បន្ទាប់ពីការតវ៉ាអស់ពេលជាងមួយសប្តាហ៍ ដើម្បីសុំឲ្យថៅកែរោងចក្រផ្តល់ប្រាក់អតីតភាពមុនឆ្នាំ២០១៩មិនបានជោគជ័យនោះ ក្រុមកម្មកររាប់រយនៅរោងចក្រ W&D បានសម្រេចចិត្តបិទផ្លូវមួយកំណាត់ក្នុងសង្កាត់ស្ទឹងមានជ័យ ឆ្ពោះទៅកាន់សារមន្ទីរប្រល័យពូជសាសន៍ជើងឯក។ កូដកម្មបិទផ្លូវនេះ បានកើតឡើង កាលពីថ្ងៃសៅរ៍ ហើយការធ្វើកូដកម្មនេះ ក៏មានគោលដៅប្រឆាំងនឹងការបណ្តេញចេញកម្មករប្រមាណ១៦០០នាក់របស់រោងចក្រនេះផងដែរ។
«ជួយខ្ញុំផង ខ្ញុំវេទនាណាស់រាល់ថ្ងៃហ្នឹង ខ្ញុំមេម៉ាយចិញ្ចឹមកូនពីរម្នាក់ឯង ធ្វើការដើម្បីយកលុយចិញ្ចឹមកូន»។
នេះគឺជាសម្រែករបស់អ្នកស្រី យ៉ា គីមស្រ៊ីម វ័យ៣៦ ឆ្នាំ ដែលបានធ្វើកូដកម្មជាមួយកម្មកររាប់រយនាក់នៅរោងចក្រ ដាប់ប៊ិលយូ អ៊ែនដ៍ ឌីកម្ពុជា (W&D Cambodia Co., LTD)កាលពីថ្ងៃសៅរ៍កន្លងទៅថ្មីៗនេះ។
កម្មករនៅរោងចក្រកាត់ដេរដាប់ប៊ិលយូ អ៊ែនដ៍ ឌីកម្ពុជា(W&D Cambodia Co., LTD) រាប់រយនាក់នៅសង្កាត់ស្ទឹងមានជ័យ ក្រុងភ្នំពេញ នៅថ្ងៃសៅរ៍ទី៥ ខែមករា ឆ្នាំ២០១៩ ធ្វើកូដកម្មបិទផ្លូវ ទាមទារប្រាក់អតីតភាពការងារពីថៅកែរោងចក្រ។ (ហ៊ុល រស្មី/VOA)
កូដកម្មរបស់កម្មករនៅរោងចក្រ W&D Cambodia Co., LTDដែលមានកម្មករជិត២០០០នាក់នោះ ក៏បានឈានដល់ការបិទកំណាត់ ផ្លូវច្រមុះជ្រូក ត្រង់ចំណុច ភូមិ ឬស្សីក្នុងសង្កាត់ស្ទឹងមានជ័យឆ្ពោះទៅសង្កាត់ជើងឯកដើម្បីទាមទារឲ្យថៅកែរោងចក្រផ្តល់ប្រាក់អតីតភាពការងារប្រចាំឆ្នាំនិងប្រឆាំងនឹងការបណ្តេញកម្មករប្រមាណ១៦០០នាក់។
ក្រុមកម្មករមួយចំនួន រួមទាំងអ្នកស្រី យ៉ា គីមស្រ៊ីម ដែលត្រូវបានថៅកែរោងចក្របញ្ឈប់ពីការងារ បានប្រាប់ VOA ក្នុងពេលធ្វើកូដកម្មបិទផ្លូវកាលពីថ្ងៃសៅរ៍ថា ក្រុមកម្មករនៅរោងចក្រ W&D Cambodia Co., LTDមិនដែលទទួលបានប្រាក់អតីតភាពការងារប្រចាំឆ្នាំនោះទេ។
អង្គុយនៅលើទ្រូងផ្លូវជាមួយកម្មករឯទៀត អ្នកស្រីយ៉ា គីមស្រ៊ីម និយាយថា៖
«មុនដំបូងខ្ញុំទាមទារ តែលុយអតីតភាពនិងលុយអត្ថប្រយោជន៍ទេ ហើយខ្ញុំថា មួយចំណុចក៏ខ្ញុំទទួលបាន ទទួលព្រមថា យកដែរ តែគេក៏ដូរកាត ស តែពួកខ្ញុំអត់ព្រមទេ ថា មួយចំណុចក៏ដោយ កុំឲ្យដូរកាតស អីតែគេថា គេដូរ។ ហើយឥឡូវហ្នឹងគេមួយចំណុច ក៏គេមិនគិតឲ្យពួកខ្ញុំដែរ ហើយគេឥឡូវ គេបញ្ឈប់ពួកខ្ញុំអស់ហើយ គេបញ្ឈប់១០០០នាក់ជាង គេបញ្ឈប់ទាំងអស់គ្នាហ្នឹង ហើយសុំឲ្យសម្តេចតេជោ និងប៊ុន រានី ហ៊ុន សែន សុំលោកជំទាវជួយកូនចៅផង សុំជួយដោះស្រាយឲ្យកម្មករទាំងអស់ហ្នឹងផង»។
កម្មករនៅរោងចក្រកាត់ដេរដាប់ប៊ិលយូ អ៊ែនដ៍ ឌីកម្ពុជា(W&D Cambodia Co., LTD) រាប់រយនាក់នៅសង្កាត់ស្ទឹងមានជ័យ ក្រុងភ្នំពេញ នៅថ្ងៃសៅរ៍ទី៥ ខែមករា ឆ្នាំ២០១៩ ធ្វើកូដកម្មបិទផ្លូវ ទាមទារប្រាក់អតីតភាពការងារពីថៅកែរោងចក្រ។ (ហ៊ុល រស្មី/VOA)
អ្នកស្រី យ៉ា គីមស្រ៊ីម បញ្ជាក់បន្ថែមថា ចំណុចទាំងប្រាំដែលកម្មករទាមទារនោះ គឺរួមមានការសុំឲ្យថៅកែរោងចក្រ ផ្តល់ប្រាក់អតីតភាពសម្រាប់ឆ្នាំមុនៗ ពោលគឺមុនឆ្នាំ២០១៩ និងការសុំឲ្យថៅកែកុំប្តូរកាតទៅកាតស ដែលតំណាងឲ្យកម្មករចូលធ្វើការថ្មីថ្មោង។ ទោះយ៉ាងណា កម្មករដែលជាស្ត្រីមេម៉ាយកូនពីររូបនេះនិយាយថា ថៅកែរោងចក្រមិនព្រមធ្វើតាម ហើយថែមទាំងបញ្ឈប់កម្មករដោយគ្មានការជូនដំណឹងទៀតផង។
ការទាមទាររបស់កម្មកររោងចក្រ W & D នេះ គឺស្រដៀងគ្នានឹងការតវ៉ារបស់កម្មកររោងចក្រចំនួនជាង២០០០នាក់នៅរោងចក្រកាត់ដេរ សេឌូណូ ខេមបូ នីតធីង (Seduno Cambo Knitting Co., Ltd) ក្នុងស្រុកបាទី ខេត្តតាកែវ និងកម្មកររាប់រយនាក់ផ្សេងទៀតរបស់សាខារោងចក្រដដែលនេះ ក្នុងខណ្ឌដង្កោរាជធានីភ្នំពេញ។
VOA មិនទាន់អាចទាក់ទងភាគីតំណាងរោងចក្រW & D ដើម្បីសុំការអធិប្បាយបានទេ នៅថ្ងៃចន្ទនេះ។
អ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ ធ្លាប់បានបញ្ជាក់ VOA ថា ក្រុមមន្ត្រីក្រសួងការងារកំពុងធ្វើការជាមួយភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយការតវ៉ាទាមទារប្រាក់អតីតភាព ហើយថា កម្មករគួរតែអត់ធ្មត់និងគោរពតាមប្រកាសថ្មីរបស់រដ្ឋាភិបាលដែលតម្រូវឲ្យថៅកែរោងចក្របង់ប្រាក់អតីតភាពការងារពីរដងក្នុងមួយឆ្នាំ គិតចាប់តាំងពីឆ្នាំ២០១៩នេះទៅ។ លោកអះអាងថា ប្រកាសថ្មីនេះ មានបំណងរក្សាលំនឹងហិរញ្ញវត្ថុរបស់រោងចក្រកាត់ដេរ ដែលនឹងធានាបានសន្តិសុខការងារដល់កម្មករ។
តាមប្រកាសរបស់ក្រសួងការងារចុះថ្ងៃទី២១ ខែកញ្ញា និងមានហត្ថលេខារបស់លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារបានបញ្ជាក់ថា ដំណើរនៃការផ្តល់ប្រាក់បំណាច់អតីតភាពការងារនឹងត្រូវធ្វើឡើងពីរដងក្នុងមួយឆ្នាំ។
ការផ្តល់ប្រាក់បំណាច់អតីតភាពការងារ២ (ពីរ) ដងក្នុងមួយឆ្នាំ ត្រូវអនុវត្តចាប់ពីឆ្នាំ២០១៩តទៅ ដោយនិយោជកត្រូវផ្តល់ឲ្យកម្មករនិយោជិត ដែលកំពុងបម្រើការងារនូវប្រាក់បំណាច់អតីតភាពការងារដែលស្មើនឹងប្រាក់ឈ្នួលនិងប្រាក់បន្ទាប់បន្សំចំនួន១៥ ថ្ងៃ ក្នុង១ (មួយ)ឆ្នាំ។ ប្រាក់បំណាច់នេះ ត្រូវបើកជូនកម្មករនិយោជិត ចំនួន ៧,៥ (ប្រាំពីរកន្លះ)ថ្ងៃ នៅក្នុងខែមិថុនា នៃឆ្នាំនីមួយៗ និងចំនួន៧,៥(ប្រាំពីរកន្លះ) ថ្ងៃនៅក្នុងខែធ្នូ នៃឆ្នាំនីមួយៗ។
លោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជាយល់ថា ការអនុវត្តប្រកាសថ្មីនេះ កំពុងប្រឈមនឹងផលវិបាក ហើយថា ប្រសិនបើរដ្ឋាភិបាល និងថៅកែរោងចក្រ W & D ព្រមទាំងថៅកែរោងចក្រផ្សេងទៀត មិនអាចរកច្រកចេញ ដើម្បីបំពេញតាមការចង់បានរបស់កម្មករជុំវិញការទាមទារប្រាក់អតីតភាពការងារប្រចាំឆ្នាំនោះទេ នោះផលវិបាកនឹងកើតឡើងកាន់តែច្រើនទៅថ្ងៃខាងមុខ។
លោកបានបន្ថែមថា កម្មករនៅរោងចក្រផ្សេងទៀតក្រៅពីរោងចក្ររៀបរាប់ខាងលើនេះ នឹងផ្ទុះការតវ៉ាស្រដៀងគ្នានេះដែរ។
«ខ្ញុំគិតថា ទាំងអស់នេះ វាទាមទារឲ្យយើងធ្វើការពន្យល់ឲ្យបានច្រើន ហើយយើងរកវិធីសាស្ត្រក្នុងការទប់ស្កាត់វា ព្រោះថា បើសិនបើយើងមិនព្យាយាមដោះស្រាយរោងចក្រទាំងពីរ ទាំងបីនេះទេ វាអាចនឹងធ្វើឲ្យបញ្ហានេះ កាន់តែរីកធំទៅបាទ»។
ក្រៅពីបញ្ហាប្រឈមនៃការបើកប្រាក់អតីតភាពការងារប្រចាំឆ្នាំដល់កម្មករក្នុងឧស្សាហកម្មកាត់ដេរនេះ ឧស្សាហកម្មនេះ ក៏នឹងជួបវិបត្តិធ្ងន់ធ្ងរផងដែរ ប្រសិនបើសហភាពអឺរ៉ុបឈប់លើកលែងការអនុគ្រោះពន្ធលើការនាំចូលទំនិញកម្ពុជាចូលទៅទីផ្សាររបស់ខ្លួន។ នេះបើយោងតាមការបញ្ជាក់របស់ក្រុមសហជីពដែលបំរើប្រយោជន៍កម្មករកាលពីពេលកន្លងមកនោះ៕