លោកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (អ.ស.ប.)ទទួលបន្ទុកតាមដានស្ថានភាពសិទ្ធិមនុស្សនៅប្រទេសកម្ពុជា ស្វាគមន៍ចំពោះការស្តារសេរីភាពខ្លះសម្រាប់លោក កឹម សុខា ប៉ុន្តែបានស្នើជាថ្មីឲ្យអាជ្ញាធរកម្ពុជាចេញសេចក្តីសន្និដ្ឋានចុងក្រោយលើកិច្ចស៊ើបអង្កេតសំណុំរឿងរបស់លោក កឹម សុខាឲ្យបានឆាប់ៗឬក៏ទម្លាក់ចោលបទចោទប្រឆាំងនឹងមេបក្សជំទាស់នេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែល VOA ទទួលបាននៅថ្ងៃអង្គារ ទី១២ ខែវិច្ឆិកានេះ លោកស្រីស្មីតបានកត់សម្គាល់ថា ការលើកលែងឲ្យលោក កឹម សុខា ផុតពីការជាប់ឃុំក្នុងផ្ទះ ជា«ការវិវត្តវិជ្ជមានមួយ»។
ទោះជាយ៉ាងណាក៏ដោយ លោកស្រីស្មីត បានថ្លែងបញ្ជាក់ថា លោកស្រី សោកស្តាយដែលបទបញ្ជារបស់តុលាការបន្តរឹតត្បិតសិទ្ធិពលរដ្ឋ និងនយោបាយរបស់លោកកឹម សុខា ជាពិសេសសិទ្ធិសេរីភាពក្នុងការធ្វើដំណើរ និងសេរីភាពក្នុងការជួបជុំ។
លោកស្រីស្មីត បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ដដែលនោះក្នុងន័យដើមថា៖
«ខ្ញុំបញ្ជាក់ជាថ្មីនូវការអំពាវនាវរបស់ខ្ញុំ សុំឲ្យមានការចេញសេចក្តីសន្និដ្ឋានយ៉ាងឆាប់រហ័សចំពោះការស៊ើបអង្កេតករណីរបស់លោក កឹម សុខា ឬក៏[ឲ្យមាន]ការទម្លាក់ចោលបទចោទប្រឆាំងនឹងរូបលោក»។
អ្នកជំនាញការសិទ្ធិមនុស្សអ.ស.ប. រូបនេះ បានបង្ហាញការព្រួយបារម្ភអំពីស្ថានភាពអាក្រក់ដែលបន្តកើតមាននោះ គឺមនុស្សចំនួន៨៥នាក់ ដែលត្រូវបានអាជ្ញាធរឃុំខ្លួន ក្រោមហេតុផលនយោបាយ។ លោកស្រីស្នើឲ្យរដ្ឋាភិបាលនិងរាល់គណបក្សនយោបាយទាំងអស់ឲ្យបន្ធូរបន្ថយស្ថានភាពតានតឹងនិងស្វែងរកការសន្ទនាឈានដល់ការបង្កើតឲ្យមានបរិយាកាសសុខសាន្ត ដែលអនុញ្ញាតឲ្យមានការបញ្ចេញមតិនយោបាយចម្រុះ។
រូបឯកសារ៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំនៅក្រសួងយុត្តិធម៌ នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧។(កាន់ វិច្ឆិកា/VOA)
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌យល់ថា សេចក្តីអធិប្បាយនានារបស់លោកស្រីស្មីតគ្រាន់តែជាការបញ្ចេញទស្សនៈយោបល់ ហើយក៏មិនមានសម្ពាធអីមកលើនីតិវិធីច្បាប់របស់ប្រទេសកម្ពុជានោះដែរ។
«ក្តីបារម្ភរបស់គាត់ អាហ្នឹងគឺជាសិទ្ធិសេរីភាពនៃការយល់ឃើញផ្ទាល់ខ្លួនរបស់គាត់ទេណ៎ា! ក៏ប៉ុន្តែអ្វីៗត្រូវអនុលោមទៅតាមបញ្ញត្តិច្បាប់និងនីតិវិធីច្បាប់ ដែលមានជាធរមាននៅកម្ពុជា»។
លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ជួបជាមួយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាលោក Patrick Murphy នៅគេហដ្ឋានរបស់លោក នៅរាជធានីភ្នំពេញ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោកបញ្ជាក់ទៀតថា លោក កឹម សុខា នៅតែត្រូវបន្តដាក់ឲ្យស្ថិតក្រោមការស៊ើបអង្កេតរបស់តុលាការដដែល ដូច្នេះការទម្លាក់ចោលបទចោទឬយ៉ាងណានោះ ក៏មានតែផ្អែកទៅលើសិទ្ធិអំណាចរបស់តុលាការតែប៉ុណ្ណោះ។
ដោយឡែកអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានស្នើប្រទេសកម្ពុជាឲ្យទម្លាក់ចោលបទប្រកាន់នឹងលោកកឹម សុខា។
នៅក្នុងសេចក្តី ប្រកាសមួយធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកានេះ អង្គការសិទ្ធិមនុស្សអន្តរជាតិមួយនេះនិយាយថា «សហភាពអឺរ៉ុបគួរតែទាមទារឲ្យមានការស្តារសិទ្ធិសេរីភាពរបស់លោក កឹម សុខា»។
រូបឯកសារ៖ លោក Brad Adams នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី។
លោក Brad Adams នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី បានអធិប្បាយក្នុងសេចក្តីប្រកាសនោះតាមន័យដើមថា៖
«សហភាពអឺរ៉ុប និងរដ្ឋាភិបាលបរទេសផ្សេងទៀត មិនគួរត្រូវឲ្យគេបោកបានទេ ប៉ុន្តែគួរតែបង្កើនសម្ពាធលើរដ្ឋាភិបាលឲ្យដោះលែងលោក កឹម សុខាជាបន្ទាន់ដោយគ្មានលក្ខខណ្ឌ និងអ្នកឯទៀត ដែលត្រូវបានឃុំខ្លួន ដើម្បីឲ្យពួកគេបានអនុវត្តសិទ្ធិនយោបាយឡើងវិញ»។
អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាអះអាងថា សេចក្តីអំពាវនាវរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch មានចរិតនយោបាយ និងមានបំណងវាយប្រហារមកលើរដ្ឋាភិបាលដោយគ្មានមូលដ្ឋានគតិយុត្តិនោះទេ។
តុលាការកម្ពុជា ផ្តល់សេចក្តីពន្យល់ថា ការបន្ធូរបន្ថយលក្ខខណ្ឌចំពោះលោក កឹម សុខានោះ គឺផ្អែកលើហេតុផលសុខភាពនិងការសហការល្អរបស់លោក កឹម សុខា ជាមួយតុលាការ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងរាជធានីរាជធានីភ្នំពេញកាលពីថ្ងៃអាទិត្យទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅនេះ។
ក្រោយទទួលបានការសម្រាលលក្ខខណ្ឌក្នុងការធ្វើដំណើរក្នុងប្រទេសនោះ លោកកឹម សុខា បានទទួលជួបពិភាក្សាពីស្ថានភាពប្រជាធិបតេយ្យនៅកម្ពុជា និងស្ថានភាពផ្ទាល់ខ្លួនរបស់លោកជាមួយឯកអគ្គរដ្ឋទូតប្រទេសបស្ចិមប្រទេសចំនួនបួនរូប រួមមានឯកអគ្គរដ្ឋសហរដ្ឋអាមេរិកលោក Patrick Murphy ឯកអគ្គរដ្ឋទូតប្រទេសបារាំងលោកស្រី អេវ៉ា ង្វៀន ប៊ិញ (Eva Nguyen Binh) និងឯកអគ្គរដ្ឋទូតប្រទេសអាល្លឺម៉ង់លោក Christian Berger ហើយនិងឯកអគ្គរដ្ឋទូតប្រទេសអូស្ត្រាលី លោកស្រី Angela Corcoran។
លោកស្រី អេវ៉ា ង្វៀន ប៊ិញ (Eva Nguyen Binh) ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា ជួបជាមួយលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវរំលាយ កាលពីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅគេហដ្ឋានរបស់លោកក្នុងរាជធានីភ្នំពេញ។
ការសម្រេចរបស់តុលាការកម្ពុជាដែលអនុញ្ញាតឲ្យលោក កឹម សុខា បានដើរចេញពីផ្ទះ ធ្វើឡើងពីរថ្ងៃមុនសហភាពអឺរ៉ុបចេញរបាយការណ៍លើកទី២ វាយតម្លៃលើស្ថានភាពប្រជាធិបតេយ្យនៅកម្ពុជា ក្រោមឋានៈអនុគ្រោះពន្ធ «គ្រប់មុខទំនិញទាំងអស់លើកលែងតែសព្វាវុធ» ឬហៅថា EBA និងផ្ញើទៅរដ្ឋាភិបាលកម្ពុជានៅថ្ងៃអង្គារនេះ។
គេមិនទាន់ដឹងថារបាយការណ៍វាយតម្លៃលើកទីពីរនេះមានខ្លឹមសារលម្អិតអ្វីខ្លះទេ ប៉ុន្តែក្នុងពេលកន្លងមកសហភាពអឺរ៉ុបបានកំណត់ការស្តារសិទ្ធិនយោបាយទាំងស្រុងរបស់លោក កឹម សុខាជាសម្បទានមួយដើម្បីទុករក្សា EBA។
លោកស្រី Maja Kocijancic ជាអ្នកនាំពាក្យផ្នែកកិច្ចការបរទេសរបស់សហភាពអឺរ៉ុប។
តែទោះជាយ៉ាងណា លោកស្រី Maja Kocijancic អ្នកនាំពាក្យផ្នែកកិច្ចការបរទេសរបស់សហភាពអឺរ៉ុបបាននិយាយចំៗក្នុងសេចក្តីថ្លែងការណ៍មួយថា សហភាពអឺរ៉ុប «រំពឹងថាលោកកឹម សុខា នឹងត្រូវបានដោះលែងទាំងស្រុង ហើយសិទ្ធិនយោបាយរបស់គាត់ត្រូវតែផ្តល់ឲ្យវិញ ដែលនឹងអាចឲ្យគាត់ចូលរួមជីវិតនយោបាយបានពេញលេញ។
លោកស្រីបានថ្លែងបន្ថែមក្នុងសេចក្តីការណ៍ដែលចេញកាលពីថ្ងៃច័ន្ទថា៖«យើងក៏រំពឹងថា អាជ្ញាធរកម្ពុជា នឹងផ្តល់សិទ្ធិនយោបាយដល់រាល់សមាជិកបក្សជំទាស់ដែលត្រូវបានគេហាមឃាត់ពីជីវិតនយោបាយ និងដោះលែងគ្រប់សកម្មជន អ្នកគាំទ្រ និងសមាជិកបក្សប្រឆាំងដែលត្រូវបានដាក់ឲ្យជាប់ឃុំកាលពីពេលថ្មីៗនេះ»៕