កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ១៥ មេសា ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកផ្ញើសារជូនពរឆ្នាំថ្មីដល់ប្រជាជនកម្ពុជា។ របាយការណ៍ថ្មីបង្ហាញថាគម្របព្រៃឈើសហគមន៍មួយកន្លែងក្នុងខេត្តក្រចេះបាត់បង់ជិតពាក់កណ្តាល។ ព្រះសង្ឃនិងពុទ្ធបរិស័ទខ្មែរនៅអាមេរិកប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ ទោះកូវីដឆ្លងរាតត្បាតខ្លាំង។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា លោក Blinken ជួបសម្ព័ន្ធមិត្តអូតង់ ខណៈអាមេរិកកំណត់ការដកទ័ពចេញពីអាហ្វហ្គានីស្ថាន។ លោក Joe Biden ថា សហរដ្ឋអាមេរិកនឹងបន្តគាំទ្រអាហ្វហ្គានីស្ថានបន្ទាប់ពីការដកកងទ័ព។ រដ្ឋាភិបាលវិមានក្រឹមឡាំងមិនបញ្ជាក់អំពីផែនការជំនួបកំពូលរវាងលោក Putin និងលោក Biden តែព្រមានប្រឆាំងនឹងទណ្ឌកម្មរបស់អាមេរិក។ សកម្មជនមីយ៉ាន់ម៉ារំឭកអ្នកស្លាប់ក្នុងការតវ៉ាដោយលាបថ្នាំពណ៌ក្រហម។ កូរ៉េខាងត្បូងប្រឆាំងផែនការជប៉ុនបញ្ចេញទឹកមានវិទ្យុសកម្មពីរោងចក្រ Fukushima។ ជននិរទេសខ្លួនមីយ៉ាន់ម៉ាកំពុងស្វែងរកជម្រកក្នុងរដ្ឋ Kayin៕
ព័ត៌មានពេលរាត្រី៖ ១៥ មេសា ២០២១
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា លោក ហ៊ុន សែន ថា វិធានការបិទខ្ទប់ក្រុងមិនប៉ះពាល់ស្បៀងអាហារនោះទេ។ ភរិយាអ្នកជំងឺកូវីដ១៩ រៀបរាប់ស្ថានភាពសុខភាពស្វាមីស្នាក់ក្នុងបន្ទប់ជួល ខណៈកម្ពុជាខ្វះកន្លែងសម្រាកព្យាបាល។ នៅក្នុងកម្មវិធី Hello VOA ស្តីពីសុខភាពនាថ្ងៃនេះ មានកិច្ចពិភាក្សាអំពី «ការឆ្លងជំងឺកូវីដ១៩ និងវិធានការការពារខ្លួន»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា អ្នកស្រី Harris មានគម្រោងធ្វើទស្សនកិច្ចទៅកាន់ប្រទេសម៉ិកស៊ិកនិងក្វាតេម៉ាឡា។ កងកម្លាំងសន្តិសុខនៅមីយ៉ាន់ម៉ាចាប់ខ្លួនមេដឹកនាំតវ៉ាដ៏សំខាន់ម្នាក់។ អង្គការអូតង់ថា ខ្លួននឹងដកកងទ័ពចេញពីអាហ្វហ្គានីស្ថាន។ សហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្មរុស្ស៊ីចំពោះការលួចចូលក្នុងប្រព័ន្ធកំព្យូទ័រ និងការជ្រៀតជ្រែកក្នុងការបោះឆ្នោត។ នាយករដ្ឋមន្ត្រីជប៉ុននឹងពិភាក្សាទល់មុខជាមួយលោក Biden នៅថ្ងៃសុក្រស្អែក។ បេសកជនសហរដ្ឋអាមេរិកថា ទំនាក់ទំនងសហរដ្ឋអាមេរិកជាមួយកោះតៃវ៉ាន់ «រឹងមាំជាងពេលណាៗទាំងអស់»។ ប៉ូលិសដែលបាញ់យុវជន Daunte Wright ប្រឈមការចោទប្រកាន់ពីបទមនុស្សឃាតដោយអចេតនា៕