កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ១២ ឧសភា ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា អាជ្ញាធរភ្នំពេញត្រៀមបង្រួមតំបន់ឆ្លងខ្លាំង ទោះមិនទាន់បញ្ចប់ការរាំងខ្ទប់ទាំងស្រុង។ ការឆ្លងជំងឺកូវីដ១៩ កើនឡើងតាមបណ្តាខេត្តមួយចំនួន ក្រោយដកបម្រាមធ្វើដំណើរ។ មន្ត្រីថាពុំមានគម្រោងធ្វើតេស្ដពិនិត្យប្រសិទ្ធភាពលើអ្នកចាក់វ៉ាក់សាំងកូវីដរួចហើយនោះទេ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា មនុស្សយ៉ាងតិច ៩ នាក់ត្រូវបានបាញ់ស្លាប់នៅសាលារៀនមួយនៅរុស្ស៊ី។ មនុស្សយ៉ាងតិច ២២ នាក់បានស្លាប់នៅតំបន់ Gaza ដោយសារការវាយប្រហារសងសឹកតាមអាកាសរបស់អ៊ីស្រាអែលកាលពីថ្ងៃអង្គារ។ អង្គការ WHO ថា ជំងឺកូវីដ១៩ បំប្លែងថ្មីដែលកំពុងឆ្លងរាតត្បាតនៅឥណ្ឌាជាការព្រួយបារម្ភ«កម្រិតពិភពលោក»។ អ្នកកាសែតមីយ៉ាន់ម៉ាបីនាក់ត្រូវបានចាប់ខ្លួននៅប្រទេសថៃ។ ការធ្វើដំណើរតាមយន្តហោះនៅអាមេរិកកាលពីចុងសប្ដាហ៍កន្លងកើនដល់អត្រាខ្ពស់បំផុតក្នុងសម័យកូវីដ១៩។ ប្រទេសហ្គាណាបញ្ជូនយោធាដើម្បីពង្រឹងការដាក់បម្រាមលើការជីករ៉ែខុសច្បាប់នៅជិតតំបន់ទន្លេនិងបឹងបួរធំៗ៕
ព័ត៌មានពេលរាត្រី៖ ១២ ឧសភា ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា ពិធីការិនីម្នាក់ប្តឹងឧកញ៉ា ហេង សៀ ពីបទ«ប៉ុនប៉ងរំលោភសេពសន្ថវៈ»តបនឹងពាក្យបណ្តឹងរបស់ឧកញ៉ារូបនោះ។ មន្រ្តីសុខាភិបាលបន្តព្រមានអំពី«មហន្តរាយ»សុខាភិបាលសាធារណៈ ខណៈស្ថានភាពជំងឺកូវីដ១៩ ស្ថិតក្នុងស្ថានភាពគួរឲ្យព្រួយបារម្ភនៅឡើយ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា អ្នកវិទ្យាសាស្ត្របន្តការសិក្សាដើម្បីបង្ការជំងឺរាតត្បាតថ្មីដូចវីរុសកូរ៉ូណា។ ក្រុម Hamas ថា ខ្លួនបាញ់រ៉ុក្កែត ១៣០គ្រាប់ចូលទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល។ លោក Biden ប្រកាសវិធីថ្មីជួយពលរដ្ឋបន្ថែមទៀតឲ្យចាក់វ៉ាក់សាំងកូវីដ១៩។ ការសិក្សាលើបុគ្គលិកពេទ្យនៅឥណ្ឌូណេស៊ីរកឃើញថា វ៉ាក់សាំង Sinovac របស់ចិនមានប្រសិទ្ធភាព។ ចិនជំរុញឲ្យលុបចោលកិច្ចប្រជុំ អ.ស.ប. អំពីជាតិសាសន៍ Uyghurs។ គណបក្សសាធារណរដ្ឋនៃរដ្ឋសភានឹងបោះឆ្នោតដកលោកស្រី Liz Cheney ចេញពីតំណែងដឹកនាំក្នុងជួរគណបក្ស និងព័ត៌មានអន្តរជាតិសំខាន់ៗមួយចំនួនទៀត៕