កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ១៥ កក្កដា ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា កម្ពុជាផ្អាកការធ្វើដំណើរចេញចូលឆ្លងព្រំដែនវៀតណាម១ខែ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។ កម្ពុជាជំរុញក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតបង្កើតគោលនយោបាយការពារកុមារ ដើម្បីប្រឆាំងការកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញ។ សង្គមស៊ីវិលដាក់«លក្ខខណ្ឌអប្បបរមា»ដើម្បីធានាភាពស្របច្បាប់នៃការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា សមាជិកព្រឹទ្ធសភាអាមេរិកខាងគណបក្សប្រជាធិបតេយ្យ ប្រកាសកិច្ចព្រមព្រៀងដែលមានទឹកប្រាក់៣,៥លានលានដុល្លារ។ ប៉ូលិសហៃទីបន្តស្វែងរកក្រុមជនសង្ស័យដែលពាក់ព័ន្ធនឹងការធ្វើឃាតលោកប្រធានាធិបតីហៃទី។ សហរដ្ឋអាមេរិកនិងអូស្ត្រាលីធ្វើសមយុទ្ធយោធារួមគ្នាក្រោមការតាមមើលយ៉ាងហ្មត់ចត់ពីប្រទេសចិន។ ទីក្រុងស៊ីដនីនៃប្រទេសអូស្ត្រាលីនៅបន្តបិទសកម្មភាពសង្គមរយៈពេល២សប្តាហ៍ទៀត។ ពិភពលោកមិនទាន់ត្រៀមខ្លួនរួចរាល់ដើម្បីទប់ទល់នឹងជំងឺរាតត្បាតនៅឡើយទេ៕
ព័ត៌មានពេលរាត្រី៖ ១៥ កក្កដា ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា កម្ពុជាបញ្ជាក់គោលការណ៍«មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង» ខណៈអាមេរិកជំរុញអាស៊ានឲ្យចាត់វិធានការរឹងមាំលើវិបត្តិនៅមីយ៉ាន់ម៉ា។ កម្ពុជារាយការណ៍មនុស្ស៣៩នាក់ស្លាប់ដោយសារកូវីដក្នុងមួយថ្ងៃ ខណៈករណីស្លាប់សរុបកើនលើស១ពាន់នាក់។ នៅក្នុងកម្មវិធី Hello VOA ថ្ងៃនេះមានកិច្ចពិភាក្សាអំពី «ជំងឺកូវីដ១៩បំប្លែងខ្លួនថ្មី និងប្រសិទ្ធភាពរបស់វ៉ាក់សាំង»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា មន្ត្រីការបរទេសអាមេរិកម្នាក់ប្រាប់ VOA ថា សហរដ្ឋអាមេរិកនឹងគាំទ្ររដ្ឋាភិបាលហៃទីដែលមានគ្រប់ភាគីនិងអាចទុកចិត្តបាន។ លោក Biden គាំទ្រផែនការចំណាយ៣,៥លានលានដុល្លារ ខណៈគណបក្សសាធារណរដ្ឋរិះ គន់កញ្ចប់ចំណាយដ៏ធំនេះ។ ការជួយឧបត្ថម្ភតិចតួចជាជោគជ័យកងទ័ពអាហ្វហ្គានីស្ថាននៅថ្ងៃអនាគត។ កម្មករ១៤នាក់ជាប់ក្នុងផ្លូវរូងក្រោមដីកំពុងសាងសង់នៅប្រទេសចិនដោយសារទឹកជំនន់។ គុយបាបានលុបការរឹតត្បិតពន្ធគយលើម្ហូបអាហារនិងឱសថបន្ទាប់ពីមានបាតុកម្ម។ សហរដ្ឋអាមេរិកលើកឡើងអំពីការប្រល័យពូជសាសន៍និងអំពើឃោរឃៅក្នុងប្រទេសចំនួន៦។ ពិភពលោកមិនទាន់ត្រៀមខ្លួនរួចរាល់ដើម្បីទប់ទល់នឹងជំងឺរាតត្បាតនៅឡើយទេ៕