កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ១០ វិច្ឆិកា ២០២០
ព័ត៌មានសំខាន់ៗមានដូចជា តារាសម្តែងខ្មែរកាណាដា Ellen Wong មើលឃើញខ្លួនឯងនៅក្នុងតួអង្គ «កូនជនភៀសខ្លួន»។ ពលរដ្ឋមួយចំនួននៅភ្នំពេញបង្ហាញក្តីសង្ឃឹម ក្រោយលោក ចូ បៃដិន ត្រូវបានព្យាករណ៍ថា ឈ្នះការបោះឆ្នោត។ ក្រសួងសុខាភិបាលរកឃើញមនុស្ស៣នាក់ទៀតឆ្លងជំងឺកូវីដ១៩ ពាក់ព័ន្ធនឹងរដ្ឋមន្រ្តីការបរទេសហុងគ្រី។ ព័ត៌មានអន្តរជាតិវិញមានដូចជា លោក Biden ចាប់ផ្ដើមដំណើរការអន្តរកាលរដ្ឋាភិបាល ខណៈលោក Trump ប្ដឹងជំទាស់លទ្ធផលបោះឆ្នោត។ ក្រុមហ៊ុនឱសថអាមេរិក Pfizer ថា ទិន្នន័យដំបូងៗបង្ហាញថាវ៉ាក់សាំងការពារជំងឹកូវីដ១៩ របស់ខ្លួនមានប្រសិទ្ធភាព។ លោកត្រាំដកលោក Esper ពីតំណែងរដ្ឋមន្ត្រីការពារជាតិ។ លោក Trump ប្រឈមការដាក់សម្ពាធឲ្យធ្វើការជាមួយក្រុមការងារលោក Biden ក្នុងអំឡុងពេលអន្តរកាលនៃការផ្ទេរអំណាច។ ប្រទេសចិននិងរុស្ស៊ីមិនទាន់អបអរលោក Biden ខណៈសម្ព័ន្ធមិត្តអាមេរិកបានផ្ញើសារស្វាគមន៍លោក។ ក្តីបារម្ភពីផ្ទុះសង្គ្រាមស៊ីវិលក្នុងប្រទេសអេត្យូពី កំពុងកើនឡើង ខណៈនាយករដ្ឋមន្រ្តីនៃប្រទេសនេះបង្កើនការវាយប្រហារដោយយោធា៕
ព័ត៌មានពេលរាត្រី៖ ១០ វិច្ឆិកា ២០២០
ព័ត៌មានសំខាន់ៗមានដូចជា ពលរដ្ឋខ្មែរអាមេរិកាំងរំពឹងថាលោក ត្រាំ នឹងផ្ទេរអំណាចទៅលោក ចូ បៃដិន តាមច្បាប់។ ម្ចាស់សាលារៀន និងអ្នករកស៊ីបង្ហាញក្តីបារម្ភអំពីការខាតបង់ជាថ្មី ខណៈការឆ្លងជំងឺកូវីដ១៩ ងើបឡើងវិញ។ ព័ត៌មានអន្តរជាតិវិញមានដូចជា លោក Biden ព្រមានថា មនុស្សប្រហែល ២ សែននាក់ទៀតអាចស្លាប់ដោយសារជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិក។ យុទ្ធនាការឃោសនារបស់លោក Trump ប្តឹងរារាំងរដ្ឋ Pennsylvania មិនឲ្យប្រកាសថា លោក Biden ឈ្នះការបោះឆ្នោតក្នុងរដ្ឋនោះ។ ទីភ្នាក់ងាររដ្ឋាភិបាលទទួលបន្ទុកកិច្ចការផ្ទេរតំណែងប្រធានាធិបតីអាមេរិក មិនទាន់ទទួលស្គាល់ថា លោក Biden ឈ្នះការបោះឆ្នោត។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក អនុញ្ញាតឲ្យមានការស៊ើបអង្កេតលើការចោទប្រកាន់រឿងលួចបន្លំក្នុងដំណើរការបោះឆ្នោត។ សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មមន្ត្រីចិន ៤ នាក់ចំពោះការបង្ក្រាបនៅក្នុងទីក្រុងហុងកុង។ បន្ទាប់ពីការបោះឆ្នោតដ៏ប្រេះឆា តើអាមេរិកនឹងបោះជំហានទៅមុខតាមវិធីណា? អង្គការសហប្រជាជាតិ៖ ទីក្រុងដែលធន់គឺជាគន្លឹះនៃការរើបឡើងវិញពីវិបត្តិកូវីដ១៩៕