កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ១០ កញ្ញា ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា ករណីប៉ូលិសចរាចរណ៍វាយស្រ្តីម្នាក់នឹងអាយកូមរហូតបែកក្បាល ស្ថិតក្នុងដំណាក់កាលសម្របសម្រួល។ តុលាការកាត់ទោសកំបាំងមុខអ្នកគាំទ្រនិងសកម្មជនបក្សប្រឆាំង ៧នាក់ ឲ្យជាប់ពន្ធនាគារ ១៨ខែ ពីបទញុះញង់។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា អង្គការសហប្រជាជាតិ នឹងពិភាក្សាអំពីតំណាងមីយ៉ាន់ម៉ានៅមហាសន្និបាត។ អ្នកតស៊ូមតិជំរុញឲ្យរដ្ឋាភិបាលអូស្ត្រាលី ចាត់វិធានការបន្ថែមដើម្បីទប់ស្កាត់អំពើហិង្សាលើស្រ្តីនិងកុមារ ក្នុងអំឡុងពេលបិទខ្ទប់។ តើពលរដ្ឋវ័យក្មេងនៅក្រុង New York យល់ដូចម្តេចពីហេតុការណ៍ភេរវកម្ម ១១ កញ្ញា?
ព័ត៌មានពេលរាត្រី៖ ១០ កញ្ញា ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា កម្មកររោងចក្រកាត់ដេរ ចង់ឲ្យដំឡើងប្រាក់ឈ្នួល ខណៈទំនិញនៅលើទីផ្សារឡើងថ្លៃ។ អាជ្ញាធររាជធានីភ្នំពេញអនុញ្ញាតឲ្យបើកសាលារៀនអនុវិទ្យាល័យ និងវិទ្យាល័យ ដោយកំណត់ចំនួនសិស្សក្នុងថ្នាក់រៀន។ ខ្មែរ-អាមេរិកាំង គ្រោងដាក់ញតិ្តឲ្យអន្តរជាតិជួយកម្ពុជា ចំខួបទី៣០នៃសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ប្រឈមនឹងទំនាក់ទំនងជាប់គាំង លោក Biden និងលោក Xi ពិភាក្សាអំពីការចៀសវាងជម្លោះក្នុងការនិយាយគ្នាតាមទូរសព្ទ។ សហរដ្ឋអាមេរិក ប្រារព្ធខួប២០ឆ្នាំនៃការវាយប្រហារដោយភេរវកម្មថ្ងៃទី១១ ខែកញ្ញា។ ២០ឆ្នាំក្រោយភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ អ្នកពន្លត់អគ្គិភ័យនៅសង្កាត់ Arlington រដ្ឋ Virginia សហរដ្ឋអាមេរិក រំឭកព្រឹត្តិការណ៍នោះ។ តុលាការព្រហ្មទណ្ឌអន្តរជាតិ រង់ចាំការសម្រេចរបស់ប្រទេសស៊ូដង់ ក្នុងការប្រគល់ខ្លួនអតីតប្រធានាធិបតី គឺលោក Bashir៕