ទំនាក់ទំនងសហរដ្ឋអាមេរិកនិងកម្ពុជា ឈានទៅដល់ភាពតានតឹងថ្មីមួយទៀត ចំពេលមានដំណើរទស្សនកិច្ចរបស់ទីប្រឹក្សាក្រសួងការបរទេសអាមេរិកមករាជធានីភ្នំពេញ នៅថ្ងៃសុក្រ ទី១០ ខែធ្នូ ឆ្នាំ២០២១។
នៅមុនដំណើរទស្សនកិច្ចនេះ សហរដ្ឋអាមេរិក បានសម្រេចដាក់បម្រាមលក់សព្វាវុធដល់ប្រទេសកម្ពុជា បណ្ដាលមកពីអ្វីដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានបរិយាយថា«ការរំលោភសិទ្ធិមនុស្ស អំពើពុករលួយដោយតួអង្គនានាក្នុងរដ្ឋាភិបាលកម្ពុជា និងឥទ្ធិពលដែលកំពុងកើនឡើងនៃយោធារបស់សាធារណរដ្ឋប្រជាមានិតចិននៅកម្ពុជា»។
សហរដ្ឋអាមេរិក បានគោះសញ្ញាអាសន្នព្រមានកម្ពុជាជាបន្តបន្ទាប់ ក្រោយភាគីកម្ពុជា បានវាយកម្ទេចហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រនៅមូលដ្ឋានសមុទ្ររាម ក្នុងខេត្តព្រះសីហនុ ក្រោមហេតុផលរើទីតាំងស្ថាប័ននេះ និងការទទួលជំនួយចិនក្នុងការជួយពង្រីកធ្វើទំនើបកម្មមូលដ្ឋានទ័ពនេះ។
កម្ពុជាបានប្រកែកថា ខ្លួនមិនមានគម្រោងបំពានរដ្ឋធម្មនុញ្ញ និងឱ្យចិនមានសិទ្ធិផ្ដាច់មុខនៅផែយោធារាមឡើយ។ តែទោះបីជាមានការទទួលទស្សនកិច្ចប្រេសិតយោធាអាមេរិកនៅទីនោះ កាលពីខែកក្កដា ឆ្នាំ២០២១ក៏ដោយ ភាគីកម្ពុជានិងសហរដ្ឋអាមេរិក នៅតែមិនចុះសម្រុងគ្នា។
សម្ពាធមានឡើងជាបន្តបន្ទាប់ពីភាគីអាមេរិក ដោយបានដាក់ទណ្ឌកម្មលោកនាយឧត្ដមសេនីយ៍ ចៅ ភិរុណ អគ្គនាយកសម្ភារៈបច្ចេកទេសក្រសួងការពារជាតិ និងលោកនាយឧត្ដមសេនីយ៍ ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក ដោយបានចោទលោកទាំងពីរថា បានផលប្រយោជន៍ឯកជនពីគម្រោងមូលដ្ឋានរាម។
នៅមុនអាមេរិកដាក់បម្រាមលក់អាវុធឱ្យនេះ លោក ហ៊ុន សែន ទើបនឹងដាក់បញ្ជាលែងឱ្យមានដំណើរទស្សនកិច្ចនៃប្រតិភូបរទេសដែលលោកទំនងសំដៅមន្ត្រីអាមេរិកនិងលោកខាងលិច នៅមូលដ្ឋានសមុទ្ររាមតទៅទៀត ហើយប្រាប់លោក ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ ឱ្យឈប់អត្ថាធិប្បាយអំពីគម្រោងពង្រីកផែទៀតផង។
លោក Derek Chollet ទីប្រឹក្សាក្រសួងការបរទេសសហរដ្ឋអាមេរិក ថ្លែងក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១។
លោក Derek Chollet ទីប្រឹក្សាក្រសួងការបរទេសសហរដ្ឋអាមេរិក ថ្លែងក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១។
ក្នុងជំនួបមួយជាមួយអ្នកសារព័ត៌មាន កាលពីល្ងាចថ្ងៃសុក្រ លោក Derek Chollet ទីប្រឹក្សាក្រសួងការបរទេសអាមេរិក ដែលទើបនឹងបានបញ្ចប់ទស្សនកិច្ចនៅកម្ពុជា បន្តបង្ហាញក្ដីបារម្ភនៃរដ្ឋការលោកប្រធានាធិបតី Joe Biden លើ«លទ្ធភាពនៃវត្តមានទីតាំងយោធាសាធារណរដ្ឋប្រជាមានិតចិន»នៅកម្ពុជា។
បេសកទូតរូបនេះបន្ថែមថា អ្វីដែលអាមេរិកបង្ហាញជាក្ដីបារម្ភនោះ មិនទាន់ទទួលបានដំណោះស្រាយសមស្របណាមួយពីភាគីកម្ពុជានៅឡើយ។
«យើងមិនទាន់ឃើញមានការរីកចម្រើនទៅមុខនៃស្ថានការណ៍ដូចដែលយើងចង់បាននៅឡើយទេ ម៉្លោះហើយទើបសហរដ្ឋអាមេរិកបានប្រកាសដាក់ចេញបួនដប់វិធានការណ៍ ជាការឆ្លើយតប ដើម្បីធ្វើឱ្យច្បាស់ថា ដូចដែលយើងយល់អំពីការគំរាមកំហែងមិនគ្រាន់តែផលប្រយោជន៍យើងខ្ញុំនោះទេ តែគំរាមផលប្រយោជន៍តំបន់ទាំងមូល និងដល់ផលប្រយោជន៍កម្ពុជាផងដែរ ល្គឹកណាទំនាក់ទំនងយោធាកម្ពុជាចិនមានចរិតកាន់តែស៊ីជម្រៅ»។
ជាមួយទណ្ឌកម្មក្នុងរូបភាពជាបម្រាមលក់ ឬផ្គត់ផ្គង់សព្វាវុធ និងសម្ភារៈយោធាដល់កម្ពុជានោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានយកវេទិកាហ្វេសប៊ុកឆ្លើយតបដោយផ្ទាល់នៅតែប៉ុន្មាននាទី មុនសន្និសីទកាសែតរបស់លោក Chollet ចាប់ផ្ដើមកាលពីរសៀលថ្ងៃសុក្រ។
ថ្លែងអំពីបម្រាមលក់សព្វាវុធនេះ លោក ហ៊ុន សែន អរគុណអាមេរិក ដែលជួយបញ្ជាក់ថា ការសម្រេចរបស់លោកកាលពីឆ្នាំ១៩៩៤ បន្តប្រើប្រព័ន្ធអាវុធរុស្ស៊ីមិនចាប់យកប្រព័ន្ធអាវុធអាមេរិកនោះជាប្រការត្រឹមត្រូវ។
លោកនាយករដ្ឋមន្ត្រីកម្ពុជា ក៏បានចេញបញ្ជាឱ្យគ្រប់អង្គភាពប្រដាប់អាវុធទាំងអស់ប្រមូលអាវុធ និងសម្ភារៈយោធាដែលផលិតនៅសហរដ្ឋអាមេរិក«យកទៅរក្សាទុកក្នុងឃ្លាំង ឬយកទៅកម្ទេចចោល តាមការជាក់ស្តែង»។ លោកបានសរសេរក្នុងន័យដើមថា៖
«ជាថ្មីម្តងទៀត ខ្ញុំសូមអរគុណសហរដ្ឋអាមេរិកដែលបានជួយបញ្ជាក់ថា ការសម្រេចចិត្តរបស់ខ្ញុំមិនយល់ព្រមទិញអាវុធពីអាមេរិកពិតជាត្រឹមត្រូវសម្រាប់នយោបាយការពារជាតិរបស់កម្ពុជា ហើយវាក៏ជាសារព្រមានមួយប្រាប់ទៅខ្មែរដែលគ្រប់គ្រងរាជរដ្ឋាភិបាលជំនាន់ក្រោយ ឱ្យបានជ្រាបថា បើចង់មានឯករាជ្យភាពលើវិស័យការពារជាតិ សូមកុំប្រើប្រាស់អាវុធរបស់អាមេរិក»។
ក្នុងកំណត់ផ្សាយក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនោះ លោក ហ៊ុន សែន បានបង្ហោះអមនូវរូបថតពីរសន្លឹកដែលគេឃើញរូបលោក និងអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ចាប់ដៃ និងជជែកគ្នាដែលជារូបថតឯកសារតាំងពីអំឡុងរដូវកាលប្រជុំអាស៊ាននៅហ្វីលីពីន កាលពីឆ្នាំ២០១៧។
នៅពេលអ្នកសារព័ត៌មានសួរអំពីប្រតិកម្មលោក ហ៊ុន សែន ទៅនឹងបម្រាមលក់អាវុធនៃរដ្ឋការរបស់អាមេរិកលោក Derek Chollet បានបដិសេធមិនធ្វើអត្ថាធិប្បាយ។
កើតឡើងព្រមៗគ្នានៅថ្ងៃដដែល បណ្ដាញឃោសនាបំពងសំឡេងដែលស្និទ្ធនឹងរដ្ឋាភិបាល ដូចជាសារព័ត៌មាន Fresh News ជាដើម បានផ្សព្វផ្សាយបទយកការណ៍របស់ខ្លួនអំពីទុក្ខលំបាករបស់ពលរដ្ឋនៅខេត្តស្វាយរៀងដោយសារគ្រាប់មិនទាន់ផ្ទុះ ដែលសហរដ្ឋអាមេរិកបានទម្លាក់ កាលពីអំឡុងសង្គ្រាមវៀតណាមនៅចុងទសវត្សរ៍១៩៦០ និងដើមទសវត្សរ៍ ១៩៧០។
លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានរិះគន់ចំណាត់ការរបស់សហរដ្ឋអាមេរិក និងបញ្ជាក់សាជាថ្មីនូវការគាំទ្ររបស់រដ្ឋាភិបាលក្រុងប៉េកាំងដល់រដ្ឋាភិបាលក្រុងភ្នំពេញ។
លោកបានថ្លែងក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃកាលពីថ្ងៃព្រហស្បតិ៍ថា៖ «នាពេលកន្លងមកនេះ សហរដ្ឋអាមេរិក បន្តបំប៉ោងនិងលាបពណ៌ទៅលើ ការដោះប្ដូរនិងកិច្ចសហប្រតិបត្តិការជាប្រក្រតីរវាងចិននិងកម្ពុជា ដោយគំរាមកំហែង ដាក់សម្ពាធ និងដាក់ទណ្ឌកម្មកម្ពុជា។ ការអនុវត្តដែលមានចរិតអុងអាត់ និងយាយីធ្វើបាបដែលគេដឹងមកហើយនេះ បានល្មើសនឹងក្រមប្រតិបត្តិជាមូលដ្ឋាននៃអភិបាលកិច្ចទំនាក់ទំនងអន្តរជាតិផងដែរ។ ភាគីចិន ប្រឆាំងជាដាច់ខាតចំពោះទង្វើបែបនេះ»។
តបនឹងសំណួរថា ភាពតានតឹងជាមួយកម្ពុជាអាចនឹងប៉ះពាល់ដល់ទំនាក់ទំនងអាមេរិកជាមួយអាស៊ានដែលកម្ពុជាជាប្រធានប្តូរវេនចាប់ពីដើមឆ្នាំ២០២២ដែរឬទេ លោក Chollet បានថ្លែងថា៖
«អ្វីដែលយើងមានការខ្វល់ខ្វាយចិត្តនោះត្រង់ថា បញ្ហាដែលយើងយល់ខុសគ្នាទាំងអម្បាលមាណនេះ អាចឈររាំងស្កាត់ផ្លូវមិនឱ្យរដ្ឋយើងទាំងពីរអាចឈានទៅដល់សក្ដានុពលពេញលេញដែលអាចសម្រេចបានក្នុងនាមជាដៃគូ។ ក្នុងស្មារតីនេះដែរ យើងកំពុងប្រាស្រ័យជជែកទាក់ទងគ្នាដូចដែលខ្ញុំត្រូវមកទីនេះ គឺដើម្បីជជែកដោយចំហអំពីផ្នែកដែលយើងមិនឯកភាពគ្នា ហើយកាន់តែសំខាន់ផងដែរនោះ គឺរក្សាការផ្ដោតទៅលើអនាគត និងវិស័យផ្សេងទៀតដែលយើងឯកភាពគ្នា ហើយព្យាយាមធ្វើការជាមួយគ្នា»។
បេសកទូតរូបនេះ បន្តដោយកោតសរសើររដ្ឋាភិបាលកម្ពុជាដែលបានបង្ហាញប្រាប់លោកនូវគម្រោង«ប្រកបដោយមហិច្ឆិតា»ក្នុងការធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២។ លោកបានបញ្ជាក់ថា អាមេរិកចង់ឱ្យគម្រោងការធ្វើជាប្រធានអាស៊ានរបស់កម្ពុជាទទួលជោគជ័យ។
«តំណែងប្រធានអាស៊ានមានភ្ជាប់នូវការទទួលខុសត្រូវ។ នៅពេលដែលអាស៊ានកាន់តែជោគជ័យ របារពិដាននៃការទទួលខុសត្រូវទាំងនោះ ក៏កាន់តែខ្ពស់ផងដែរ»។
លោក Derek Chollet ទីប្រឹក្សាក្រសួងការបរទេសអាមេរិក ក្នុងអំឡុងជំនួបជាមួយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា នៅរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១។ (រូបថត៖ ក្រសួងការបរទេសកម្ពុជា)
អំឡុងពេលបំពេញទស្សនកិច្ចនៅភ្នំពេញ លោក Chollet បានជួបលោក បា្រក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាបេក្ខភាពអគ្គលេខាធិការអាស៊ានពីចុងឆ្នាំ២០២២ទៅរបស់កម្ពុជាផងដែរ។
លោក ហ៊ុន សែន ទើបនឹងបានបោះដៃប្រាស្រ័យទាក់ទងធ្វើការជាមួយរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាដែលបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតកាលពីដើមខែកុម្ភៈ និងទើបត្រូវបានគេរាំងស្កាត់មិនឱ្យចូលប្រជុំអន្តរជាតិនានាក្នុងពេលថ្មីៗនេះ។
លោក Derek Chollet និយាយថា សហរដ្ឋអាមេរិកមិនជំទាស់ការប្រាស្រ័យទាក់ទងជាមួយរបបសឹកភូមានោះទេ ហើយដើម្បីការប្រាស្រ័យទាក់ទងនេះហើយ ទើបសហរដ្ឋអាមេរិក នៅបន្តវត្តមានស្ថានទូតអាមេរិកក្នុងប្រទេសភូមាមកទល់បច្ចុប្បន្ន។
«តែការប្រាស្រ័យទាក់ទងត្រូវតែមានវត្ថុបំណងជាក់ច្បាស់ ដែលមិនធ្វើឡើងដោយទទេ គ្មានបានអ្វីត្រឡប់មកវិញនោះទេ ហើយយើងចង់ឃើញការចម្រើនឡើងក្នុងស្ថានការណ៍ជាក់ស្ដែង …ម៉្លោះហើយយើងរំពឹងថា រាល់ការប្រាស្រ័យទាក់ទងធ្វើការនានានៅពេលខាងមុខ វាត្រូវតែនាំត្រឡប់នូវលទ្ធផល។ ហើយរំពឹងថា វាមិនមែនជាអ្វីដែលគ្រាន់តែធ្វើសម្បទានដល់របបសឹកឡើយ»។
លោក Derek Chollet នឹងបន្តទស្សនកិច្ចនៅប្រទេសឥណ្ឌូណេស៊ី បន្ទាប់ពីចាកចេញពីកម្ពុជា។ ថ្នាក់លើរបស់លោក គឺរដ្ឋមន្ត្រីការបរទេស លោក Antony Blinken ក៏គ្រោងនឹងមកបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងថៃផងដែរ នៅសប្ដាហ៍ក្រោយនេះ៕