កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ១៤ តុលា ២០២១
ព័ត៌មានអំពីកម្ពុជាមាន កម្ពុជាប្រាប់ប្រទេសមិនចូលបក្សសម្ព័ន្ធថា បានទប់ស្កាត់មិនឲ្យមាន«បដិវត្តន៍ពណ៌» និងសម្រេចបានការរួបរួមជាតិ។ មេធាវី និងសាច់ញាតិ៖ សេរីភាពរបស់លោក រ៉ុង ឈុន ពឹងលើជំហរមិនលម្អៀងរបស់សាលាឧទ្ធរណ៍។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ក្រុមតាលីបង់ព្រមានសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបអំពីជនភៀសខ្លួន ប្រសិនបើការដាក់ទណ្ឌកម្មទៅលើប្រទេសអាហ្វហ្គានីស្ថាននៅបន្តនោះ។ ប្រធានាធិបតីអាមេរិកនិងកេនយ៉ា នឹងបើកកិច្ចប្រជុំនៅសេតវិមាន។ កោះតៃវ៉ាន់ព្រមានចិនកុំឲ្យមកក្បែរខ្លួន ខណៈដែលចិនធ្វើសមយុទ្ធយោធា។ ប៉ូឡូញមានគម្រោងសង់របងព្រំដែនដែលមានតម្លៃ ៣៥៣លានអឺរ៉ូ នៅតាមបណ្តោយព្រំដែនជាមួយបេឡារុស។ ប្រទេសរុស្សីថា គេត្រូវការកិច្ចសន្យាថ្មីដើម្បីបង្កើនការផ្គត់ផ្គង់ឧស្ម័នទៅកាន់ទ្វីបអឺរ៉ុប និងព័ត៌មានផ្សេងទៀត៕
ព័ត៌មានពេលរាត្រី៖ ១៤ តុលា ២០២១
ព័ត៌មានអំពីកម្ពុជាមាន អាមេរិកថាពលរដ្ឋកម្ពុជាសមនឹងបានដឹងរឿងច្រើនអំពីកំណើនសំណង់ថ្មីៗនៅមូលដ្ឋានទ័ពរាម។ ក្រសួងសុខាភិបាលថាការមិនកម្រើកខ្លាំងនៃករណីឆ្លងជំងឺកូវីដ១៩ ដោយសារការគ្រប់គ្រងទាន់ពេល។ គណៈកម្មាធិការអចិន្ត្រៃយ៍សភាបើកផ្លូវឲ្យមានការពិភាក្សាច្បាប់កំណត់សញ្ជាតិ ខ្មែរតែមួយសម្រាប់តំណែងរដ្ឋកំពូលៗបួន។ រដ្ឋាភិបាលបញ្ជាអាជ្ញាធរពាក់ព័ន្ធឲ្យដាក់បម្រាមជាបន្ទាន់លើការវាយបំផ្លាញអគារបេតិកភណ្ឌ។ នៅក្នុងកម្មវិធី Hello VOA ថ្ងៃនេះ មានកិច្ចពិភាក្សាអំពី«ការកសាងស្ថាប័នឯករាជ្យនៅកម្ពុជាក្នុង៣ទសវត្សរ៍ចុងក្រោយ»។ រីឯព័ត៌មានអន្តរជាតិវិញមាន សហរដ្ឋអាមេរិកត្រៀមត្រឡប់ចូលជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិឡើងវិញ។ ប្រភពនានាថា អាស៊ាននឹងពិភាក្សាអំពីការដកមេដឹកនាំរបបយោធាមីយ៉ាន់ម៉ាចេញពីកិច្ចប្រជុំអាស៊ាន។ សហរដ្ឋអាមេរិកព្រមានថា កិច្ចប្រឹងប្រែងជួយសង្គ្រោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ប្រឈមនឹងការបរាជ័យ។ សហរដ្ឋអាមេរិករំឭកដល់ជនរងគ្រោះដែលបានស្លាប់ដោយសារជំងឺកូវីដ១៩៕