កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ១៣ តុលា ២០២១
ព័ត៌មានអំពីកម្ពុជាមាន ថ្នាក់ដឹកនាំបក្សជំទាស់ចោទតុលាការថា ត្រូវអ្នកមានអំណាចបញ្ជាឲ្យមកបំបិទសំឡេងប្រឆាំង។ ស្ថាប័នគាំទ្រសេរីភាពសារព័ត៌មានសុំឲ្យរដ្ឋអំណាចងាកទៅស្នើសុំការកែសម្រួលល្អជាងការប្តឹងផ្តល់។ រីឯព័ត៌មានអន្តរជាតិវិញមាន សហភាពអឺរ៉ុបសន្យាផ្តល់ថវិកា នៅក្នុងពិធីបើកសន្និសីទកំពូលG-20 តាមប្រព័ន្ធអនឡាញ ស្តីពីប្រទេសអាហ្វហ្គានីស្ថាន។ មនុស្ស១១នាក់ស្លាប់ដោយសារខ្យល់ព្យុះនៅក្នុងប្រទេសហ្វីលីពីន។ ប្រទេសចិនសន្យាផ្តល់ថវិកាចំនួន២៣៣លានដុល្លារសម្រាប់ការពារជីវៈចម្រុះសាកល។ ប្រទេសរុស្សីថា ពុំមានដំណោះស្រាយណាមួយក្នុងកិច្ចពិភាក្សាជាមួយភាគីអាមេរិក ស្តីពីជម្លោះស្ថានទូតនោះទេ។ មេដឹកនាំថ្មីរបស់ប្រទេសអូទ្រីស កំពុងរងការរិះគន់នៅក្នុងសភានៅពេលមានការចោទប្រកាន់ថាលោកជាអាយ៉ងរបស់លោក Kurz និងព័ត៌មានផ្សេងទៀត៕
ព័ត៌មានពេលរាត្រី៖ ១៣ តុលា ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា លោក ហ៊ុន សែន ជំរុញពលរដ្ឋឲ្យទៅចាក់វ៉ាក់សាំងកូវីដ ក្នុងទិវាជាតិនៃការគ្រប់គ្រងគ្រោះមហន្តរាយ។ មេធាវីនិងសាច់ញាតិ៖ សេរីភាពលោក រ៉ុង ឈុន ពឹងលើជំហរមិនលម្អៀងរបស់សាលាឧទ្ធរណ៍។ កម្ពុជាប្រាប់ប្រទេសមិនចូលបក្សសម្ព័ន្ធថាបានទប់ស្កាត់មិនឲ្យមាន«បដិវត្តន៍ពណ៌» និងសម្រេចបានការរួបរួមជាតិ។ មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយ៖ បន្ទាយមានជ័យត្រូវចាត់ទុកជាខេត្តរងផលប៉ះពាល់ធ្ងន់ជាងគេ ដោយគ្រោះទឹកជំនន់ក្នុងឆ្នាំ២០២១។ រីឯព័ត៌មានអន្តរជាតិវិញមាន អ្នកសារព័ត៌មានហ្វីលីពីននិងរុស្ស៊ីទទួលបានពានរង្វាន់ណូបែលសន្តិភាព។ សហរដ្ឋអាមេរិកអះអាងពីតម្រូវការប្រឆាំងភេរវកម្មនិងជំនួយមនុស្សធម៌នៅអាហ្វហ្គានីស្ថាន។ រដ្ឋសភាសហរដ្ឋអាមេរិកអនុម័តពង្រីកអំណាចខ្ចីបំណុលរបស់រដ្ឋាភិបាល។ សហរដ្ឋអាមេរិកព្រមានចិនរឿងការបង្កើនយុទ្ធនាការ «ដាក់សម្ពាធ» លើតៃវ៉ាន់។ គណបក្សប្រឆាំងធំបំផុតរបស់ជប៉ុនផ្តោតលើសិទ្ធិមនុស្សនៅក្នុងគោលនយោបាយបក្ស៕