មេដឹកនាំបាតុកម្មនៅថៃឡើងតុលាការពីបទបង្កការបះបោរនិងប្រមាថព្រះមហាក្សត្រ៕
ព័ត៌មានពេលរាត្រី៖ ១៦ មីនា ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា កម្ពុជារកឃើញអ្នកឆ្លង១០៥នាក់ទៀត ដែលជាចំនួនឆ្លងខ្ពស់ជាងគេក្នុង១ថ្ងៃតាំងពីផ្ទុះជំងឺកូវីដ១៩។ មន្រ្តីសុខាភិបាលថា ថវិកាសប្បុរសជនទុកសម្រាប់ទិញវ៉ាក់សាំងកូវីដ១៩ នៅពេលក្រោយ បន្ថែមលើវ៉ាក់សាំងជំនួយ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ជប៉ុននិងសហរដ្ឋអាមេរិកសម្តែងការព្រួយបារម្ភដូចគ្នាអំពីប្រទេសចិន នៅពេលរដ្ឋមន្ត្រីប្រទេសទាំងពីរជួបគ្នានៅទីក្រុងតូក្យូ។ នាយករដ្ឋមន្ត្រីជប៉ុនលោក Suga ចាក់វ៉ាក់សាំងបង្ការកូវីដ១៩ មុនជួបជាមួយលោក Biden នៅក្នុងសហរដ្ឋអាមេរិក។ ពិធីបុណ្យសពសកម្មជនមីយ៉ាន់ម៉ាដែលត្រូវគេសម្លាប់គ្រោងធ្វើ នៅពេលអំពើហិង្សារីកកាន់តែធំឡើង។ នាយករដ្ឋមន្ត្រីថៃចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ខណៈឥណ្ឌូណេស៊ីផ្អាកវ៉ាក់សាំងនេះសិន។ សហរដ្ឋអាមេរិកបន្ថយទំហំសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូង។ អង្គការសិទ្ធិមនុស្សជំរុញឲ្យឥណ្ឌាបញ្ឈប់ផែនការបញ្ជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ាត្រឡប់ទៅមីយ៉ាន់ម៉ាវិញ និងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕