ចៅសង្កាត់រងទី ២ មកពីគណបក្សភ្លើងទៀន លោក អ៊ុំ យ៉េត និងសមាជិកគណបក្សម្នាក់ទៀតគឺលោក សេង ហាក់ ត្រូវបានអាជ្ញាធរខេត្តត្បូងឃ្មុំ ចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ដោយចោទពីបទ«ញុះញង់»។ នេះបើតាមប្រធានគណបក្សភ្លើងទៀននៅខេត្តត្បូងឃ្មុំ។
លោក អ៊ុំ យ៉េត គឺជាចៅសង្កាត់រងទី ២ របស់គណបក្សនៅក្នុងសង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ហើយលោក សេង ហាក់ គឺជាលេខាធិការគណៈកម្មាធិការប្រតិបត្តិក្រុងសួងរបស់គណបក្សភ្លើងទៀន។
គេមិនទាន់ដឹងពីមូលហេតុនៅពីក្រោយការចាប់ខ្លួនមន្ត្រីនៅមូលដ្ឋានគណបក្សជំទាស់ទាំងពីរនាក់នេះនៅឡើយទេ។ ប៉ុន្តែក្រុមគ្រួសារថា ការចាប់ខ្លួននោះ ទំនងជាពាក់ព័ន្ធនឹងការនិយាយតាមទូរសព្ទជាមួយក្រុមការងារគណបក្ស។ ហើយភ្លាមៗក្រោយចាប់ខ្លួននោះ មន្ត្រីទាំងពីរត្រូវបានបញ្ជូនមកកាន់ពន្ធនាគារព្រៃស នៅរាជធានីភ្នំពេញ។
បើតាមប្រធានគណបក្សភ្លើងទៀននៅខេត្តត្បូងឃ្មុំ លោក អេង ស្រូយ អាជ្ញាធរខេត្តត្បូងឃ្មុំ បានឃាត់ខ្លួនពួកគេទាំងពីរនៅម៉ោងប្រមាណ ៥ ព្រឹក នៅក្នុងហាងកាហ្វេមួយកន្លែង ខណៈមិនមានដីកាចាប់ខ្លួន ឬក៏ជូនដំណឹងថាពួកគេបានប្រព្រឹត្តបទល្មើសអី្វឱ្យ ប្រាកដនោះឡើយ។
លោក អេង ស្រួយ យល់ថា ការចាប់ខ្លួនសមាជិកគណបក្សថ្មីៗនេះ ជាការគំរាមកំហែង និងធ្វើទុក្ខបុកម្នេញខាងនយោបាយមកលើគណបក្សប្រឆាំង។
លោកប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា៖ «ខ្ញុំមានតែការសោកស្តាយ។ ទី ១ គណបក្សភ្លើងទៀនត្រូវបានគេបដិសេធមិនឱ្យដាក់បញ្ជីបេក្ខជនតំណាងរាស្ត្រក្នុងការបោះឆ្នោតឆ្នាំ ២០២៣។ ទី ២ ទៀត ការគំរាមកំហែងមកលើគណបក្សភ្លើងទៀនតាំងពីសកម្មជនមូលដ្ឋានរហូតដល់ថ្នាក់លើនៅតែមានការគំរាមកំហែង នៅតែមានការបំភិតបំភ័យ រួមទាំងការទិញដូរ ទិញទឹកចិត្ត សម្លុតគំរាមកំហែងមូលដ្ឋាន»។
អនុសនីយ៍ត្រីនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ លោក ណាត់ ប៊ុនហេង ប្រាប់វីអូអេថា លោកមិនមានព័ត៌មានអ្វីឡើយពាក់ព័ន្ធករណីចាប់ខ្លួនខាងលើនេះ។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន បាននៅឡើយទេ នៅថ្ងៃសុក្រនេះ។ ចំណែកអ្នកនាំពាក្យតុលាការខេត្តត្បូងឃ្មុំ លោក សូ សុវិទ្យា បដិសេធផ្តល់ការអត្ថាធិប្បាយ។
រូបឯកសារ៖ លោក អ៊ុំ យ៉េត អតីតក្រុមប្រឹក្សាក្រុងសួង ខេត្តត្បូងឃ្មុំ មកពីគណបក្សសង្រ្គោះជាតិ ដែលត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ និងកូនស្រីរបស់លោក គឺអ្នកនាង យ៉ែម វណ្ណណែត។
អ្នកស្រី ងួន ផល្លា អាយុ ៦៣ ឆ្នាំ ភរិយារបស់លោក អ៊ុំ យ៉េត ប្រាប់វីអូអេថា ស្វាមីរបស់អ្នកស្រីត្រូវបានចោទប្រកាន់ពីបទ «ញុះញង់» ហើយអ្នកស្រីក៏មិនដឹងនោះឡើយថាហេតុអ្វីស្វាមីរបស់អ្នកស្រីត្រូវបានចាប់ខ្លួនទាំងតក់ក្រហល់បែបនេះ។
អ្នកស្រីបន្ថែមថា៖ «ចុះហេតុអ្វីបានជាយកគាត់មកដាក់ពន្ធនាគារ ដោយអត់មានកំហុសអីធ្ងន់ធ្ងរអ៊ីចឹង។ ចាប់គាត់អត់មានពាក់អាវ ពាក់អីទេ រុញចូលឡានទាំងខោខ្លីអ៊ីចឹង។ វាអយុត្តិធម៌ពេកហើយ អ្នកស្រុកគេមើលទៅ ទឹកភ្នែកគ្រប់គ្នា។ វាមិនសម ហើយណាមួយ គាត់អត់ហូបអីទៀត ទាំងព្រលឹមឡើងម៉ោង ៥ កន្លះហ្នឹង»។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា កត់សម្គាល់ថា បើសិនជាការចាប់ខ្លួនមន្ត្រីគណបក្សជំទាស់ទាំងពីរដោយគ្មានដីកាមែននោះ វាគឺជាការប្រព្រឹត្តខុសនឹងនីតិវិធីច្បាប់ និងថានេះជាវិធីសាស្ត្រច្រំដែលដែលអាជ្ញាធរតែងតែអនុវត្តទៅលើសកម្មជនគណបក្សប្រឆាំង។
អ្នកនាំពាក្យរូបនេះជំរុញឱ្យមានការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវនិងស្មើភាព ចំពោះប្រជាពលរដ្ឋគ្រប់គ្នាដោយមិនប្រកាន់និន្នាការនយោបាយ។
លោកថ្លែងថា៖ «អ៊ីចឹងយើងចង់ឃើញការអនុវត្តច្បាប់កុំឱ្យមានការប្រកាន់ទៅលើក្រុមនិន្នាការនយោបាយណាមួយ គួរតែធ្វើឡើងដោយមានភាពត្រឹមត្រូវ។ ហើយបើសិនជាមិនមានការប្រព្រឹត្តនូវបទល្មើសណាមួយទេ គប្បីមានការដោះលែងឱ្យគេមានសេរីភាពឡើងវិញ។ កុំឱ្យតែខាងហេតុផលនយោបាយនៃគណបក្សជំទាស់ ហើយយើងចេះតែមានវិធានការបែបហ្នឹង អាហ្នឹងហើយដែលតែងរងការរិះគន់ថាជាវិធានការធ្វើទុក្ខបុកម្នេញទៅលើសកម្មជននយោបាយហ្នឹងឯង»។
បើតាមលោក ស៊ឹង សែនករុណា សកម្មជនគណបក្សប្រឆាំងបានប្រឈមមុខនឹងវិធានការច្បាប់របស់អាជ្ញាធរជាបន្តបន្ទាប់ ក្រោយគណបក្សភ្លើងទៀន បានចាប់ផ្តើមដំណើរការឡើងវិញ នៅមុនការបោះឆ្នោតឃុំសង្កាត់ឆ្នាំ ២០២២។ លោកយល់ថា វិធានការរបស់អាជ្ញាធរ ដែលបង្កឱ្យមានក្តីក្តាំលើសកម្មជនបក្សជំទាស់នៅតុលាការនោះ ភាគច្រើនពាក់ព័ន្ធនឹងរឿងនយោបាយ ជាជាងការអនុវត្តច្បាប់៕