សហរដ្ឋអាមេរិក នឹងយកជនភៀសខ្លួនជាអតិបរិមាចំនួន១៥០០០នាក់ក្នុងឆ្នាំសារពើពន្ធ២០២១ ដែលជាចំនួនទាបបំផុតបើប្រៀបធៀបទៅឆ្នាំមុនៗកន្លងមក នេះបើតាមកំណត់សម្គាល់មួយដែលរដ្ឋបាល Trump បានបោះពុម្ពផ្សាយនៅក្នុងបញ្ជីសហព័ន្ធកាលពីថ្ងៃទី៦ ខែវិច្ឆិកា។
រដ្ឋបាលលោក ត្រាំ ក៏ផ្អាកការអនុញ្ញាតឲ្យជនភៀសខ្លួនភាគច្រើនមកពីប្រទេសស៊ីរី សូម៉ាលី និងប្រទេសយ៉េមែន ចូលមកប្រទេសអាមេរិកដែរ ដោយលើកឡើងអំពីហានិភ័យភេរវកម្ម។
កំណត់សម្គាល់នេះ ចែងថាការកំណត់ចំនួនជនភៀសខ្លួននេះ «សំអាងលើកង្វល់ខាងមនុស្សធ៌ម» និង«មានរួមបញ្ចូលចំនួនជាង៦ពាន់ដែលនៅសេសសល់ពីការកម្រិតជនភៀសខ្លួនក្នុងឆ្នាំសារពើពន្ធ២០២០ ដែលប្រហែលជាមិននៅសេសសល់ទេបើសិនជាគ្មានការរាតត្បាតជំងឺកូវីដ១៩ នោះ»។
ការកម្រិតចំនួនជនភៀសខ្លួនជាអតិបរិមាដែលចុះថយពី១៨០០០នាក់កាលពីឆ្នាំសារពន្ធមុនហើយតិចជាងចំនួន៨៤០០០នាក់ ដែលសហរដ្ឋអាមេរិក បានទទួលយកកាលពីឆ្នាំ២០១៦នោះ នឹងនៅជាធរមានយ៉ាងហោចណាស់រហូតដល់ខែមករាដែរហើយទំនងជាមានហួសពីនោះទៀតទោះណាជាមានរដ្ឋបាលថ្មីនៅឯសេតវិមានក៏ដោយ។
អង្គការមនុស្សធម៌ទាំងឡាយបានប្រាប់វីអូអេថា ចំនួនជនភៀសខ្លួនស៊ីរី សូម៉ាលីនិងយ៉េមែន មានកំណត់នឹងតាំងលំនៅដ្ឋានជាថ្មីក្នុងសហរដ្ឋអាមេរិក មានជិតពីរដងច្រើនជាងចំនួនកំណត់អតិបរិមា។
ដោយគិតមកត្រឹមថ្ងៃទី២៧ខែតុលា បណ្តាអង្គការមិនរកប្រាក់ចំណេញបានបញ្ជាក់ថា មនុស្សចំនួន២៧០២៣នាក់ កំពុងរង់ចាំទៅតាំងលំនៅដ្ឋានជាថ្មីក្នុងសហរដ្ឋអាមេរិក ដោយចាំលទ្ធផលនៃការពិនិត្យសន្តិសុខ។
រូបឯកសារ៖ ជនភៀសខ្លួននិងជនចំណាកស្រុក ដែលមកពីជំរំ Moria ដែលត្រូវបានបំផ្លាញ រង់ចាំជិះសាឡាងដែលនឹងដឹកពួកគេទៅកាន់ដីគោកនៅឯកំពង់ផែ Mytilene នៅលើកោះ Lesbos នៃប្រទេសក្រិក កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០។
បើតាមអង្គការមនុស្សធ៌មពីរថា មានអ្នកភៀសខ្លួន១២.៩២៤នាក់មកពីប្រទេសសូម៉ាលី ១៤.០៨៤នាក់ មកពីប្រទេសស៊ីរី និង១៥នាក់មកពីប្រទេសយ៉េមែន។
អ្នកស្រី Jennifer Quigley ជានាយិកាអង្គការជនភៀសខ្លួន Human Rights First។ អ្នកស្រីបានកត់សម្គាល់ថាដំណើរការនៃការតាំងលំនៅដ្ឋានជាថ្មីរបស់ជនភៀសខ្លួនយឺតហើយពិបាកហើយថាពួកជនភៀសខ្លួនដែលទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិហៅកាត់ថា UNHCR បានស្នើឲ្យតាំងលំនៅដ្ឋានជាថ្មីទាំងនោះ បានរង់ចាំជាងមួយឆ្នាំមកហើយ។
អ្នកស្រី Jennifer Quigley បាននិយាយបន្ថែមថាការសុំតាំងលំនៅដ្ឋានជាថ្មីមានច្រើនលើសលប់។ អ្នកស្រីថ្លែងថាក្នុងចំណោមជនភៀសខ្លួនទាំងអស់នៅទូទាំងពិភពលោកពួកអ្នកដែលបានទទួលការស្នើឲ្យតាំងលំនៅដ្ឋានជាថ្មី មានចំនួនតិចជាង១ភាគរយ។
អ្នកស្រីបានថ្លែងថា«ឋានៈជាជនភៀសខ្លួនអាចឱ្យលោកអ្នកមានកិច្ចការពារនៅកន្លែងណាដែលលោកអ្នកឋិតនៅ។ ក៏ប៉ុន្តែឋានៈនេះមិនអាចឱ្យលោកអ្នកតាំងលំនៅដ្ឋានជាថ្មីបានទេ។ នៅពេលនេះមានជនភៀសខ្លួនរហូតដល់២៧លាននាក់ក្នុងពិភពលោក»។
ការឆ្លើយតបរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក
វីអូអេបានទាក់ទងអ្នកនាំពាក្យម្នាក់នៃក្រសួងការបរទេសសហរដ្ឋអាមេរិក ប៉ុន្តែអ្នកនាំពាក្យរូបនោះ បដិសេធមិនធ្វើអត្ថាធិប្បាយថាតើជនភៀសខ្លួនពីប្រទេសសូម៉ាលី យ៉េមែន និងស៊ីរីដែលឋិតក្នុងដំណាក់ការរៀបចំឯកសារដើម្បីទៅតាំងលំនៅដ្ឋានក្នុងប្រទេសអាមេរិកនឹងត្រូវច្រានចោលដោយសារសញ្ជាតិពួកគេឬមួយដោយសារមានការបន្ថយចំនួនជនភៀសខ្លួនជាអតិបរិមា។
កំណត់សម្គាល់កាលពីថ្ងៃសុក្រទី៦វិច្ឆិកាចែងជាពិសេសថាអាចមានការលើកលែងសម្រាប់ពួកជនភៀសខ្លួននៃប្រទេសបីដែលមានការរឹតត្បិត«ដែលបានត្រូវធ្វើទុក្ខបុកម្នេញឬមានការភ័យខ្លាចពិតប្រាកដអំពីការធ្វើទុក្ខបុកម្នេញខាងសាសនា»ឬមួយត្រូវបានស្ថានទូតសហរដ្ឋអាមេរិកស្នើ។
គេដឹងមិនច្បាស់លាស់ទេថាមានជនភៀសខ្លួនប៉ុន្មាននាក់ក្នុងបណ្តាពួកបុគ្គល២ម៉ឹន៧ពាន់២៣នាក់ដែលអាចចូលក្នុងប្រភេទមានការលើកលែងទាំងនេះ។
ភាពមិនប្រាកដប្រជាខាងនយោបាយ
រយៈពេលនៃសេចក្តីប្រកាសដាក់កំរិតលើការទទួលជនភៀសខ្លួននេះអាចអាស្រ័យទៅលើអ្នកកាន់តំណែងក្នុងសេតវិមាននៅខែមករា។
លោក Joe Biden បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យបានសន្យានៅពេលឃោសនាបោះឆ្នោតថាលោកនឹងបង្កើនចំនួនជនភៀសខ្លួនចូលមកសហរដ្ឋអាមេរិកដល់១សែន២ម៉ឺន៥ពាន់នាក់។
អ្នកស្រី Sarah Seniuk ជាអ្នកចាត់ចែងកិច្ចការនៃក្រុមប្រឹក្សាជនភៀសខ្លួនសហរដ្ឋអាមេរិក Refugee Council USA។ អ្នកស្រីបាននិយាយថាលោក Biden អាច«បង្កើនចំនួនជនភៀសខ្លួនត្រូវអនុញ្ញាតឱ្យចូលមកក្នុងប្រទេសអាមេរិកនៅឆ្នាំក្រោយ នៅពេលភ្លាមៗ។ នៅពេលប្រុងប្រៀបចាកចេញពីតំណែង លោកប្រធានាធិបតីអូបាម៉ាបានកំណត់យកជនភៀសខ្លួន១១០០០០នាក់សម្រាប់ឆ្នាំសារពើពន្ធ២០១៧ហើយនៅក្រោយពេលធ្វើសច្ចាប្រណិធានចូលកាន់តំណែង លោក Trump បានបញ្ចុះចំនួននេះមកនៅត្រឹម៤៥០០០នាក់»។
ប្រសិនបើចំនួនថ្មីច្រើនជាងមុននឹងត្រូវកំណត់ក៏ដោយ ក៏ពួកអ្នកជំនាញខាងរឿងជនភៀសខ្លួននិយាយថាគេត្រូវការពេលដើម្បីពង្រីកកម្មវិធីនេះក្រោយពេលដែលកម្មវិធីនេះបានរួមតូចអស់ពេលជាច្រើនឆ្នាំ។
ក្នុងផែនការសម្រាប់ជនភៀសខ្លួនសម្រាប់ឆ្នាំ២០២១របស់លោកប្រធានាធិបតីសហរដ្ឋអាមេរិកDonald Trump មានចំនួន៥០០០បានត្រូវកំណត់សម្រាប់ពួកជនភៀសខ្លួនប្រឈមនឹងការធ្វើទុក្ខបុកម្នេញខាងសាសនា ៤០០០សម្រាប់ជនភៀសខ្លួនមកពីប្រទេសអ៊ីរ៉ាក់ដែលបានជួយសហរដ្ឋអាមេរិក និងចំនួន១០០០សម្រាប់ពួកជនភៀសខ្លួនមកពីប្រទេស El Salvador, Guatemala និងប្រទេស Honduras ហើយ៥០០០សម្រាប់ជនភៀសខ្លួនមកពីប្រទេសឯទៀតៗ។
ប្រែសម្រួលដោយលោក ឈឹម សុមេធ