កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ១៣ កក្កដា ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា អាមេរិកជំរុញការស៊ើបអង្កេតបន្ថែមលើឃាតកម្មលោក កែម ឡី ខណៈមន្ត្រីកម្ពុជាថាកុំឲ្យធ្វើអាជីវកម្មនយោបាយ។ ស្ថានភាពកូវីដនៅកម្ពុជាវិវត្តទៅរកកម្រិតធ្ងន់ធ្ងរ ទោះវិសាលភាពចាក់វ៉ាក់សាំងបង្ការពង្រីកធំធេង។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា កូរ៉េខាងត្បូងជិតឈានដល់ការបិទខ្ទប់ទ្រង់ទ្រាយធំ ស្របពេលករណីឆ្លងជំងឺកូវីដ១៩ កើនឡើងខ្លាំង។ ឧត្តមសេនីយ៍យោធាអាមេរិកនឹងចុះចេញពីតំណែងជាមេបញ្ជាការក្នុងប្រទេសអាហ្វហ្គានីស្ថាន ដើម្បីជានិមិត្តរូបក្នុងការបញ្ចប់សង្រ្គាមនៅក្នុងប្រទេសនេះ។ សហរដ្ឋអាមេរិកធ្វើការព្រមានដល់ប្រទេសចិនជាថ្មីម្តងទៀតចំពោះការវាយប្រហារដល់កងកម្លាំងហ្វីលីពីនក្នុងសមុទ្រចិនខាងត្បូង។ បន្ទាប់ពីការប្តេជ្ញាចិត្តរបស់ប្រទេស G7រួចមក សហភាពអឺរ៉ុបនឹងស្វែងរកការប្រកួតប្រជែង«កម្មវិធីខ្សែក្រវាត់និងផ្លូវរបស់ចិន» ជាមួយនឹងគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន។ ប្រទេសថៃដាក់ចេញនូវវិធានការតឹងរ៉ឹងបន្ថែមទៀតដើម្បីប្រឆាំងជំងឺកូវីដ១៩ ដែលក្នុងនោះក៏មានបម្រាមគោចរសម្រាប់ក្រុងបាងកកផងដែរ។ ការឆ្លងជំងឺកូវីដ១៩ប្រចាំថ្ងៃនៅក្នុងប្រទេសឥណ្ឌា ធ្លាក់ចុះក្រោម៤ម៉ឺននាក់៕
ព័ត៌មានពេលរាត្រី៖ ១៣ កក្កដា ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា អ្នកជំនាញអង្គការសហប្រជាជាតិថា ការកំណត់កាតព្វកិច្ចចាក់វ៉ាក់សាំងកូវីដ១៩មិនស្របតាមបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ។ ជប៉ុនប្រកាសផ្ដល់ជំនួយវ៉ាក់សាំង ១លានដូសដល់កម្ពុជា ខណៈកម្ពុជាចាក់វ៉ាក់សាំងជាងពាក់កណ្តាលនៃគោលដៅ។ កម្ពុជានឹងរៀបចំកិច្ចប្រជុំអាស៊ី-អឺរ៉ុបតាមអនឡាញ ដោយសារការបន្តរាលដាលជំងឺកូវីដ១៩។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា លោកប្រធានាធិបតី Biden អំពាវនាវឲ្យអ្នកដឹកនាំប្រទេសហៃទីរួមគ្នា ដើម្បីប្រទេសបានសុខសាន្ត។ ការនាំចេញរបស់ចិននៅខែមិថុនាកើនលើសការព្យាករអំពីតម្រូវការ។ ប្រទេសជប៉ុនគ្រោងបញ្ជូនវ៉ាក់សាំងរាប់លានដូសបន្ថែមទៀតឱ្យតៃវ៉ាន់និងប្រទេសជិតខាងនៅអាស៊ី។ បាតុកររាប់រយនាក់នាំគ្នាធ្វើបាតុកម្មនៅខាងមុខស្ថានកុងស៊ុលចិន។ គុយបាចោទសហរដ្ឋអាមេរិកថាអុចអាលចំពោះបាតុកម្មក្នុងប្រទេសខ្លួន តែសហរដ្ឋអាមេរិកបដិសេធ និងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕