លោក អីលហាន កេមាល់ ថឹក (Ilhan Kemal Tug) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគីប្រចាំកម្ពុជា នៅថ្ងៃស្រុកនេះ បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាមាន«ការប្រយ័ត្នប្រយែង»ចំពោះសកម្មភាពរបស់អង្គការភេរវកម្ម Futhullah Gulen Terrorist Organization ហៅកាត់ថា FETO ក្រោយពីអង្គការនេះបរាជ័យក្នុងការធ្វើរដ្ឋប្រហារយោធាកាលពីឆ្នាំមុននៅក្នុងប្រទេសតួកគី។
ក្នុងសន្និសីទព័ត៌មានដែលរៀបចំក្នុងស្ថានទូតតួកគីប្រចាំកម្ពុជាស្តីពីខួបមួយឆ្នាំនៃរដ្ឋប្រហារមិនជោគជ័យនៅប្រទេសតួកគី លោកឯកអគ្គរដ្ឋទូត អីលហាន កេមាល់ថឹក បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា បណ្តាញរបស់អង្គការភេរវកម្ម FETO កំពុងធ្វើសកម្មភាពក្នុងរូបភាពផ្សេងៗនៅក្នុងប្រទេសជាង១៥០ នៅទូទាំងពិភពលោក ក្នុងនោះមានប្រទេសកម្ពុជាផងដែរ។ លោកនិយាយថា រដ្ឋាភិបាលកម្ពុជាត្រូវមានការប្រុងប្រយ័ត្នចំពោះសកម្មភាពរបស់បណ្តាញភេរវកម្មនេះ។
លោកឯកអគ្គរដ្ឋទូត អីលហាន កេមាល់ថឹក ថ្លែងយ៉ាងដូច្នេះ៖
«FETO មានវត្តមាននៅក្នុងប្រទេសជាង១៥០ នៅជុំវិញពិភពលោក ក្នុងនោះមានប្រទេសកម្ពុជា។ អ្វីដែលបានកើតឡើងនៅប្រទេសតួកគី កាលពីមួយឆ្នាំកន្លងទៅ គឺជាការក្រើនរំឭកអំពីអ្វីដែលអង្គការនេះអាចនឹងមានលទ្ធភាពធ្វើអ្វីបាន នៅប្រទេសផ្សេងៗទៀត។ ហេតុដូច្នោះ យើងត្រូវតែមានការប្រយ័ត្នប្រយែងខ្លាំងចំពោះសកម្មភាពរបស់ពួកគេ»។
លោក អីលហាន កេមាល់ថឹក នៅតែបន្តចោទប្រកាន់គ្រឹះស្ថានអប់រំ Zaman ថា មានទំនាក់ទំនងជាមួយអង្គការភេរវកម្ម FETO ដោយអះអាងថា លោកបានផ្តល់អាទិភាពលើគំនិតផ្តួចផ្តើមរបស់លោក ឲ្យបិទគ្រឹះស្ថានអប់រំ Zaman នេះតែម្តង។ តែដោយសារបញ្ហានេះជាបញ្ហារស៊ើបនៅកម្ពុជា លោកថា រដ្ឋាភិបាលតួកគីកំពុងរិះរកមធ្យោបាយឈានទៅកាន់កាប់ក្បាលម៉ាស៊ីនគ្រប់គ្រងរបស់គ្រឹះស្ថានអប់រំ Zaman នេះ។
«ដូច្នេះ យើងកំពុងព្យាយាមស្វែងរកជម្រើសផ្សេងទៀត ឧទាហរណ៍ដូចជាការឈានទៅកាន់កាប់ការគ្រប់គ្រងសាលា»។
ក្នុងឆ្នាំ២០១៦ លោក អីលហាន កេមាល់ថឹក បានបើកយុទ្ធនាការការទូត ដោយបានជួបជាមួយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាពិភាក្សាលើស្នើសុំបិទគ្រឹះស្ថាននេះ។ ជំនួបនោះមិនផ្តល់ផ្លែផ្កាអ្វីនោះទេ។ នាឆ្នាំដដែលនោះ ក្រុមហ៊ុន Zaman ដែលកំពុងប្រតិបតិ្តការគ្រឹះស្ថានអប់រំ Zaman នៅកម្ពុជា ក៏បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយបានលើកឡើងថា ស្ថាបនិកសាលា Zaman បានផ្ដើមស្ថាបនាសាលានេះដោយផ្អែកលើស្មារតី និងទស្សនៈវិស័យរបស់លោក Fethullah Gulen ដែលលោកឯកអគ្គរដ្ឋទូតតួកគីនៅកម្ពុជា អះអាងថា ជាមេដឹកនាំអង្គការ FETO។
រូបឯកសារ៖ អគារសាលាបឋមសិក្សាចំណេះទូទៅសាលាហ្សាម៉ាន់អន្តរជាតិសាខាទួលគោករៀបចំសំភារៈសិក្សាសម្រាប់បវេសនកាលថ្មី នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែសីហា ឆ្នាំ២០១៦។ (ឡេង ឡែន/VOA)
ក្នុងសេចក្តីថ្លែងការណ៍នាគ្រានោះ ក្រុមហ៊ុន Zaman បានអះអាងថា លោក Gulen មិនដែលផ្ដល់ការសម្រេចចិត្តណាមួយក្នុងការបង្កើត ឬដំណើរការរបស់សាលានោះឡើយ។ នាល្ងាចថ្ងៃសុក្រនេះ ក្រុមហ៊ុន Zaman បានចេញសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយទៀត ច្រានចោលការចោទប្រកាន់របស់លោក អីលហាន កេមាល់ថឹក ផងដែរ។
VOA ព្យាយាមសុំការអធិប្បាយពីលោកជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស តែមិនអាចទាក់ទងបាននៅថ្ងៃសុក្រនេះ។
លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មានប្រសាសន៍ប្រាប់ VOA នៅថ្ងៃសុក្រនេះថា រដ្ឋាភិបាលកម្ពុជានឹងចាត់វិធានការច្បាប់ប្រឆាំងនឹងគ្រឹះស្ថានអប់រំ Zaman ប្រសិនបើស្ថាទូតតួកគីផ្តល់ភស្តុតាងគ្រប់គ្រាន់ គាំទ្រការចោទប្រកាន់របស់ខ្លួន។ លោកនាយឧត្តមសេនីយ៍រូបនេះបញ្ជាក់ថា អាជ្ញាធរកម្ពុជាមិនទាន់ទទួលបានព័ត៌មានជាដុំកំភួន ដែលបញ្ជាក់បានថា គ្រឹះស្ថានអប់រំ Zaman ជាបណ្តាញរបស់ក្រុមភេរវករទេ។
លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃថ្លែងថា៖
«ការចោទប្រកាន់អីចឹង វាពិបាកនឹងធ្វើដែរ ព្រោះវាអត់មានភស្តុតាងផ្តល់ឲ្យច្បាប់។ យើងមិនគាំទ្រទេ បើសិនបើមានកិច្ចការងារហ្នឹងមែន។ សុំឲ្យផ្តល់ភស្តុតាងឲ្យច្បាស់លាស់»។
រដ្ឋប្រហារយោធាដែលមិនបានជោគជ័យនៅប្រទេសតួគីនេះបានកើតឡើងនៅថ្ងៃទី១៥ ខែកក្កដាឆ្នាំ២០១៦ នៅកណ្តាលរដ្ឋធានី Angkara និងទីក្រុង Istanbul ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ និងទីកន្លែងប្រវត្តិសាស្ត្រក្នុងប្រទេសតួកគី។
នៅក្នុងអំឡុងពេលធ្វើប្រតិបតិ្តការដោយរដ្ឋអំណាចប្រទេសតួកគីប្រឆាំងនឹងក្រុមភេរវកម្មនេះ មានមនុស្សច្រើនជាង៦.០០០នាក់ត្រូវបានចាប់ឃុំខ្លួន និងអ្នករៀបគម្រោងធ្វើប្រហារ១០០នាក់ទៀតបានបាត់បង់ជីវិត។ មានប្រជាពលរដ្ឋ១៩០នាក់ក៏បានស្លាប់ ហើយនិងប្រជាពលរដ្ឋ១.៤០០នាក់ផ្សេងទៀតបានរងរបួស។ នេះបើយោងទៅតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនៃសាធារណរដ្ឋតួកគី។
លោក ដេត សុខឧត្តម សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Zaman កម្ពុជា ថ្លែងប្រាប់ VOA នាថ្ងៃសុក្រនេះថា លោកឯកអគ្គរដ្ឋទូតតួកគី គួរតែទម្លាក់ការចោទប្រកាន់ ដែលគ្មានមូលដ្ឋានរបស់លោក មកលើគ្រឹះស្ថានអប់រំ Zaman នេះបន្តទៀត។ លោកថា ការចោទប្រកាន់ថា គ្រឹះស្ថាននេះមានជាប់ពាក់ព័ន្ធនឹងសកម្មភាពភេរវកម្មអាចបង្កក្តីបារម្ភដល់សិស្សដែលកំពុងសិក្សា និងឪពុកម្តាយរបស់សិស្សដែលបានបញ្ជូនកូនមករៀនសូត្រនៅគ្រឹះស្ថានអប់រំនេះ។
«ដោយសារលើកនេះ វាជាការលើកឡើងដដែលថ្មី ខ្ញុំមិនគិតថា វាប៉ះពាល់អីខ្លាំងទេ។ ប៉ុន្តែទន្ទឹមហ្នឹងនឹង គឺយើងលើកទឹកចិត្តឲ្យលោកឯកអគ្គរដ្ឋទូតគាត់ទម្លាក់ការចោទប្រកាន់ ដែលអត់មានមូលដ្ឋាន។ វាជារឿងធ្វើឡើងមួយឆ្នាំហើយ។ វាធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់សាលាយើង ធ្វើឲ្យមានការភ័យព្រួយពីសំណាក់អាណាព្យាបាល ក៏ដូចជានិស្សិត និងបុគ្គលិក ជាង២០០០នាក់ពេលឆ្នាំមុន»។
លោក ដេត សុខឧត្តម សុំមិនធ្វើការអធិប្បាយទាក់ទិននឹងចំណាត់ការខាងផ្លូវច្បាប់ ដែលក្រុមហ៊ុន Zaman អាចនឹងពិចារណាដើម្បីឆ្លើយតបទៅនឹងការចោទប្រកាន់ពីឯកអគ្គរដ្ឋទូតរបស់ប្រទេសតួកគីនៅកម្ពុជានេះទេ។
យ៉ាងណាក៏ដោយ លោក អីលហាន កេមាល់ថឹក បានប្រាប់ក្រុមអ្នកសារព័ត៌មានថា រដ្ឋាភិបាលតួកគី ដឹកនាំដោយលោកប្រធានាធិបតី Recep Tayyip Erdogan កំពុងបន្តអង្កេតរកអ្នករៀបគម្រោងរដ្ឋប្រហារយោធាដែលមិនបានជោគជ័យ។ លោកបញ្ជាក់បន្ថែមថា តុលាការក៏កំពុងបន្តស៊ើបអង្កេតករណីនានា ដែលមានការពាក់ព័ន្ធនឹងរដ្ឋប្រហារយោធានោះដែរ។
លោក Fethullah Gulen គឺមេដឹកនាំចលនាសាសនា ដែលគេសា្គល់ថា Hizmet ឬជាភាសាអង់គ្លេសហៅថា «Service» ឬ «ការបម្រើ» ដែលជាម្ចាស់មូលនិធិសមាគម អង្គភាពព័ត៌មានជាច្រើន និងសាលារៀននៅប្រទេសតួកគី និងនៅបរទេស។ នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញព័ត៌មាន Al Jazeera ដែលបានចេញផ្សាយនាពេលកន្លងមក។
លោក Gulen ក៏ត្រូវគេដឹងថា ជាបុគ្គលមានឥទ្ធិពលទី២ក្នុងប្រទេសតួកគី តែបានរស់នៅដោយនិរទេសខ្លួននៅសហរដ្ឋអាមេរិក។ លោក អីលហាន កេមាល់ថឹក ឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា បានឲ្យដឹងថា លោក Gulen បានតាំងខ្លួនលោកថា ជាបព្វជិតម៉ូស្លីមមួយរូបនៅប្រទេសតួកគី ដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក៕