កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ១៤ ឧសភា ២០២១
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ក្រុមសង្គមស៊ីវិលទាមទារឲ្យរដ្ឋាភិបាលកម្ពុជាចាត់វិធានការលើមន្ត្រីដែលគំរាមឬបំភ័យអ្នកសារព័ត៌មាន។ តុលាការសម្រេចឲ្យពិធីការិនីទូរទស្សន៍ MyTV នៅក្រៅឃុំ ខណៈមានរឿងចម្រូងចម្រាស«ស្នេហា»ជាមួយឧកញ៉ាម្នាក់។ ប៉ូលិសរកឃើញករណីភ្លើងឆេះផ្ទះក្នុងខេត្តកំពង់ឆ្នាំងស្លាប់មនុស្ស៥នាក់ ជាឃាតកម្មសម្លាប់ភរិយានិងកូន។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា អ៊ីស្រាអែលប្រុងប្រៀបផែនការឈ្លានពានចូលតំបន់ Gaza ខណៈអំពើហិង្សារាលដាលទៅដល់ទីក្រុងចម្រុះសាសន៍ជាច្រើននៅក្នុងប្រទេសអ៊ីស្រាអែល។ ប្រទេសថៃរាយការណ៍ពីកំណត់ត្រាខ្ពស់ថ្មីនៃករណីឆ្លងកូវីដ១៩ បន្ទាប់ពីរកឃើញការឆ្លងនៅក្នុងពន្ធនាគារ។ សហរដ្ឋអាមេរិករឹបអូសយកស្រោមដៃរបស់ក្រុមហ៊ុនម៉ាឡេស៊ីដោយសារទាក់ទិននឹងពលកម្មដោយការបង្ខំ។ ចំនួនមនុស្សស្លាប់ដោយសារកូវីដ១៩នៅឥណ្ឌាកើនឡើង នៅពេលដែលរដ្ឋ ២ កម្រិតការចាក់វ៉ាក់សាំង។ យោធានីហ្សេរីយ៉ាគាំទ្រលោក Buhari ខណៈការអំពាវនាវឲ្យលោកលាលែងពីតំណែងកើនឡើង៕
ព័ត៌មានពេលរាត្រី៖ ១៤ ឧសភា ២០២១
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលម្នាក់ចាក់វ៉ាក់សាំងអាស្រ្តាហ្សេនីការួចហើយ តែឆ្លងជំងឺកូវីដ១៩។ សកម្មជនបរិស្ថានជំរុញឲ្យអាជ្ញាធររកឈ្មួញនាំឈើប្រភេទកម្រចេញពីកម្ពុជាទៅហុងកុង។ រ៉េត សារីតា ប្ដេជ្ញាបន្តតស៊ូមតិជួយដល់យុវជនខ្មែរខណៈត្រៀមប្រកួតដណ្តើមម្កុដបវរកញ្ញាចក្កវាឡនៅសហរដ្ឋអាមេរិក។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ទ័ពជើងគោកអ៊ីស្រាអែលចូលរួមការវាយប្រហារលើតំបន់ហ្គាហ្សា។ ករណីឆ្លងជំងឺកូវីដ១៩ នៅប្រទេសថៃកើនឡើងខ្លាំងបំផុត ស្របពេលដែលការចែកចាយវ៉ាក់សំាងមានភាពរណាក់រដុប។ មជ្ឈមណ្ឌល CDC ថាពលរដ្ឋអាមេរិកាំងដែលចាក់វ៉ាក់សំាងហើយអាចវិលត្រឡប់ទៅកាន់ការរស់នៅធម្មតាវិញ។ ប្រធានាធិបតីកូរ៉េខាងត្បូង នឹងជួបលោក Biden នៅសេតវិមាន។ សហរដ្ឋអាមេរិកវាយប្រហារតាមអាកាសលើក្រុមតាលីបង់នៅអាហ្វហ្កានីស្ថាន។ ១០០ថ្ងៃក្រោយឡើងកាន់តំណែង៖ តើលោក Biden ធ្វើតាមការសន្យារបស់លោកអំពីគោលការណ៍នៃការចូលរូមពហុភាគីឬទេ?