ក្រោយការវាយប្រហារលើរាងកាយផ្ទួនៗ និងជាបន្តបន្ទាប់ពីជនមិនស្គាល់មុខមកអតីតសកម្មជនគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយចោលកាលពីឆ្នាំ២០១៧នោះ អង្គការសង្គមស៊ីវិលមួយបានបង្ហាញការបារម្ភយ៉ាងខ្លាំងចំពោះព្រឹត្តការណ៍ហិង្សានេះ ហើយស្នើឲ្យរដ្ឋាភិបាលកម្ពុជាបង្កើនការការពារសន្តិសុខដល់ពលរដ្ឋគ្រប់រូបដែលចូលរួមសកម្មភាពនយោបាយ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ អះអាង ការវាយប្រហារដែលកើតឡើងកន្លងមកនោះ មិនមែនសុទ្ធតែជាប់ពាក់ព័ន្ធនឹងរឿងនយោបាយនោះទេ។
រូបឯកសារ៖ លោក ឈុន វាន សកម្មជនគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតាមចាប់ខ្លួន កាន់បដាដែលសរសេរថា «ថ្ងៃទី៩ វិច្ឆិកា ជាក្តីសង្ឃឹមរបស់ពលរដ្ឋខ្មែរ»។
ក្រុមអង្គការក្រៅរដ្ឋាភិបាលចំនួន២១ដែលធ្វើការលើការការពារសិទ្ធិមនុស្ស បានបង្ហាញ«ការបារម្ភយ៉ាងខ្លាំង»ចំពោះការវាយប្រហារលើរាងកាយធ្ងន់ធ្ងរមកលើសកម្មជនអតីតគណបក្សប្រឆាំងក្នុងពេលថ្មីៗនេះ។
ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួននៅថ្ងៃព្រហស្បត្តិ៍នេះ អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ឬហៅថា CHRAC លើកពីករណីវាយប្រហារលើអ្នកគាំទ្រនយោបាយរបស់អតីតគណបក្សសង្គ្រោះជាតិសំខាន់ៗចំនួនបួននាក់ ក្នុងរាជធានីភ្នំពេញ និងបានស្នើឲ្យអាជ្ញាធរកម្ពុជារក្សាសុវត្ថិភាពដល់ពលរដ្ឋដែលចូលរួមក្នុងសកម្មភាពនយោបាយ។
ក្នុងចំណោមជនរងគ្រោះទាំងនោះរួមមាន លោកស៊ិន បូណា អតីតចៅសង្កាត់កោះដាច់ ដែលត្រូវជនបិទមុខជិះម៉ូតូតាមវាយបាក់ដៃឆ្វេង។ លោកពូក ចន្តា ប្រធានកងការពារលោកសម រង្ស៊ី ត្រូវវាយឲ្យបែកក្បាល។ លោក ស៊ីម សំអាត អតីតចៅសង្កាត់អូឬស្សី ៣ ត្រូវវាយឲ្យរបួសធ្ងន់ធ្ងរលើក្បាលដូចគ្នា។និងលោកស្រី ចាន់តារា សកម្មជនអតីតបក្សសង្គ្រោះជាតិនៅខណ្ឌសែនសុខ។
អ្នកទាំងបួនត្រូវជនមិនស្គាល់អត្តសញ្ញាណវាយដោយដំបងដែកជាពិសេសចន្លោះពីចុងខែសីហា ដល់ចុងខែកញ្ញា។
អង្គការ CHRAC ដែលមានបណ្តុំនៃអង្គការក្រៅរដ្ឋាភិបាលចំនួន២១នោះ កត់សម្គាល់ថា ការវាយប្រហារដែលបានកើតឡើងជាបន្តបន្ទាប់នាពេលថ្មីៗនេះ កើតឡើងដោយសារតែការបញ្ចេញមតិនយោបាយរបស់ក្រុមសកម្មជនទាំងនោះ។ ប៉ុន្តែ គ្មានជនលើ្មសណាត្រូវបានចាប់ខ្លួននោះឡើយ។
បណ្តុំអង្គការក្រៅរដ្ឋាភិបាលដដែលលើកឡើងថាខ្លួន«ព្រួយបារម្ភយ៉ាងខ្លាំងអំពីករណីហិង្សាទាំងនេះ ដែលបានកើតឡើង នៅគ្រាមានភាពតានតឹងខាងនយោបាយ» ហើយ «CHRAC ក៏មានការបារម្ភយ៉ាងខ្លាំងអំពីសេរីភាពនៃការបញ្ចេញមតិ និងការប្រមូលផ្តុំជាទូទៅ»។
អង្គការដដែលគូសបញ្ជាក់ថា ជនរងគ្រោះមិនទាន់បានទទួលយុត្តិធម៌ ហើយក៏គ្មានការស៊ើបអង្កេតលើអំពើងហឹង្សាទាំងនោះដែរ។បន្ថែមពី នោះជនរងគ្រោះក៏មិនទទួលបានការព្យាបាលត្រឹមត្រូវផងដែរ។
CHRAC ចាត់ទុកថា លទិ្ធប្រជាធិបតេយ្យនៅកម្ពុជា«ត្រូវបានគំរាមកំហែង» ដែលបានធ្វើឲ្យពលរដ្ឋដែលចូលរួមក្នុងសកម្មភាពនយោបាយរស់នៅក្នុងភាពភ័យខ្លាច។
លោកស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក ដែលជាសមាជិករបស់អង្គការ CHRAC ប្រាប់ VOA ថា គួរមានការសម្របសម្រួលខាងនយោបាយ រវាងគណបក្សកាន់អំណាច និងបក្សប្រឆាំង ដើម្បីបញ្ចប់ការធ្វើទុក្ខបុកម្នេញខាងលើ មុននឹងអំពើហឹង្សារីករាលដាលទៅជាទ្រង់ទ្រាយធំ ប្រសិនបើមានការសងសឹកគ្នា។
«សង្គ្រាមស៊ីវិលបានកើតឡើងនៅក្នុងប្រទេសកម្ពុជាយើង គឺជាការកើតឡើងដោយសារតែ ការណ៍ដែលធ្វើឲ្យមានភាពឈឺចាប់រវាងខ្មែរ និងខ្មែរ ហើយមានការលាបពណ៌គ្នា មិនខុសគ្នា ដូចបច្ចុប្បន្នហ្នឹងប៉ុន្មានទេ ហើយរហូតដល់ភាគីមួយៗ អាចអស់ការអត់ធ្មត់ហើយបង្កើតជា ការតតាំង បង្កើតជាហិង្សាកើតឡើង រហូតដល់មានសង្គ្រាមស៊ីវិលអូសបន្លាយរាប់ទសវត្សរ៍អ៊ីចឹងទៅ»។
រូបឯកសារ៖ លោកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃព្រហស្បត៌៍ ទី១១ ខែសីហា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ។ (VOA)
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ យល់ថា អំពើហិង្សាដែលបានកើតឡើងនោះ មិនមែនសុទ្ធតែជាប់ពាក់ព័ន្ធនឹងរឿងនយោបាយនោះទេ ហើយថា អាជ្ញាធរក៏បានកំពុងស៊ើបអង្កេតរកជនដៃដល់ផងដែរ។
«សូមឲ្យអ្នករងគ្រោះ កុំយកបញ្ហាហ្នឹង ទៅបំបោ្លងថា ជារឿងនយោបាយ ហើយយកបញ្ហានេះ ទៅជាការ ជាៗលេសដើម្បីរត់ចោលស្រុក សុំជ្រកកោនប្រទេសទីបី ហើយដាក់កំហុសមកលើរាជរដ្ឋាភិបាល ឬក៏សមត្ថភាព ហ្នឹងសុំចឹង ព្រោះករណីនេះ វាអាចជារឿងដែលធ្វើខ្លួនឯងសោះក៏មាន»។
លោកបានព្រមានអង្គការ CHRAC ឲ្យប្រយ័ត្នប្រយែងចំពោះការងាររបស់ខ្លួន ដោយមិនត្រូវធ្វើសកម្មភាពណា ដែលមានភាពលម្អៀងខាងនយោបាយ។
ចាប់តាំងពីដើមឆ្នាំ២០១៩ មកអ្នកគាំទ្រ និងសមាជិករបស់អតីតគណបក្សសង្គ្រោះជាតិច្រើនជាង១៦០នាក់ត្រូវបានកោះហៅមកសាកសួរ។ដោយឡែកសកម្មជនគណបក្សនេះមួយចំនួនទៀតត្រូវចោទប្រកាន់ប៉ុន្តែបានរត់ភៀសខ្លួនទៅក្រៅប្រទេស។ រហូតមកដល់ពេលមានសកម្មជនគណបក្សប្រឆាំងចំនួន៤៨នាក់ដែលត្រូវបានចាប់ខ្លួន៕