កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក
ព័ត៌មានអំពីកម្ពុជាមានដូចជា ក្រុមហ៊ុនធំៗដែលបញ្ជាទិញផលិតផលសម្លៀកបំពាក់ជំរុញឲ្យកម្ពុជាអភិវឌ្ឍថាមពលស្អាត ខណៈបង្ហាញក្តីបារម្ភលើរោងចក្រអគ្គិសនីដុតធ្យូងថ្ម។ ទណ្ឌកម្មពាណិជ្ជកម្មរបស់អឺរ៉ុបមកលើកម្ពុជាចាប់ចូលជាធរមាន។ ព័ត៌មានអន្តរជាតិមានដូចជា សេដ្ឋកិច្ចប្រទេសអង់គ្លេសមានការធ្លាក់ចុះខ្លាំងជាងគេក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចខ្ពស់។ ស្ត្រីមួយក្រុមថា គេនឹងវាយបកចំពោះការរិះគន់ប្រកាន់ភេទចំពោះលោកស្រី Kamala។ ចិនរិះគន់អាមេរិកចំពោះទស្សនកិច្ចទៅកាន់តៃវ៉ាន់ ខណៈកូវីដ១៩ កំពុងឆ្លងរាលដាលនៅអាមេរិក។ មនុស្ស ១.០០០ នាក់ ត្រូវបានចាប់ឃុំខ្លួននៅក្នុងការតវ៉ាប្រឆាំងនឹងលទ្ធផលបោះឆ្នោតប្រធានាធិបតីនៅបេឡារុស។ នាយករដ្ឋមន្ត្រីថៃថា បាតុករធ្វើហួសហេតុពេកដែលចង់«ធ្វើកំណែទម្រង់របបរាជានិយម»៕
ព័ត៌មានពេលរាត្រី
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា លោក ស ខេង ថា ការដកប្រព័ន្ធអនុគ្រោះពន្ធ EBA មិនប៉ះពាល់ទំនាក់ទំនងកម្ពុជានិងអឺរ៉ុប។ តុលាការនាំលោក រ៉ុង ឈុន មកសាកសួរ ខណៈកងសន្តិសុខបង្ក្រាបការបម្រូលផ្តុំ។ ក្រសួងមហាផ្ទៃសម្រេចផ្អាកការងារស្នងការខេត្តកំពង់ធំបណ្តោះអាសន្ន ខណៈមានការចោទប្រកាន់រឿងបៀតបៀនផ្លូវភេទ។ នៅក្នុងកម្មវិធី Hello VOA ថ្ងៃនេះ មានការពិភាក្សាអំពី «អំពើពុករលួយក្នុងការធ្វើឯកសារប្លង់ដីធ្លីនៅកម្ពុជា»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា លោក Biden និងលោកស្រី Harris ឃោសនាបោះឆ្នោតរួមគ្នាជាលើកដំបូង។ សហរដ្ឋអាមេរិកមានមន្ទិលសង្ស័យអំពីការអះអាងរបស់រុស្ស៊ីពីប្រសិទ្ធភាពនៃថ្នាំវ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ លោក Jimmy Lai សេដ្ឋីបណ្តាញព័ត៌មានក្រុងហុងកុងថា លោកនឹងមិនរួញរាទេ ថ្វីបើមានការចាប់ខ្លួនក៏ដោយ។ សហរដ្ឋអាមេរិកនិងប្រទេស ស្លូវេនី នឹងចុះហត្ថលេខាលើសេចក្តីប្រកាសរួមអំពីបច្ចេកវិទ្យា 5G៕