អ៊ុយក្រែន​ថា​កិច្ច​ព្រមព្រៀង​ធនធាន​រវាង​អាមេរិក​និង​អ៊ុយក្រែន​នៅ​កំពុង​ចរចា

បេសកជនពិសេសអាមេរិកសម្រាប់អ៊ុយក្រែន និងរុស្ស៊ី លោក Keith Kellogg និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ជជែកគ្នាក្នុងអំឡុងពេលកិច្ចប្រជុំរបស់ពួកគេនៅទីក្រុង Kyiv ប្រទេសអ៊ុយក្រែន ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥។

អ៊ុយក្រែន​និង​សហរដ្ឋ​អាមេរិក​នៅតែ​ចរចា​គ្នា​អំពី​កិច្ច​ព្រមព្រៀង​ផ្តល់​សិទ្ធិ​ពិសេស​ដល់​សហរដ្ឋ​អាមេរិក​ក្នុងការ​ទទួល​បាន​ធនធាន​រ៉ែ​របស់​អ៊ុយក្រែន ទោះបីជា​មាន​ជម្លោះ​រវាង​មេដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​ក៏ដោយ។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP កាលពី​ថ្ងៃ​សុក្រ ដែល​យោង​លើ​ប្រភព​មួយ​ក្នុង​ទីក្រុង​កៀវ។

ទីប្រឹក្សា​កំពូល​នានា​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បាន​បង្កើន​ការ​វាយ​ប្រហារ​ដោយ​ពាក្យ​សម្តី​លើ​មេដឹកនាំ​អ៊ុយក្រែន​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​ហៅ​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy ថា​ជា «ជន​ផ្តាច់ការ» និង​ថា​អ៊ុយក្រែន «បាន​ចាប់ផ្តើម» សង្គ្រាម​ជាមួយ​រុស្ស៊ី។

សង្គ្រាម​ពាក្យសម្តី​នេះ​បាន​ធ្វើ​ឲ្យ​អ៊ុយក្រែន​និង​អឺរ៉ុប​ភ្ញាក់ផ្អើល។ នេះ​ជា​សញ្ញា​មួយ​បង្ហាញ​ថា​លោក Trump បាន​លះបង់​ចោល​ការ​គាំទ្រ​ដ៏​យូរ​មកហើយ​របស់​អាមេរិក​ចំពោះ​អ៊ុយក្រែន​នៅ​ពេល​លោក​បើក​ការ​ចរចា​ជាមួយ​រុស្ស៊ី​អំពី​ការ​ដោះស្រាយ​សង្គ្រាម​នេះ។

សហរដ្ឋ​អាមេរិក​គឺជា​ប្រទេស​គាំទ្រ​នយោបាយ យោធា និង​ហិរញ្ញវត្ថុ​ដ៏​សំខាន់​ជាងគេ​ទាំងអស់​របស់​អ៊ុយក្រែន​តាំងពី​រុស្ស៊ី​បាន​ឈ្លានពាន​អ៊ុយក្រែន​នៅ​ខែ​កុម្ភៈ​ឆ្នាំ ២០២២ មក។ មហា​អំណាច​បស្ចិម​ប្រទេស​នានា​បាន​ថ្កោលទោស​ទង្វើ​របស់​រុស្ស៊ី​ថា​ជា​សង្គ្រាម​ឈ្លានពាន​ទាំង​ទទឹង​ទើស​និង​ខុសច្បាប់។

ទោះបីជា​មាន​ភាព​តានតឹង​រវាង​លោក Zelenskyy និង​លោក Trump ក៏ដោយ ក៏​ការ​ចរចា​អំពី​កិច្ច​ព្រមព្រៀង​ដែល​អាច​ផ្តល់​សិទ្ធិ​ពិសេស​ដល់​សហរដ្ឋ​អាមេរិក​ឲ្យ​អាច​ទទួល​បាន​ធនធាន​និង​រ៉ែ​សំខាន់ៗ​របស់​អ៊ុយក្រែន​នៅ «កំពុង​ដំណើរការ» កាលពី​ថ្ងៃ​សុក្រ។ នេះ​បើ​តាម​មន្ត្រី​ជាន់ខ្ពស់​អ៊ុយក្រែន​ម្នាក់​ដែល​ដឹង​អំពី​រឿង​នេះ៕