សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែងពិធីការិនីទូរទស្សន៍ MY TV គឺកញ្ញា មាន ពេជ្ររីតា ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ក្រោយមានការអន្តរាគមន៍ពីក្រុមមេធាវីរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងចំពេលមានការពិភាក្សាដ៏ចម្រូងចម្រាសអំពីការប្តឹងផ្តល់រវាងពិធីការិនីរូបនោះ និងលោក ហេង សៀ ក្នុងចំណោមសាធារណជន។
កញ្ញា មាន ពេជ្ររីតា អាយុ២០ឆ្នាំ ត្រូវបានចៅក្រមស៊ើបសួរ លោក កូយ សៅ ចោទប្រកាន់ពីបទលួចមានស្ថានទម្ងន់ទោសនិងប្រើកាំបិតចាក់លោកឧកញ៉ា ហេង សៀ ចំនួន២កាំបិត រួចលួចយកទូរស័ព្ទ Iphone មួយគ្រឿង។ ការសម្រេចរបស់ចៅក្រមស៊ើបសួរពីដំបូងឡើយឲ្យឃុំខ្លួននាងពេជ្ររីតា បន្ទាប់ពីមានការចោទប្រកាន់ពីព្រះរាជអាជ្ញារងឈ្មោះ សុង ឆវ័ន្ត ដែលកាន់សំណុំរឿងនេះ ពេលទទួលបានពាក្យបណ្តឹងរបស់ឧកញ៉ា ហេង សៀ។
នាងពេជ្ររីតា បានប្តឹងបកវិញ ដោយចោទលោក ហេង សៀ ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈនិងទារប្រាក់សំណងជំងឺចិត្ត និងសំណងចំពោះការខូចខាតពេលវេលានិងសេវាផ្លូវច្បាប់សរុបចំនួន១១ម៉ឺនដុល្លារ។
លោកមេធាវី វិរោចន៍ សុផង់ ដែលការពារក្តីឲ្យកញ្ញា មាន ពេជ្ររីតា ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា មន្ត្រីតុលាការបានរៀបចំឲ្យកូនក្តីបានស្ថិតនៅក្រៅឃុំ កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ។ លោកអះអាងថា ចៅក្រមស៊ើបសួរគឺលោក កូយ សៅ រកមិនឃើញភស្តុតាងគាំទ្រការបន្តឃុំខ្លួន។
លោកមានប្រសាសន៍ថា៖ «ទីមួយភស្តុតាង វាស្ទើរ។ ទីពីរពាក់ព័ន្ធខ្លាំង គឺបញ្ហាសុខភាពកូនក្តីខ្ញុំតែម្តងសុខ ភាពសុវត្ថិភាព»។
បើតាមមេធាវី នាងមាន ពេជ្រ រីតា នឹងត្រូវបន្តចូលខ្លួនតាមការកោះហៅរបស់តុលាការនៅថ្ងៃមុខ។ មេធាវីដែលការពារក្តីឲ្យនាង ពេជ្ររីតា បញ្ជាក់ថា រហូតមកដល់ពេលនេះកូនក្តីមានស្មារតីល្អឡើងវិញ ហើយក៏នៅបន្តច្រានចោលការចោទប្រកាន់ដែលថា នាងបានលួចយកទូរស័ព្ទនិងចាក់លោកឧកញ៉ា ហេង សៀ ឲ្យរងរបួសនោះ។
លោកឧកញ៉ា ហេង សៀ ដែលត្រូវបានពិធីការិនីទូរទស្សន៍ម្នាក់ ឈ្មោះ មាន ពេជ្ររីតា ដាក់ពាក្យបណ្តឹងទៅតុលាការចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ពីបទ«ប៉ុនប៉ងរំលោភសេពសន្ថវៈ»។ (រូបថតពីបណ្តាញសង្គម)
លោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់វីអូអេតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមថា ចៅក្រមបានសម្រេចដោះលែងកញ្ញា មាន ពេជ្ររីតា ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ប៉ុន្តែមិនបានបញ្ជាក់មូលហេតុនោះទេ។
ទំនាស់រវាងពិធីការិនី មាន ពេជ្ររីតា ដែលមានឈ្មោះហៅក្រៅថាយូប៊ី និងលោក ហេង សៀ ដែលជាអគ្គនាយកក្រុមហ៊ុននាំចូលនិងដឹកជញ្ជូនគ្រឿងសំណង់ហេង ស្រេងហុង និងក្រុមហ៊ុនលក់កញ្ចក់ CamboPura Glass បានល្បីខ្ទរខ្ទារលើបណ្តាញសង្គម និងតាមអង្គភាពព័ត៌មានក្នុងស្រុកជាច្រើន។
អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើននាក់ បានចែករំលែកព័ត៌មាន ពាក់ព័ន្ធនឹងទំនាស់នោះ ដោយមានទាំងឃ្លីបវីដេអូខ្លីៗ ដែលបង្ហាញពីសកម្មភាពទាស់ទែងគ្នារវាងលោក ហេង សៀ និងពិធីការិនីរូបនោះក្នុងរថយន្តផងដែរ។ ពួកគេមួយចំនួនក៏ចែករំលែកឃ្លីបវីដេអូដែលគេឃើញបុរសម្នាក់ចាក់សំឡេងស្រែកយំរបស់នាង មាន ពេជ្ររីតា ថានាងស្អប់ខ្ពើមខ្លួនឯង ពេលមានមនុស្សប្រុសចំណាស់មកលូកលាន់និងស្ទាបអង្អែលរាងកាយនាង។
ក្នុងឃ្លីបវីដេអូនោះ នាងយំស្រែកទៅកាន់ស្ត្រីម្នាក់ទៀតយ៉ាងដូច្នេះ៖ «លួងគេ គេមិនព្រមចង់រំលោភគេទៀត។ រំលោភមិនបានហើយចោទគេទៀត។ នៅស្រុកខ្មែរ អុីចឹងមែន។ ខ្ញុំខ្ពើមខ្លួនឯងណាស់ម៉ាក់។ គេប៉ះខ្ញុំ»។
ក្នុងឃ្លីបវីដេអូផ្សេងទៀត លោក ហេង សៀ ត្រូវគេឃើញបើកទ្វារចេញពីកន្លែងដៃចង្កួតរថយន្ត ឯនាងពេជ្ររីតាចាកចេញរថយន្តពីទ្វារខាងក្រោយ ដោយដៃម្ខាងកាន់ទូរស័ព្ទ និងម្ខាងទៀតកាន់របស់ដែលមើលទៅដូចជាកាំបិតវែងមុខស្រួចមួយ។
ឆ្លើយតបទៅនឹងការចោទប្រកាន់របស់លោក ហេង សៀ កញ្ញា មាន ពេជ្ររីតា អតីតបេក្ខនារី Miss Grand Cambodia ក៏បានប្រកែកថា នាងមានមុខរបរអាចរកប្រាក់កម្រៃបាននិងជានិស្សិតដែលមិនអាចទៅប្រព្រឹត្តបទឧក្រិដ្ឋនេះទេ។
វីអូអេមិនទាន់អាចសុំការអធិប្បាយពីក្រុមគ្រួសារ កញ្ញា មាន ពេជ្ររីតា បានទេ នៅថ្ងៃព្រហស្បតិ៍នេះ។
វីអូអេក៏មិនទាន់អាចសុំការអធិប្បាយពីលោក ហេង សៀ បានដែរ។
បើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានក្នុងស្រុកលោក ហេង សៀ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ការប្តឹងផ្តល់គ្នាទៅវិញទៅមកនេះ បូករួមនឹងវីដេអូដែលត្រូវបានផ្សព្វផ្សាយតាមបណ្តាញសារព័ត៌មាន នាំឲ្យមានចម្ងល់ថា តើករណីនេះមានពាក់ព័ន្ធនឹងទំនាក់ទំនងស្នេហាឬយ៉ាងណា។
លោក ហេងសៀ នៅថ្ងៃព្រហស្បតិ៍នេះ បានចេញលិខិតសុំទោសមួយ ដោយទម្លាយថា លោកលួចមានទំនាក់ទំនងស្នេហាជាមួយកញ្ញា មាន ពេជ្ររីតា ដែលលោកថា «មានការសោកស្តាយបំផុត» ដែលមានរឿងរ៉ាវកើតឡើង។ នេះបើយោងតាមលិខិតមួយច្បាប់ដែលផ្សព្វផ្សាយដោយសារព័ត៌មានកម្ពុជាថ្មី។
លោកបញ្ជាក់នៅក្នុងលិខិតនោះថា នាង ពេជ្ររីតា ចង់ផ្តាច់ទំនាក់ទំនងស្នេហានោះពីគាត់ ដោយទារប្រាក់មួយចំនួន។ លោកមិនបានបញ្ជាក់ចំនួន តែថាច្រើនលើសលប់។
ក្នុងលិខិតចុះថ្ងៃទី១១ ខែឧសភា លោកឧកញ៉ា ហេង សៀ បានសរសេររំឭកដល់ថ្ងៃកើតហេតុក្នុងន័យដើមថា៖ «ហើយថ្ងៃកើតហេតុនេះ បណ្តាលមកពីកញ្ញា មាន ពេជ្ររីតា បានទំនាក់ទំនងខ្ញុំមកជួបបន្ទាប់មកគាត់បានទាមទារប្រាក់ផ្តាច់ចំណងសេ្នហាច្រើនលើសលប់ពេក ដែលបណ្តាលឲ្យខ្ញុំបាទមិនអាចបំពេញបំណងនាងបាន ហើយក៏ខ្ញុំបាទមិននឹកស្មានថា នាងមានកាំបិតមកចាក់ខ្ញុំបាទភ្លាមទេ»។
លោកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិកម្ពុជា មានប្រសាសន៍ថា ករណីបំពារបំពានផ្លូវភេទជាបញ្ហាធ្ងន់ធ្ងរមួយដែលតម្រូវឲ្យស្ថាប័នយុត្តិធម៌បើកការអង្កេតឲ្យបានហ្មត់ចត់និងដំណើរការកាត់ក្តី ដោយឈរលើគោលការណ៍ភាពឥតលម្អៀង និងតម្លាភាពសម្រាប់គ្រប់ភាគីទំនាស់។
«ប៉ុន្តែសំខាន់បំផុត គឺការធានាដល់ការផ្តល់នូវយន្តការគាំពារបន្ថែមទៀតទៅដល់ជនរងគ្រោះ ព្រោះយើងឃើញហើយថា នៅក្នុងស្ថានភាពបែបនេះហើយយើងបាន តាមសារដែលយើងបានឃើញនេះ គឺជនរងគ្រោះហ្នឹង គឺហាក់ដូចជាស្ថិតនៅក្នុងការរងនូវសម្ពាធផ្លូវចិត្តខ្លាំងណាស់ អ៊ីចឹងការដែលផ្តល់គាំពារខាងពិគ្រោះយោបល់ផ្លូវចិត្ត ហើយនិងផ្តល់ការធានាសុវត្ថិភាពទៅដល់ពួកគាត់គឺក៏ចាំបាច់ផងដែរ»។
ក្រុមអង្គការសង្គមស៊ីវិលចំនួន២៦ ក៏បានចេញលិខិតចំហមួយ ផ្ញើជូនរដ្ឋមន្ត្រីចំនួន៣រូប គឺរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្រសួងកិច្ចការនារី និងក្រសួងយុត្តិធម៌ ដោយស្នើសុំឲ្យមានចំណាត់ការផ្លូវច្បាប់ក្នុងទំនាស់រវាងលោកឧកញ៉ា ហេង សៀ និងនាង មាន ពេជ្ររីតា។
រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន រិះគន់ការអំពាវនាវរបស់ក្រុមអង្គការសង្គមនិងប្រជាពលរដ្ឋថា កំពុងដើរតួជំនួសឲ្យស្ថាប័នតុលាការ ខណៈគូជម្លោះកំពុងតតាំងក្តីគ្នានៅចំពោះមុខចៅក្រម៕