កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ១២ តុលា ២០២០
ព័ត៌មានសំខាន់ៗជំុវិញពិភពលោកមានដូចជា នាវានេសាទត្រីចិន ៣០០គ្រឿងនៅក្នុងសមុទ្រអាមេរិកខាងត្បូងនាំឲ្យមានកង្វល់សន្តិសុខម្ហូបអាហារ។ ការស្ទង់មតិរបស់មជ្ឈមណ្ឌលស្រាវជ្រាវ Pew បង្ហាញថា កេរ្តិ៍ឈ្មោះអាមេរិកលើឆាកអន្តរជាតិធ្លាក់ចុះ ក្រោមការដឹកនាំរបស់លោក Trump។ ពីមុនរារែក តែឥឡូវហេតុអ្វីចិនស្រាប់តែចង់ពិភាក្សាក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង ដែលមានជម្លោះ។ តើជម្លោះលើកម្មវិធី TikTok ជាប្រផ្នូលអ្វីសម្រាប់វិស័យបច្ចេកវិទ្យា?
ព័ត៌មានពេលរាត្រី៖ ១២ តុលា ២០២០
ព័ត៌មានអំពីកម្ពុជាមានដូចជា ចិនចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកម្ពុជាផ្ដល់ជំនួយ«ប្រញាប់»១៤០លានដុល្លារ។ ពលរដ្ឋនៅភ្នំពេញត្អូញត្អែរអំពីការជន់លិចផ្ទះដោយសារភ្លៀងខ្លាំង ប្រព័ន្ធលូកកស្ទះ និងការលុបបឹង។ នៅក្នុងកម្មវិធី Hello VOA មានកិច្ចពិភាក្សាអំពី «ផលប៉ះពាល់នៃទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើក្រុមហ៊ុនចិននៅកម្ពុជា»។ ព័ត៌មានអន្តរជាតិវិញមានដូចជា លោក Trump ថា លោក «បានឈ្នះវីរុសចិនដ៏សាហាវនេះហើយ»។ មនុស្សយ៉ាងហោចណាស់ក៏១៨នាក់បានស្លាប់នៅក្នុងហេតុការណ៍បុកគ្នារវាងរថយន្តដឹកអ្នកដំណើរនិងរទេះភ្លើងនៅក្នុងប្រទេសថៃ។ ចិនធ្វើសមយុទ្ធលុកលុយខាងយោធា នៅពេលមានការតានតឹងជាមួយកោះតៃវ៉ាន់។ ការតវ៉ាប្រឆាំងច្បាប់ការងារថ្មីនៅឥណ្ឌូណេស៊ីបានចូលដល់សប្តាហ៍ទី២ហើយ។ ប្រទេស Azerbaijan រាយការណ៍ថា មានការបាញ់ផ្តក់ដោយកងទ័ព Armenia។ ការសិក្សារកឃើញថា វីរុសដែលបណ្តាលឲ្យកើតជំងឺកូវីដ១៩ អាចនៅរស់លើផ្ទៃរបស់វត្ថុនានារហូតដល់មួយខែ៕