«ខ្ញុំ មិនអាចទទួលទានដំណេកបានទេ»។
នេះ ជាសម្តីរបស់លោក Dinh Xuan Quan អតីតអ្នកកាន់កិច្ចការប្រតិបត្តិខាងការអភិវឌ្ឍន៍អន្តរជាតិ។ នៅពេលដែលលោកដឹងដំណឹងពីប្រទេសអាហ្វហ្គានីស្ថាន ពលរដ្ឋអាមេរិកាំងដើមកំណើតរៀតណាមរូបនេះ នឹកឃើញឡើងវិញដល់ការឆ្លងកាត់របស់លោក នៅពេលក្រុងព្រៃនគររលំកាលពីជាងបួនទសវត្សរ៍មុននេះ។
រូបភាពមនុស្សប្រឹងប្រែងរត់គេចខ្លួនពីក្រុងកាប៊ុល នាំឱ្យលោក Dinh នឹកឃើញអតីតកាលដ៏ឈឺចាប់។
លោក Dinh Xuan Quan ដែលរស់នៅក្រុង Garden Grove នៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានប្រាប់វីអូអេផ្សាយជាភាសាវៀតណាមថា លោក Dinh Xuan Quan ដែលរស់នៅក្រុង Garden Grove នៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានប្រាប់វីអូអេផ្សាយជាភាសាវៀតណាមថា «ខ្ញុំនឹកឃើញអ្វីដែលបានកើតឡើងនៅក្នុងប្រទេសវៀតណាម គឺមានជនភៀសខ្លួន ការលួចឥវ៉ាន់ និងភាពចលាចលក្នុងក្រុងព្រៃនគរ»។
«ខ្ញុំនឹកឃើញអ្វីដែលបានកើតឡើងក្នុងប្រទេសវៀតណាម គឺមានជនភៀសខ្លួន ការលួចឥវ៉ាន់ និងភាពចលាចលក្នុងក្រុងព្រៃនគរ»។ នេះជាសម្តីលោក Dinh ប្រាប់វីអូអេផ្នែកផ្សាយជាភាសាវៀតណាមពីផ្ទះរបស់លោកក្នុងទីក្រុង Garden Grove រដ្ឋ California ដែលជាសហគមន៍វៀតណាមធំទីពីរក្នុងសហរដ្ឋអាមេរិក។ លោកបានថ្លែងថា នៅកាប៊ុល«គ្មានបញ្ហាលួចទេ ហើយនេះជាការល្អ។ លោកប្រៀបធៀបនឹងការចូលលុកក្នុងធនាគារ និងផ្ទះក្នុងក្រុងព្រៃនគរ កាលពីឆ្នាំ១៩៧៥។ លោកនិយាយថា «ជាមួយពួកតាលីបង់ អ្នកមានទោសពីបទលួច ត្រូវកាត់ដៃ»។
សម្រាប់លោក Dinh ដែលបានធ្វើការសរុប ៧ឆ្នាំ ក្នុងក្រុងកាប៊ុលក្នុងចន្លោះពីឆ្នាំ២០០៤ ដល់ឆ្នាំ២០១៦ ឱ្យធនាគារពិភពលោក អង្គការសហប្រជាជាតិ ក្រសួងកសិកម្មសហរដ្ឋអាមេរិក និងគម្រោងការរបស់ទីភ្នាក់ងារ USAID ការចងចាំហេតុការណ៍នៅព្រៃនគរ នាំឱ្យលោកបារម្ភអំពីក្រុមសហសេវិកអាហ្វហ្គានីស្ថានរបស់លោកដែលបានក្លាយទៅជាមិត្តភ័ក្តិរបស់លោក។
លោក Dinh កំពុងជួយធ្វើការឱ្យបណ្តាញផ្សាយព័ត៌មានភាសាវៀតណាមក្នុងស្រុកនៅពេលលោកមានអាយុជិត ៧០ឆ្នាំ។ លោកបាននិយាយថា «ប្រពន្ធ និងកូនពួកគេមិនអាចធ្វើការ ឬទៅសាលារៀនបានទេ។ ដូច្នេះការឆ្លើយតបរបស់ខ្ញុំពោរពេញដោយការរំជួលចិត្តខ្លាំង ហើយនាំឱ្យខ្ញុំនឹកឃើញឆ្នាំ១៩៧៥ នៅប្រទេសវៀតណាម»។
លោកពិនិត្យមើលសំណុំឯកសារដើម្បីជួយក្រុមសហសេវិកលោកឱ្យមកតាំងលំនៅដ្ឋានជាថ្មីក្នុងសហរដ្ឋអាមេរិក។ លោកជាសមាជិកនៃចលនាជនជាតិវៀតណាមស្ម័គ្រចិត្តមួយនៅទូទាំងសហរដ្ឋអាមេរិកដែលជួយគ្រួសារអាហ្វហ្គានីស្ថានដែលមករស់នៅជាថ្មីនៅអាមេរិក។
ឧទាហរណ៍នៅក្រុង Seattle រដ្ឋវ៉ាស៊ីនតោន គ្រួសារអាមេរិកាំងដើមកំណើតវៀតណាមបានផ្សាយតាមបណ្តាញព័ត៌មានអំពីវិធីជួយគ្រួសារអាហ្វហ្គានីស្ថានចំនួន ៧៥ ដោយសារសេចក្តីថ្លែងការណ៍របស់ក្រុមនេះចែងថា «ឆ្នាំ១៩៧៥ ជាឆ្នាំសំខាន់មួយសម្រាប់ក្រុមពលរដ្ឋអាមេរិកាំងដើមកំណើតវៀតណាម» ពីព្រោះជនជាតិវៀតណាមជិត១សែន ៣ម៉ឺន នាក់ ត្រូវបានជម្លៀស និងតាំងផ្ទះសំបែងជាថ្មីនៅប្រទេសក្រៅ។ ពលរដ្ឋអាមេរិកាំងដើមកំណើតវៀតណាមរាប់មិនអស់ ត្រូវជួយឧបត្ថម្ភដោយគ្រួសារអាមេរិកាំង និង«បានទទួលអត្ថប្រយោជន៍ពីចិត្តល្អនៃក្រុមជនដែលមិនដែលស្គាល់ពួកគេដោយផ្តល់កន្លែងជ្រកកោន សេវា និងមិត្តភាព។ នៅក្នុងរដ្ឋ Washington សហគមន៍យើងមានកាតព្វកិច្ចជួយអ្នកដទៃ» នេះ បើតាមការថ្លែងរបស់គម្រោងការជនជាតិវៀតណាម ៧៥គ្រួសារ សម្រាប់ជួយជនភៀសខ្លួនអាហ្វហ្គានីស្ថាន ៧៥គ្រួសារ។
រូបឯកសារ៖ ការជម្លៀសបុគ្គលិក និងជនស៊ីវិលដែលបានទទួលការអនុញ្ញាតឲ្យចូលសហរដ្ឋអាមេរិក ពីទីក្រុងព្រៃនគរ ប្រទេសវៀតណាម កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ១៩៧៥។
ទោះជាមិនសូវមានអ្នកដែលមានចំណងទាក់ទងផ្ទាល់ខ្លួនដូចលោក Dinh ទៅនឹងព្រិត្តិការណ៍ទាំងពីរនេះក៏ដោយ ក៏រូបភាពឧទ្ធម្ភាគចក្រយោធាដឹកជញ្ជូនមួយគ្រឿងដែលប្រុងប្រៀបចុះចតលើដំបូលស្ថានទូតសហរដ្ឋអាមេរិកក្នុងទីក្រុងកាប៊ុលនៅថ្ងៃ១៥ សីហា នាំឱ្យនឹកឃើញដល់រូបថតឧទ្ធម្ភាគចក្រស្រដៀងគ្នានេះ នៅលើដំបូលមានមនុស្សច្រើននៃអាគារផ្ទះល្វែងមួយដែលក្រុមបុគ្គលិកអាមេរិកាំងរស់នៅដែលគេយល់ច្រឡំថា ជាស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងព្រៃនគរ។ សម្រាប់មនុស្សរាប់លាននាក់នៅទូទាំងពិភពលោក ព្រឹត្តការណ៍ទាំងពីរនេះ មានលក្ខណៈស្រដៀងគ្នា។
អង្គការ PIVOT ដែលជាអង្គការសហគមន៍ពលរដ្ឋអាមេរិកាំងដើមកំណើតវៀតណាមជឿនលឿននិយមមួយ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រូបភាពទាំងពីរនេះ «នាំឱ្យនឹកឃើញដល់ហេតុការណ៍ដែលធ្លាប់កើតឡើងកាលពីពេលមុន។ ទោះជាស្ថានការណ៍ខុសគ្នាក៏ដោយ ក៏យើងបានជួបប្រទះអ្វីដែលកំពុងកើតឡើងនៅអាហ្វហ្គានីស្ថាន និងដែលប្រហែលនឹងកើតឡើងនៅពេលខាងមុខក្នុងប្រទេសនោះ»។
សេចក្តីថ្លែងការណ៍របស់ក្រុមនេះបន្តថា «ជនជាតិវៀតណាមជាច្រើននាក់ដែលគួរត្រូវជម្លៀស បានជាប់គាំងនៅក្នុងបរិវេណស្ថានទូតសហរដ្ឋអាមេរិក និងកន្លែងឯទៀតៗ។ មនុស្សរាប់សែននាក់បានជាប់ឃុំក្នុងជំរំអប់រំឡើងវិញ ចំណែកឯមនុស្សរាប់លាននាក់ទៀត បានប៉ុនប៉ងរត់គេចខ្លួនតាមមធ្យោបាយផ្សេងៗដូចជាការលួចជិះទូករត់ចេញពីប្រទេសដែលបានបណ្តាលឱ្យមនុស្សជាច្រើននាក់ស្លាប់ក្នុងសមុទ្រ។ នេះជាកាតព្វកិច្ចសីលធម៌របស់យើងដើម្បីធ្វើអ្វីគ្រប់បែបយ៉ាងទាំងអស់ដែលយើងអាចធ្វើបាន ដើម្បីធ្វើឱ្យប្រាកដប្រជាថា ប្រជារាស្ត្រអាហ្វហ្គានីស្ថានមិនប្រឈមនឹងជោគវាសនាស្រដៀងគ្នា ឬអាក្រក់ជាងនេះ»។
លោក Baoky Vu លោក Vu ជាអ្នកសកម្មខាងនយោបាយក្នុងរង្វង់គណបក្សសាធារណរដ្ឋ និងជាសមាជិកគណៈកម្មការរដ្ឋនៃប្រព័ន្ធមហាវិទ្យាល័យបច្ចេកទេសនៃរដ្ឋ Georgia សហរដ្ឋអាមេរិក។
សម្រាប់លោក Baoky Vu រូបភាពនៅកាប៊ុល បានធ្វើឱ្យលោកនឹកឃើញដែនដីកោះ Guam របស់សហរដ្ឋអាមេរិកដែលនៅទីនោះលោកឋិតក្នុងបណ្តាជនជាតិវៀតណាម១សែននាក់ដែលបានរស់នៅទីនោះជាបណ្តោះអាសន្ន នៅមុន និងក្រោយក្រុងព្រៃនគររលំ។ សព្វថ្ងៃ លោករស់នៅទីក្រុង Atlanta។ លោក Vu បាននិយាយថា ឃ្លីបវីដេអូដែលបង្ហាញក្រុមជនជាតិអាហ្វហ្គានីស្ថានប្រជ្រៀតគ្នាចូលក្នុងអាកាសយានដ្ឋានក្រុងកាប៊ុល ដោយសង្ឃឹមថា «ត្រូវជួយសង្គ្រោះដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកនោះនាំឱ្យការឈឺចាប់ដែលលោកបានជួបប្រទះកាលពី៤៦ឆ្នាំមុននេះ វិលត្រឡប់មកវិញ»។
លោក Vu អាយុ៥៤ឆ្នាំ បាននិយាយប្រាប់ផ្នែកផ្សាយជាភាសាវៀតណាមនៃវីអូអេថា «រូបភាពទាំងនោះ នាំឱ្យសោកសៅ។ វានាំឱ្យខ្ញុំនឹកឃើញកាលៈទេសៈជុំវិញការធ្វើចំណាកស្រុក--គឺការរត់គេចខ្លួន ការចាកចេញពីប្រទេស និងការដឹងនៅពេលនោះដែរថា របបគ្រប់គ្រងដែលឡើងមកកាន់អំណាចជារបបផ្តាច់ការ»។ លោក Vu ដែលសកម្មខាងនយោបាយក្នុងរង្វង់គណបក្សសាធារណរដ្ឋ បានបម្រើការជាមន្ត្រីទទួលការតែងតាំងក្នុងរដ្ឋបាលលោកប្រធានាធិបតី George W. Bush និងជាអនុប្រធានគណៈកម្មការចាត់ចែងការបោះឆ្នោតស្រុក DeKalb។ សព្វថ្ងៃ លោកជាសមាជិកគណៈកម្មការរដ្ឋនៃប្រព័ន្ធមហាវិទ្យាល័យបច្ចេកទេសនៃរដ្ឋ Georgia។
លោក Dinh Hung Cuong អាយុ៧៨ឆ្នាំ ជាអតីតវរសេនិយត្រីនៃកងទាហានថ្មើរជើងវៀតណាមខាងត្បូងដែលសព្វថ្ងៃរស់នៅក្នុងស្រុក Fairfax រដ្ឋ Virginia សហរដ្ឋអាមេរិក។
លោក Dinh Hung Cuong អាយុ៧៨ឆ្នាំ ជាអតីតវរសេនិយត្រីនៃកងទាហានថ្មើរជើងវៀតណាមខាងត្បូងដែលសព្វថ្ងៃរស់នៅក្នុងស្រុក Fairfax រដ្ឋ Virginia។ លោកបានកើតនៅទីក្រុងហាណូយ។ គ្រួសារលោកបានរត់គេចខ្លូនទៅតាំងលំនៅជាថ្មីក្នុងប៉ែកខាងត្បូងនៃប្រទេសវៀតណាម នៅពេលដែលពួកកុម្មុយនិស្តកាន់កាប់ផ្នែកខាងជើងនៃប្រទេសវៀតណាមក្នុងឆ្នាំ១៩៥៤។ កាលពីដើមខែមេសា ឆ្នាំ១៩៧៥ លោកត្រូវរបួសនៅពេលប្រយុទ្ធនឹងកងកម្លាំងកុម្មុយនិស្តដើម្បីរក្សាផ្លូវផ្គត់ផ្គង់មួយក្នុងខេត្ត Long An ដែលនៅទីនោះលោកបានបម្រើការជាអភិបាលស្រុក Thu Thua រហូតដល់វៀតណាមខាងត្បូងរលំក្នុងឆ្នាំ១៩៧៥។ សហរដ្ឋអាមេរិក បានជម្លៀសលោកទៅកោះ Guam នៅមុនរដ្ឋាភិបាលក្រុងព្រៃនគររលំ។
លោក Dinh Hung Cuong បាននិយាយប្រាប់ផ្នែកផ្សាយជាភាសាវៀតណាមនៃវីអូអេថា «ខ្ញុំរំជួលចិត្ត ជាពិសេសដោយរូបវីដេអូបង្ហាញជនជាតិអាហ្វហ្គានីស្ថានរត់តាមយន្តហោះអាមេរិកាំងដែលហៀបហោះឡើង និងអំពីការដែលមនុស្សខ្លះ បានធ្លាក់ពីយន្តហោះនោះ នៅពេលវាហោះឡើង។ ទិដ្ឋភាពដ៏រន្ធត់នេះនាំឱ្យខ្ញុំនឹកឃើញដល់អ្វីដែលបានកើតឡើងនៅក្រុង Da Nang ក្នុងឆ្នាំ១៩៧៥។ ពេលនោះ មនុស្សបានប្រជៀតគ្នាឡើងជិះយន្តហោះស៊ីវិលអាមេរិកាំងមួយគ្រឿងទៅកាន់ព្រៃនគរ ហើយមានមនុស្សខ្លះតោងស្លាបយន្តហោះនោះ។ នៅពេលយន្តហោះនោះចុះចតនៅអាកាសយានដ្ឋាន Tan Son Nhat នៅទីក្រុងព្រៃនគរ គេបានរកឃើញមនុស្សម្នាក់ស្លាប់នៅក្នុងកន្លែងដាក់កង់យន្តហោះនោះ»។
លោក Nguyen Kim Khoa សព្វថ្ងៃលោកអាយុ៧៨ឆ្នាំ បាននិយាយថា លោកជាអ្នកបើកឧទ្ធម្ភាគចក្រម្នាក់ក្នុងចំណោមក្រុមអ្នកបើកឧទ្ធម្ភាគចក្រចុងក្រោយដែលបានចាកចេញពីមូលដ្ឋានកងទ័ពអាកាស Bien Hoa ចម្ងាយប្រមាណ ២៥គីឡូម៉ែត្រពីទីក្រុងព្រៃនគរកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ១៩៧៥។ សព្វថ្ងៃលោករស់នៅទីក្រុង Fresno រដ្ឋ California។
លោក Nguyen Kim Khoa សព្វថ្ងៃអាយុ៧៨ឆ្នាំ បាននិយាយថា លោកជាអ្នកបើកឧទ្ធម្ភាគចក្រម្នាក់ក្នុងចំណោមក្រុមអ្នកបើកឧទ្ធម្ភាគចក្រចុងក្រោយដែលបានចាកចេញពីមូលដ្ឋានកងទ័ពអាកាស Bien Hoa ចម្ងាយប្រមាណ ២៥ គីឡូម៉ែត្រពីទីក្រុងព្រៃនគរកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ១៩៧៥។ សព្វថ្ងៃ លោករស់នៅទីក្រុង Fresno រដ្ឋ California ដែលនៅទីនោះ លោកធ្លាប់ធ្វើការនៅកន្លែងម៉ាស៊ីនភ្លើង និងជួសជុលម៉ាស៊ីនត្រជាក់នៅមន្ទីរពេទ្យសហគមន៍។ ទីក្រុងនេះ ស្ថិតនៅប្រមាណ២៥០គីឡូម៉ែត្រពីសហគមន៍វៀតណាមធំបំផុតក្នុងសហរដ្ឋអាមេរិក គឺទីក្រុង San Jose រដ្ឋ California ដែលឋិតនៅចម្ងាយជិត ៣០ គីឡូម៉ែត្រពីទីក្រុង Fremont ដែលមានសហគមន៍អាហ្វហ្គានីស្ថានធំជាងគេក្នុងសហរដ្ឋអាមេរិក។
លោក Nguyen Kim Khoa បានកើតនៅក្រុង Haiphong ក្នុងប៉ែកខាងជើងប្រទេសវៀតណាម។ គ្រួសារលោក បានរត់គេចខ្លួនទៅប៉ែកខាងត្បូងក្នុងឆ្នាំ១៩៥៤។ លោកបានប្រៀបធៀបការបាក់ទ័ពនៃកងកម្លាំងអាហ្វហ្គានីស្ថានទៅនឹងការចងចាំរបស់លោកអំពីក្រុមទាហានវៀតណាមខាងត្បូង។ លោកបានថ្លែងថា «ទោះណាត្រូវបោះបង់ដោយសហរដ្ឋអាមេរិកក៏ដោយ ក៏យើងនៅតែប្រយុទ្ធក្នុងសេចក្តីសង្ឃឹមថា យើងអាចយកឈ្នះហើយទទួលការគាំទ្រពីប្រទេសឯទៀតៗ។ យើងអាចតស៊ូបានពីរឆ្នាំទៀត ក្រោយពីស.រ.អ.ដកថយ មុនវៀតណាមខាងត្បូងធ្លាក់ក្នុងកណ្តាប់ដៃពួកកុម្មុយនិស្ត»។
លោក Nguyen Kim Khoa បានពោលបន្ថែមថា «ខ្ញុំមិនភ្ញាក់ផ្អើលទេ នៅពេលដែលប្រទេសអាហ្វហ្គានីស្ថានរលំ ឆាប់ជាងវៀតណាមខាងត្បូង។ ជនជាតិអាហ្វហ្គានីស្ថានមានអារម្មណ៍ថា ពួកគេត្រូវគេបោះបង់ចោល ហើយមិនឃើញមានការគាំទ្រចំពោះពួកគេ ហេតុដូច្នេះក៏បាត់បង់ឆន្ទៈប្រយុទ្ធ»។
លោក Din Van អាយុ៧៣ឆ្នាំ ជាអតីតទាហានឆ័ត្រយោងនៃកងទ័ពវៀតណាមខាងត្បូង។ ក្រោយមកលោកធ្វើការជាអ្នកបច្ចេកទេសខាងក្រឡឹងសម្រាប់ម៉ាស៊ីនធ្ងន់ៗ។ សព្វថ្ងៃ លោករស់នៅទីក្រុង Houston រដ្ឋ Texas ដែលជាសគមន៍វៀតណាមធំទីបីក្នុងសហរដ្ឋអាមេរិក។ លោកបាននិយាយប្រាប់ផ្នែកផ្សាយជាភាសាវៀតណាមនៃវីអូអេថា កាលពីឆ្នាំ១៩៧២ លោកបានបម្រើការក្នុងខេត្ត Quang Tri ដែលមានការប្រយុទ្ធសាហាវបំផុតខ្លះ។
អ្នកមានដើមកំណើតនៅទីក្រុងព្រៃនគររូបនេះ បាននិយាយប្រាប់ផ្នែកផ្សាយជាភាសាវៀតណាមនៃវីអូអេថា «ខ្ញុំយល់ថា សហរដ្ឋអាមេរិក គួរត្រូវបន្ទោសច្រើនចំពោះការរលំនេះ។ ជនជាតិអាហ្វហ្គានីស្ថាន ជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក។ អាមេរិកគួរវាយតម្លៃឱ្យបានត្រឹមត្រូវអំពីសមត្ថភាពរបស់ពួកគេក្នុងការទប់ទល់នឹងការវាយប្រហាររបស់ពួកតាលីបង់ ហើយគួរគ្រោងដកថយយូរជាងនេះ។ ឥឡូវពួកតាលីបង់យកអាវុធទាំងអស់ដែលអាមេរិកបន្សល់ទុក។ ខ្ញុំយល់ថា ជាការគួរឲ្យសោកស្តាយណាស់»។
អ្នកស្រី Phan Binh Minh ដែលបានធ្វើការឱ្យទីភ្នាក់ងារព័ត៌មានវៀតណាមនៅវៀតណាមខាងត្បូង បានឆ្លងកាត់ការដួលរលំនៃរដ្ឋាភិបាលក្រុងព្រៃនគរ។ រូបថតនេះ ថតនៅឆ្នាំ១៩៧៤។
អ្នកស្រី Phan Binh Minh ដែលបានធ្វើការឱ្យទីភ្នាក់ងារព័ត៌មានវៀតណាមនៅវៀតណាមខាងត្បូង បានឆ្លងកាត់ការដួលរលំនៃរដ្ឋាភិបាលក្រុងព្រៃនគរ។ សព្វថ្ងៃ អ្នកស្រីចូលនិវត្តន៍ហើយ ហើយកំពុងរស់នៅក្នុងប្រទេសអាល្លឺម៉ង់ជាមួយស្វាមី និងកូនពីរនាក់។ ស្ត្រីអាយុ ៧៤ ឆ្នាំរូបនេះ បានពោលថា ទោះជាកាលៈទេសៈនយោបាយនៃសង្គ្រាមក្នុងប្រទេសអាហ្វហ្គានីស្ថាន និងប្រទេសវៀតណាមខុសគ្នាក៏ដោយ ក៏ការរលំនៃក្រុងកាប៊ុល និងក្រុងព្រៃនគរ មានភាពស្រដៀងគ្នាដែរ។
អ្នកស្រីបាននិយាយប្រាប់ផ្នែកផ្សាយជាភាសាវៀតណាមនៃវីអូអេថា «នៅពេលដែលខ្ញុំឃើញទិដ្ឋភាពក្នុងក្រុងកាប៊ុល ខ្ញុំមានសមានចិត្តជាមួយប្រជារាស្ត្រអាហ្វហ្គានីស្ថាន ពីព្រោះពួកគេមានការភ័យខ្លាច និងរងទុក្ខវេទនាខ្ឡាំងណាស់»។
សព្វថ្ងៃ លោក Dinh Xuan Quan ព្យាយាមទាក់ទងជាមួយមិត្តភ័ក្តិចាស់ៗនៅអាហ្វហ្គានីស្ថានតាមបណ្តាញអ៊ីនធឺណិតដែលនៅមានដំណើរការ។ លោកបាននិយាយថា «ខ្ញុំប្រឹងប្រែងរកពួកគេនិងផ្តល់ដំណឹងដល់ពួកគេ និងរំឭកដល់ថ្ងៃដែលមានការជ្រួលច្របល់ក្នុងប្រទេសវៀតណាម នៅមុនថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥»។
ដូចមនុស្សឯទៀតៗដែរ លោកបានធ្វើការប្រៀបធៀប និងរកភាពខុសគ្នាផងដែរ។
លោក Dinh Xuan Quan បានថ្លែងថា «ប្រទេសវៀតណាម ធ្លាប់ជាប្រទេសមួយ ស្ថិតនៅក្រោមអាណានិគមរបស់បារាំង។ ចំណែកឯប្រទេសអាហ្វហ្គានីស្ថានវិញ មិនបានស្ថិតនៅក្រោមអាណានិគមរបស់សហរដ្ឋអាមេរិកទេ»។ លោកបានចង្អុលបង្ហាញថាពួកតាលីបង់ជឿសាសនាស៊ប់ ហើយពួកកុម្មុយនិស្តវៀតណាមខាងជើងដែលគ្រប់គ្រងប្រទេសវៀតណាម មិនជឿសាសនាទេ។
សម្រាប់ពេលនេះ អង្គការ PIVOT ចង់បង្វែរការពិភាក្សាទៅក្នុងសហគមន៍ពលរដ្ឋអាមេរិកាំងដើមកំណើតវៀតណាមវិញ។
ក្រុមនេះបានថ្លែងថា «នឹងមានពេលវេលាច្រើនសម្រាប់ជជែកដេញដោលគ្នាអំពីគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក យុទ្ធសាស្ត្រយោធា និងអំពីសំណួរថា នរណាចាញ់នៅអាហ្វហ្គានីស្ថាន។ តែពេលនេះ មិនមែនជាពេលសម្រាប់ពិភាក្សាគ្នាទេ។ យើងមានការទទួលខុសត្រូវ និងមានកាតព្វកិច្ចខាងសីលធ៌មក្នុងឋានៈជាជនជាតិអាមេរិកាំង»ដើម្បីការពារប្រជារាស្ត្រអាហ្វហ្គានីស្ថាន។ «ដូចដែលសហគមន៍ពលរដ្ឋអាមេរិកាំងដើមកំណើតវៀតណាម បានបង្ហាញឱ្យឃើញស្រាប់ហើយថា ក្រុមជនភៀសខ្លួនពីសង្គ្រាមដែលមកតាំងទីលំនៅជាថ្មីក្នុងប្រទេសនេះ ក្លាយជាអ្នកធ្វើវិភាគទានដ៏មានតម្លៃដល់ជីវភាព និងវប្បធម៌នៃមហាប្រទេសនេះ»៕
Long Nguyen រាយការណ៍បន្ថែម
ប្រែសម្រួលដោយលោក ឈឹម សុមេធ