ពលរដ្ឋអាមេរិកាំងភាគច្រើនរង់ចាំរហូតដល់ពេលចូលនិវត្តន៍ទើបពួកគេចាប់ផ្តើមផែនការដំណើរកម្សាន្តដ៏មហិមារបស់ពួកគេ។
ប៉ុន្តែសម្រាប់លោក Mikah Meyer មិនអញ្ចឹងនោះទេ។ នៅត្រឹមវ័យ៣០ឆ្នាំប៉ុណ្ណោះ លោក Mikah Meyer ដែលជាអ្នករស់នៅក្នុងតំបន់វ៉ាស៊ីនតោនបានធ្វើដំណើរផ្សងព្រេងនៅក្នុងជីវិតរួចទៅហើយ។
ដំណើរកម្សាន្តតាមផ្លូវដែលជាប់កំណត់ត្រាពិភពលោក
លោក Meyer មានគម្រោងធ្វើដំណើរជុំវិញសហរដ្ឋអាមេរិកនិងទៅទស្សនាគ្រប់ទីតាំងទាំងអស់នៃទីភ្នាក់ងារឧទ្យានជាតិអាមេរិក។ នេះគឺជាដំណើរកម្សាន្តមួយដែលលោកត្រូវធ្វើដំណើរទៅរដ្ឋទាំង៥០ក្នុងរយៈពេលបីឆ្នាំ។ ប្រសិនបើលោកសម្រេចគោលដៅរបស់លោក លោកនឹងក្លាយជាមនុស្សក្មេងបំផុតដែលបានទៅទស្សនាតំបន់ចំនួន៤១១ និងជាមនុស្សតែម្នាក់គត់ដែលបានធ្វើដំណើរកម្សាន្តនេះនៅក្នុងដំណើរកម្សាន្តជាប់ៗគ្នាតែមួយ។
ហើយលោកគ្រោងនឹងធ្វើដំណើរកម្សាន្តនេះ ដោយប្រើរថយន្កកែច្នៃដែលអាចស្នាក់នៅបាន។
លោក Meyer នឹងប្រើប្រាស់រថយន្តដែលប្រៀបដូចជាផ្ទះរបស់លោក សម្រាប់ធ្វើដំណើរកម្សាន្តទៅកាន់ឧទ្យានជាតិនិងកន្លែងផ្សេងៗទៀត។
Mikah Meyer អង្គុយលើថ្ម ពេលដើរឡើងដល់កំពូលភ្នំ Old Rag Mountain ក្នុងឧទ្យាន Shenandoah National Park នៅខែតុលា ឆ្នាំ ២០១៤។
លោក Meyer បានពន្យល់ថា៖
«ដូច្នេះ នៅពេលខ្ញុំចាប់ផ្តើមរៀបផែនការដំបូង ខ្ញុំក៏បានគិតដល់ឧទ្យានជាតិធំៗទាំង៥៩ ដែលរួមមានឧទ្យានជាតិ Grand Canyon ឧទ្យានជាតិ Acadia ហើយនិងឧទ្យានជាតិ Yellowstone ប៉ុន្តែក្រោយមកខ្ញុំបានដឹងថា ប្រព័ន្ធឧទ្យានជាតិមានអត្ថន័យជ្រាលជ្រៅជាងពាក្យថា ឧទ្យានជាតិនេះទៅទៀត។ វាជាអ្វីៗគ្រប់យ៉ាង រាប់ចាប់តាំងពីឆ្នេរសមុទ្ររហូតដល់វិមានរូបសំណាកនានានិងតំបន់ប្រវត្តិសាស្ត្រ ក៏ដូចជាតំបន់សមរភូមិនានាផងដែរ។ វាជាប្រព័ន្ធទាំងមូលដែលមានអត្ថន័យជ្រាលជ្រៅ ជាងការមើលឃើញទៅទៀត»។
ការព្យាបាលដោយការធ្វើដំណើរ
នេះមិនមែនជាដំណើរកម្សាន្តតាមផ្លូវលើកដំបូងរបស់លោក Meyer នោះទេ។
លោក Meyer ដែលមកពីរដ្ឋ Nebraska រូបនេះបានធ្វើដំណើរទៅកាន់កន្លែងជាច្រើនសហរដ្ឋអាមេរិកនិងបានធ្វើដំណើរទៅកាន់ផ្នែកនានារបស់ពិភពលោកផងដែរ។ វាជាទម្លាប់ប្រចាំឆ្នាំមួយដែលកើតឡើងចេញបទពិសោធន៍ជូរចត់ផ្ទាល់ខ្លួន។
«ឳពុករបស់ខ្ញុំបានស្លាប់ពេលគាត់មានអាយុ ៥៨ឆ្នាំ មុនពេលគាត់ចូលនិវត្តន៍ គឺពេលខ្ញុំមានអាយុ១៩ឆ្នាំ ហើយវាបានធ្វើឲ្យខ្ញុំយល់ថា ជីវិតមានរយៈពេលខ្លី ហើយមិនប្រាកដថា យើងបានចូលនិវត្តន៍ឬមានពេលដែលយើងអាចបំពេញក្តីសុបិន្តរបស់យើងដែរ។ ដូច្នេះ ខ្ញុំគិតថា ខ្ញុំចង់បំពេញក្តីសុបិន្តរបស់ខ្ញុំ។ ហើយឥឡូវនេះខ្ញុំមានអាយុ៣០ឆ្នាំ នៅពេលដែលខ្ញុំនៅមានជីវិត ខ្ញុំចង់ធ្វើឲ្យប្រាកដថា ខ្ញុំបានសម្រេចក្តីសុបិន្តនេះបាន»។
ការរំឭកគុណឪពុកក្នុងទិវាដឹងគុណឳពុក
នេះជាផ្នែកមួយនៃមូលហេតុសម្រាប់ការធ្វើដំណើររបស់គាត់ ដែលជាការធ្វើដំណើរលើកទី១២ប្រចាំឆ្នាំរបស់លោក ដើម្បីរំឭកដល់ឪពុករបស់លោក ស្របពេលដែលលោកបំពេញក្តីសុបិន្តផ្ទាល់ខ្លួនក្នុងការ«ទស្សនាបណ្តាឧទ្យានជាតិដ៏អស្ចារ្យនានារបស់អាមេរិក»។
ឧទ្យាន Constitution gardens នៅក្នុងតំបន់វ៉ាស៊ីនតោន នៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០១៦។
លោកបានចាប់ផ្តើមការធ្វើដំណើររបស់លោកកាលពីខែមេសា ចាប់ផ្តើមពីរដ្ឋធានីវ៉ាស៊ីនតោននិងបានទៅទស្សនាតំបន់ប្រវត្តិសាស្ត្រជាច្រើននៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនប៉ុន្មានសប្តាហ៍មុននឹងលោកចាប់ផ្តើមដំណើរកម្សាន្តរបស់លោកដែលលោកកំណត់យកទិវាដឹងគុណឳពុកគឺថ្ងៃទី១៩ ខែមិថុនា ជាថ្ងៃចេញដំណើររបស់លោក។
លោកបាននិយាយថា៖
«ខ្ញុំបានរស់នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនអស់រយៈពេល៤ឆ្នាំ ហើយមិនដឹងថា មានឧទ្យានជាតិចំនួន៤០ក្នុងចម្ងាយប្រមាណ៥០គីឡូម៉ែត្រពីផ្ទះរបស់ខ្ញុំនោះទេ។ យើងតែងតែឮមនុស្សម្នានិយាយថា ពួកគេមិនដែលបានទៅកន្លែងដែលនៅក្បែរផ្ទះរបស់ពួកគេ ហើយខ្ញុំគិតថា វាងាយស្រួលនឹងភ្លេចកន្លែងអស្ចារ្យដែលនៅជិតយើងទាំងអស់នេះណាស់»។
ត្រាទី១ បញ្ជាក់នៅក្នុងលិខិតឆ្លងដែននៅវិមានរំឭកអនុស្សាវរីយ៍ Washington Monument Lodge នៅរដ្ឋធានីវ៉ាស៊ីនតោននៅខែមេសា ឆ្នាំ២០១៦។
លោកទទួលបានត្រាបញ្ជាក់នៅក្នុងលិខិតឆ្លងដែនសម្រាប់ឧទ្យានជាតិ ឬ ហៅ Passport To Your National Parks រាល់ពេលលោកទៅទស្សនាតំបន់នានានៅក្នុងឧទ្យានជាតិ ហើយឥឡូវនេះលោកទទួលបានត្រាជាង១២។ សៀវភៅមួយក្បាលនេះបោះពុម្ពដោយអង្គការ National Park Travelers Club ដែលជាអង្គការជួយអ្នកទេសចរតាមដានការធ្វើដំណើរកម្សាន្តទៅកាន់ឧទ្យានជាតិនានា។
ត្រាដំបូងដែលលោកទទួលបានគឺនៅពេលដែលលោកទៅទស្សនាវិមានវ៉ាស៊ីនតោន។ លោកថា៖ «ដោយសារតែខ្ញុំចង់ឃើញអ្វីម្យ៉ាងដែលជានិមិត្តរូប អ្វីមួយដែលពលរដ្ឋអាមេរិកាំងនិងមនុស្សម្នាក្នុងពិភពលោកទទួលស្គាល់ ប៉ុន្តែប្រហែលជាពួកគេមិនទាំងដឹងថា នោះគឺជាឧទ្យានជាតិផង»។
Your browser doesn’t support HTML5
យុវជនផ្សងព្រេងមួយរូបគ្រោងបំបែកឯតទគ្គកម្មពិភពលោកដោយធ្វើដំណើរទៅកាន់ឧទ្យានជាតិទាំងអស់នៅស.រ.អា
ការរកប្រាក់សម្រាប់បំពេញក្តីសុបិន្ត
លោក Meyer បានសន្សំប្រាក់សម្រាប់ដំណើរកម្សាន្តរបស់លោកក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ គឺលោកធ្វើការងារចំនួន២កន្លែងនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ ប៉ុន្តែលោកនិយាយថា លោកមានប្រាក់គ្រប់តែសម្រាប់ដំណើរកម្សាន្តឆ្នាំទី១តែប៉ុណ្ណោះ។
លោកបានថ្លែងថា៖«ដូច្នេះ ខ្ញុំពឹងផ្អែកទៅលើថវិកាបរិច្ចាគមួយប្រភេទដែលគេហៅថា Crowdfunding ដែលជាការឧបត្ថម្ភរបស់សាជីវកម្មនានានិងមនុស្សម្នាដែលបានចូលទៅកាន់គេហទំព័ររបស់ខ្ញុំនិងជួយខ្ញុំតាមវិធីដែលពួកគេអាចធ្វើបាន ទោះណាជាការបរិច្ចាគឬគ្រាន់តែជាការតាមដានបណ្តាញសង្គមរបស់ខ្ញុំក៏ដោយ»។
លោកចង់ចំណាយថវិកាផ្ទាល់ខ្លួនសម្រាប់ដំណើរកម្សាន្តរបស់លោក ដូច្នេះលោកអាចផ្តោតអារម្មណ៍ទៅលើការទស្សនានិងការស្វែងយល់ពីឧទ្យានជាតិទាំងនោះបានល្អ។
ការចែករំលែកបទពិសោធន៍របស់លោក
លោក Meyer មានគម្រោងចែករំលែកបទពិសោធន៍នៃការធ្វើដំណើរកម្សាន្តរបស់លោកតាមបណ្តាញសង្គម។
«វាមានសារៈសំខាន់ណាស់សម្រាប់ខ្ញុំក្នុងការបង្ហាញមនុស្សគ្រប់គ្នានៅជុំវិញពិភពលោកថា សហដ្ឋអាមេរិកមានប្រព័ន្ធឧទ្យានជាតិដ៏អស្ចារ្យមួយ ដែលមានអ្វីៗត្រូវទស្សនាជាច្រើន មិនមែនមានតែឧទ្យានជាតិ Grand Canyon នោះទេ»។
រូបថតរបស់ Mikah Meyer ពេលលោតក្នុងអាកាស ក្នុងពេលទៅលេងភ្នំឧទ្យានជាតិមានឈ្មោះថា Rocky Mountain National Park ដែលជាផ្នែកមួយនៃដំណើរ «បេសកកម្ម និងការលំហែ» តាមរយៈបណ្តាញនិស្សិតបុព្វជិតនៃមូលនិធិ Methodist Wesley Foundation នៅឆ្នាំ ២០០៩។
អ្នកដែលចាប់អារម្មណ៍តាមដានលើការធ្វើដំណើរកម្សាន្តរបស់លោក អាចចូលទៅកាន់គេហទំព័រ www.TBCMikah.com និងចុចពាក្យថា Follow នៅលើគណនី Twitter បណ្តាញសង្គមFacebook Instagram និងគេហទំព័រ YouTube បាន។
លោកបាននិយាយថា៖«សម្រាប់ខ្ញុំ គោលបំណងនៃការធ្វើដំណើរនេះគឺដើម្បីបំពេញក្តីសុបិន្តមួយរបស់ខ្ញុំ ដូច្នេះខ្ញុំអាចដឹងថា នៅពេលណាក៏ដោយដែលខ្ញុំស្លាប់ ខ្ញុំអាចនិយាយថា ខ្ញុំបានធ្វើអ្វីម្យ៉ាងដែលខ្ញុំតែងសុបិន្តចង់ធ្វើ»។
លោកមានគម្រោងបញ្ចប់ការធ្វើដំណើររបស់លោកនៅទីរំឭកអនុស្សាវរីយ៍ Lincoln Memorial ដែលស្ថិតនៅជិតនឹងកន្លែងដែលលោកបានចាប់ផ្តើមដំណើរកម្សាន្តនេះ៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ