កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ១៥ ធ្នូ ២០២០
ព័ត៌មានអំពីកម្ពុជាមានដូចជា សហគ្រិនកសិកម្មម្នាក់ត្រូវឃុំខ្លួន ក្រោយបង្ហោះសារ«កាច់កុង»លោកនាយករដ្ឋមន្ត្រីរឿងជំងឺកូវីដ១៩។ ចិនបង្ហើបឲ្យដឹងថាខ្លួនកំពុងទាក់ទងរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងវ៉ាក់សាំងសម្រាប់បង្ការជំងឺកូវីដ១៩។ ព័ត៌មានអន្តរជាតិវិញមានដូចជា សហរដ្ឋអាមេរិក ចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ ការបោះឆ្នោតផ្ទាល់មុនកាលកំណត់ផ្តាច់ព្រ័ត្រ ចាប់ផ្តើមសម្រាប់អាសនៈព្រឹទ្ធសភាក្នុងរដ្ឋ Georgia។ កិច្ចប្រជុំរវាងអ៊ីរ៉ង់ និងសហភាពអឺរ៉ុបបានផ្អាកដោយការប្រឆាំងការប្រហារជីវិត។ ស្ថានទូតអាមេរិកបញ្ជាក់ថា ប្រទេសស៊ូដង់ត្រូវបានដកចេញពីបញ្ជីរដ្ឋដែលគាំទ្រភេរវកម្ម។ ប្រធានEUថ្លែងថាការពិភាក្សាជាមួយអង់គ្លេសក្រោយការចាកចេញដំណើរការទៅមុខល្អ៕
ព័ត៌មានពេលរាត្រី៖ ១៥ ធ្នូ ២០២០
ព័ត៌មានអំពីកម្ពុជាមានដូចជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា កម្ពុជាមិនយកវ៉ាក់សាំងការពារជំងឺកូវីដ ដែលមិនទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកនោះទេ។ រដ្ឋាភិបាលប្រកាសបន្តផ្តល់ប្រាក់ឧបត្ថម្ភដល់ពលរដ្ឋ ខណៈជំរុញឲ្យបន្តបញ្ចូលអ្នកក្រីក្របន្ថែមទៀត។ ព័ត៌មានអន្តរជាតិវិញមានដូចជា លោក Bidenថា «លទ្ធិប្រជាធិបតេយ្យបានឈ្នះ» បន្ទាប់ពីអង្គបោះឆ្នោតសម្រេចជាផ្លូវការថាលោកជាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកលោក William Barr ដែលជាសម្ព័ន្ធមិត្តប្ដូរផ្ដាច់ម្នាក់របស់លោកប្រធានាធិបតី Donald Trump បានលាលែងពីតំណែង។ តុលាការព្រហ្មទណ្ឌអន្តរជាតិច្រានចោលសំណើរបស់ជាតិសាសន៍អ៊ុយហ្គ័រដែលចង់ឲ្យស៊ើបអង្កេតលើប្រទេសចិន។ សមាជិកសភានៃគណបក្សទាំងពីរនៅសហរដ្ឋអាមេរិកបង្ហាញសំណើច្បាប់ជំនួយសម្រាប់វិបត្តិកូវីដ១៩។ ជំនួយម្ហូបអាហារបានកើនឡើងយ៉ាងខ្លាំង ចាប់តាំងពីការរាតត្បាតនៃជំងឺកូវីដ១៩ បានចាប់ផ្ដើមនៅសហរដ្ឋអាមេរិកកាលពី ១០ ខែមុនមក។ រដ្ឋសភាជាតិនៃប្រទេសកូរ៉េខាងត្បូងបានអនុម័តច្បាប់មួយដែលនឹងដាក់ទោសសកម្មជនទំាងឡាយណាដែលចែកចាយសម្ភារ:ឬខិត្តប័ណ្ណប្រឆំាងប្រទេសកូរ៉េខាងជើងឆ្លងព្រំដែន។ សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យហុងកុង ៣រូប ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ។ អឺរ៉ុបសំដៅលើពួករំលោភសិទ្ធិមនុស្សដោយប្រើច្បាប់ «Magnitsky»។ ២៥ឆ្នាំ ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុង Dayton៖ ជាផែនការស្វែងរកសន្តិភាព មិនមែនសម្រាប់អនាគតទេ។ ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិកព្រមានថាចិនព្យាយាមធ្វើឧត្តមភាពសកល។ លោកប្រធានាធិបតី Trump បានធ្វើការលើកលែងនិងបន្ធូរបន្ថយទោសតិចជាងប្រធានាធិបតីមុនៗ៕