កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ១៥ តុលា ២០២០
ព័ត៌មានអំពីកម្ពុជាមានដូចជា អាជ្ញាធរខេត្តកំពង់ស្ពឺប្រកាសអាសន្នពីកម្ពស់ទឹកស្ទឹងព្រែកត្នោតក្រោយទំនប់ខ្នងភ្នំគីរីរម្យបាក់។ ពលរដ្ឋចាកចោលផ្ទះគេចពីជំនន់ស្ទឹងព្រែកត្នោតដែលលិចជាយខាងត្បូងក្រុងភ្នំពេញ។ សហជីពថា កម្មករចាប់ផ្តើមប្រមូលសំរាម ក្រោយក្រុមហ៊ុនស៊ីនទ្រីព្រមព្រៀងបើកប្រាក់អត្ថប្រយោជន៍នៅដើមឆ្នាំក្រោយ។ ក្រុមហ៊ុនស្ករថៃ Mitr Phol ថ្លែងការពារខ្លួនក្នុងគម្រោងវិនិយោគនៅកម្ពុជា ខណៈរងបណ្តឹងពីអ្នកភូមិខ្មែរ។ ព័ត៌មានអន្តរជាតិវិញមានដូចជា ព្រឹទ្ធសភាអាមេរិកប្រឹងប្រែងតែងតាំងលោកស្រី Barrett សម្រាប់តំណែងចៅក្រមតុលាការកំពូលមុនថ្ងៃបោះឆ្នោតប្រធានាធិបតីមកដល់។ លោកប្រធានាធិបតី Trump នឹងធ្វើការពិភាក្សាបែបវេទិកាសាធារណៈនៅថ្ងៃព្រហស្បតិ៍ ជួនគ្នានឹងគូប្រជែងរបស់លោក គឺលោក Joe Biden។ ក្រុមហ៊ុនឱសថអាមេរិក Eli Lilly ផ្អាកការសាកល្បងថ្នាំព្យាបាលជំងឺកូវីដ១៩ ដោយសារហេតុផលសុវត្ថិភាព។ ប្រទេសអាស៊ែបៃហ្សង់ចោទប្រទេសអាមេនីថា ព្យាយាមវាយប្រហារទៅលើបំពង់បង្ហូរប្រេងរបស់ខ្លួន ខណៈភាពតានតឹងនៅបន្តកើនមាន។ ក្រុមអវកាសយានិកអាមេរិកនិងរុស្សីធ្វើដំណើរដោយជោគជ័យទៅស្ថានីយអវកាសអន្តរជាតិដោយប្រើពេលតែ៣ម៉ោង៕
ព័ត៌មានពេលរាត្រី៖ ១៥ តុលា ២០២០
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា របាយការណ៍ Freedom House រកឃើញថា កម្ពុជារឹតត្បិតខ្លាំងលើសេរីភាពអ៊ីនធឺណិត គ្រាមានវិបត្តិជំងឺកូវីដ១៩។ នៅក្នុងកម្មវិធី Hello VOA ថ្ងៃនេះ មានការពិភាក្សាអំពី «ព័ត៌មានថ្មីៗនៃដំណើរការផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ១៩»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា របាយការណ៍ថ្មីបង្ហាញថាវិបត្តិកូវីដ១៩ពន្លឿនការធ្លាក់ចុះ១ទសវត្សនៃសេរីភាពតាមអ៊ីនធឺណិតក្នុងពិភពលោក។ នាយករដ្ឋមន្ត្រីថៃដាក់ប្រទេសក្នុងភាពអាសន្ន ក្រោយពីមានការតវ៉ាប្រឆាំងរដ្ឋាភិបាលដ៏ធំមួយ។ សវនាការសម្រេចលើការតែងតាំងបេក្ខជនចៅក្រមតុលាការកំពូលលោកស្រី Barrett ឈានដល់ថ្ងៃបញ្ចប់។ ចិនខឹងសម្បារនៅពេលសហរដ្ឋអាមេរិកតែងតាំងបេសកជនសិទ្ធិមនុស្សសម្រាប់ដែនដីទីបេតិ៍។ ហេតុអ្វីបានជាប្រេសិតផ្នែកគ្រប់គ្រងសព្វាវុធអាមេរិកទៅវៀតណាម ក្នុងដំណើរទស្សនកិច្ចដ៏ខ្លីទៅកាន់តំបន់អាស៊ី? និងព័ត៌មានអន្តរជាតិផ្សេងៗទៀត៕