ទីក្រុង West Palm Beach រដ្ឋ Florida — ភ្លាមៗមុនការស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីកាន់តំណែងបន្ទាប់ពីលោក លោក Donald Trump បានប្រើប្រាស់នូវបុព្វសិទ្ធិជាប្រធានាធិបតីជាលើកចុងក្រោយ ដោយមានក្បួនរថយន្តហែហមដែលបានបើកយឺតៗកាត់តាមផ្លូវនានានៃទីក្រុង Palm Beach រដ្ឋ Florida នៅពេលដែលលោកបានជិះក្នុងរថយន្តការពារគ្រាប់ហើយគ្រវីដៃទៅកាន់ពួកអ្នកគាំទ្ររាប់រយនាក់ ដោយគ្រវីបដា ស្រែកបន្ទរឈ្មោះរបស់លោក ហើយអ្នកខ្លះទៀតជំរុញឲ្យលោកឈរឈ្មោះប្រធានាធិបតីម្តងទៀតនៅឆ្នាំ២០២៤។
លោក Trump ត្រូវបានអមដំណើរត្រឡប់ទៅផ្ទះដោយលោកស្រី Melania Trump ដែលជាភរិយារបស់លោក អ្នកជំនួយការមួយក្រុមតូចដែលនៅស្មោះត្រង់នឹងលោកនិងក្រុមអ្នកសារព័ត៌មាននៅសេតវិមានជាង១០នាក់ ដែលលោកបានចំអកមើលងាយក្នុងអំឡុងពេលនៃការកាន់តំណែងរបស់លោកថាជា «ព័ត៌មានក្លែងក្លាយ» និង «ជាសត្រូវរបស់ប្រជាពលរដ្ឋ»។
ក្បួនរថយន្តបានបើកកាត់ច្រកទ្វាររមណីយដ្ឋាន Mar-a-Lago មិនដល់៣០នាទីផង មុនពេលដែលលោក Trump ចប់អាណត្តិជាប្រធានាធិបតីសហរដ្ឋអាមេរិក។
បន្ទាប់ពីចាកចេញពីសេតវិមានជាលើកចុងក្រោយ លោក Trump បានទៅដល់មូលដ្ឋានទ័ព Joint Base Andrews នៅក្នុងរដ្ឋ Maryland កាលពីព្រឹកថ្ងៃពុធ តាមឧទ្ធម្ភាគចក្រ Marine One។ លោកត្រូវបានទទួលការស្វាគមន៍ដោយក្រុមតន្ត្រីយោធាដែលបានលេងភ្លេងមួយបទដែលមានចំណងជើងថា «Hail to the Chief» អមដោយការគោរពដោយការបាញ់កាំភ្លើងធំ២១ណាត់ និងក្រុមមនុស្សប្រហែលពីររយនាក់។
លោក Donald Trump និងភរិយា Melania Trump លើកដៃលាអ្នកគាំទ្រ ពេលឡើងយន្តហោះធ្វើដំណើរចេញពីមូលដ្ឋានទ័ព Joint Base Andrews ក្នុងរដ្ឋ Maryland ទៅកាន់រដ្ឋ Florida ពេលលោកបញ្ចប់អាណត្តិប្រធានាធិបតី នៅថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១។
ក្រុមអ្នកគាំទ្រលោក Donald Trump ឈរជូនដំណើរលោក Trump នៅមូលដ្ឋានទ័ព Joint Base Andrews នៅរដ្ឋ Maryland ថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១។
នៅទីនោះ លោកបានចំណាយពេលមិនដល់១០នាទីផង ដើម្បីថ្លែងទៅកាន់ក្រុមអ្នកគាំទ្ររបស់លោកនូវពាក្យពេចន៍ ដែលមានលក្ខណៈសង្ខេបនិងមិនសូវខ្លាំងក្លា ដូចដែលលោកបានថ្លែងជារឿយៗ នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតដែលផ្តោតលើការ «ធ្វើឲ្យប្រទេសអាមេរិកអស្ចារ្យម្តងទៀត» ដែលលោកបានសង្ឃឹមថា អាចនឹងជួយឱ្យលោកឈ្នះការបោះឆ្នោតប្រធានាធិបតីម្តងទៀតកាលពីឆ្នាំទៅ»។
លោក Trump ដែលនិយាយមិនចំឈ្មោះលោកប្រធានាធិបតី Joe Biden បានថ្លែងថា «ខ្ញុំសូមជូនពររដ្ឋបាលថ្មីឲ្យមានសំណាងល្អ និងទទួលបានជោគជ័យដ៏ខ្លាំង។ ខ្ញុំគិតថា ពួកគេ នឹងមានការជោគជ័យដ៏ខ្លាំង»។
លោក Trump ដែលត្រូវបានរិះគន់ចំពោះការមិនយកចិត្តទុកដាក់ចំពោះការរាតត្បាតនៃវីរុសកូរ៉ូណាកម្រនិយាយអំពី «ប្រជាពលរដ្ឋនិងក្រុមគ្រួសារដែលទទួលរងគ្រោះយ៉ាងខ្លាំង» ពីជំងឺកូវីដ១៩ ដោយបានហៅជំងឺនោះថាជា «វីរុសចិន»។
លោកប្រធានាធិបតីទី ៤៥ រូបនេះបានសន្យាថា៖ «នឹងវិលត្រឡប់មកវិញក្នុងតំណែងណាមួយ»ហើយបន្ទាប់មកបានបញ្ចប់ការថ្លែងរបស់លោកដោយបានប្រាប់ហ្វូងមនុស្សដែលស្រែកអបអរថា «សូមឲ្យមានរឿងល្អៗក្នុងជីវិត។ យើងនឹងជួបគ្នាក្នុងពេលឆាប់ៗនេះ»។
បន្ទាប់មក ក្រុមគ្រួសារលោក Trump បានឡើងជណ្តើរយន្តហោះ Air Force One ហើយបានងាកមកគ្រវីដៃជាច្រើនលើក មុនពេលចាកចេញទៅកាន់រដ្ឋ Florida។
លោក Trump ដែលទៅតាមច្បាប់កាន់អំណាច៤ឆ្នាំ បានរំលោភទំនៀមទម្លាប់រហូតដល់ទីបញ្ចប់ ដោយមិនត្រឹមតែមិនចូលរួមការស្បថចូលកាន់តំណែងរបស់លោក Biden ទេ ក៏ប៉ុន្តែ ថែមទាំងបដិសេធមិននិយាយឈ្មោះរបស់បេក្ខជនគណបក្សប្រជាធិបតេយ្យ ដែលបានឈ្នះការបោះឆ្នោតនៅខែវិច្ឆិកាទៀត។
នៅពេលដែលលោក Biden ស្បថចូលកាន់តំណែងជាប្រធានាធិបតីមុនពេលថ្ងៃត្រង់ នៅឯអាគារវិមានសភាសហរដ្ឋអាមេរិក ដែលមានការការពារដ៏រឹងមាំនោះ លោក Trump បានស្ថិតនៅក្នុងរមណីយដ្ឋាន Mar-a-Lago របស់លោករួចទៅហើយ ដែលស្ថិតនៅចម្ងាយ ១ពាន់៤រយគីឡូម៉ែត្រភាគខាងត្បូង ដែលជាកន្លែងឈប់សម្រាករដូវក្តៅក្នុងអំឡុងពេលនៃការកាន់តំណែងជាប្រធានាធិបតីរបស់លោក។
រូបឯកសារ៖ ក្រុមអ្នកគាំទ្រលោក Donald Trump ប៉ះទង្គិចជាមួយប៉ូលិស ខណៈពួកគេធ្វើបាតុកម្មសម្រុកចូលក្នុងវិមាសភាសហរដ្ឋអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។
ការកាន់តំណែងជាប្រធានាធិបតីរបស់លោកបានបញ្ចប់ដោយភាពច្របូកច្របល់។ ក្នុងប៉ុន្មានថ្ងៃចុងក្រោយនៃការកាន់តំណែងនោះ លោក Trump បានរងការប្តឹងទម្លាក់ចេញពីតំណែងជាលើកទី២ បន្ទាប់ពីសមាជិករដ្ឋសភា ដែលរួមមានទាំងសមាជិករដ្ឋសភាខាងគណបក្សសាធារណរដ្ឋចំនួន ១០នាក់ផង បានចោទប្រកាន់លោកពីការបះបោរ។ ទោះបីចេញពីតំណែងក៏ដោយ ក៏លោក Trump នឹងប្រឈមការកាត់ទោសនៅក្នុងព្រឹទ្ធសភានៅពេលឆាប់ៗនេះដែរ ។
ក្នុងសុន្ទរកថាមួយកាលពីថ្ងៃទី៦ ខែមករា នៅទីលាន Ellipse ខាងក្រោយសេតវិមាន លោក Trump បានជំរុញក្រុមអ្នកគាំទ្រលោកនៅឯបាតុកម្មដែលមានឈ្មោះថា ឈប់លួចសន្លឹកឆ្នោត ឬ Stop the Steal ឲ្យដើរទៅកាន់វិមានសភាដែលនៅទីនោះសមាជិកសភា ដែលដឹកនាំដោយលោកអនុប្រធានាធិបតី Mike Pence បានរាប់សន្លឹកឆ្នោតអង្គបោះឆ្នោតដែលផ្តល់ជ័យជម្នះផ្តាច់ព្រ័ត្រដល់លោក Biden។
ភាពច្របូកច្របល់បានបណ្តាលឲ្យមានមនុស្សស្លាប់ របួសនិងការខូចខាតដែលនាំឲ្យមានការចោទប្រកាន់ថ្នាក់សហព័ន្ធប្រឆាំងនឹងមនុស្សជាង ១០០នាក់ ហើយវាជាព្រឹត្តិការណ៍មួយដែលពួកគណបក្សប្រជាធិបតេយ្យជាច្រើននិងមនុស្សផ្សេងៗទៀត ចាត់ទុកថាជាការប៉ុនប៉ងធ្វើរដ្ឋប្រហារ។
ព្រឹត្តិការណ៍នោះ បានធ្វើឲ្យចុះខ្សោយនូវការក្តោបក្តាប់អំណាចរបស់លោក Trump ទៅលើគណបក្សសាធារណរដ្ឋ ខណៈពេលដែលអ្នកនយោបាយសំខាន់ៗជាច្រើនរបស់គណបក្សនោះបានសួរខ្លួនឯងថា តើអតីតប្រធានាធិបតី នឹងជួយ ឬមួយធ្វើឲ្យប៉ះពាល់ពួកគេនៅក្នុងការបោះឆ្នោតសភាដែលឥឡូវនេះនៅសល់មិនដល់២ឆ្នាំទៀតនោះ។
ក្នុងការស្ទង់មតិរបស់ក្រុមហ៊ុន Gallup ដែលបានចេញផ្សាយនៅសប្តាហ៍នេះ បានឲ្យដឹងថា លោក Trump បានចាកចេញដោយមានអត្រានៃការគាំទ្រចំនួន ៣៤ភាគរយ ដែលជាពិន្ទុទាបសម្រាប់ការកាន់តំណែងជាប្រធានាធិបតីនេះ ដែលជាការទទួលបានអត្រានៃការគាំទ្រមធ្យមទាបបំផុត ចាប់តាំងពីការស្ទង់មតិបានចាប់ផ្តើមនៅក្នុងទសវត្សរ៍ ១៩៤០មក។
ទោះជាយ៉ាងណាក៏ដោយ លោកនៅតែមានប្រជាប្រិយភាពក្នុងចំណោមពួកអ្នកបោះឆ្នោតខាងគណបក្សសាធារណរដ្ឋ «ដោយមានអត្រាគាំទ្រចំនួន ៨២ភាគរយ»។
រូបឯកសារ៖ ក្រុមការងារសង្គ្រោះអ្នកជំងឺបន្ទាន់នៅមន្ទីរពេទ្យ MLK Community ដែលមានអ្នកជំងឺកូវីដ១៩ ដ៏ច្រើនសម្រាកព្យាបាលជំងឺ ក្នុងរដ្ឋ Los Angeles រដ្ឋ California កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០។
ថ្វីបើមានការថ្កោលទោសពីសមាជិកសភារបស់គណបក្សលោក ហើយថែមទាំងសមាជិកគណៈរដ្ឋមន្ត្រីមួយចំនួនរបស់លោក បានលាចេញពីតំណែងនៅក្នុងការតវ៉ាប្រឆាំងអំពីវោហារសាស្ត្រ ក្រោយការបោះឆ្នោតរបស់លោកក៏ដោយ ក៏លោក Trump ជាបេក្ខជននាំមុខនៅពេលបច្ចុប្បន្ននេះ បើលោកជ្រើសរើសឈរឈ្មោះម្តងទៀត សម្រាប់តំណែងប្រធានាធិបតី នៅឆ្នាំ២០២៤។
ដៃគូពាណិជ្ជកម្មរបស់លោក Trump ចាប់តាំងពីដៃគូការប្រកួតកីឡាវាយកូនហ្គោលរហូតដល់ធនាគារ កំពុងចៀសវាងមិនចង់រកស៊ីជាមួយលោកទេ ហើយលោកអាចមានការលំបាកដើម្បីស្ថិតនៅជាមហាសេដ្ឋីទៀតនៅពេលឥឡូវនេះរហូតដល់ការបោះឆ្នោតប្រធានាធិបតីលើកក្រោយ។ លោកត្រូវបានគេបំបិទសំឡេងនៅលើបណ្តាញសង្គម ហើយអាចប្រឈមការចោទប្រកាន់ខាងផ្លូវច្បាប់ជាច្រើននៅក្នុងរដ្ឋញូវយ៉ក និងរដ្ឋផ្សេងទៀត។
លោកបានបន្សល់ទុកនូវការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ ដែលលោកបានស្តីបន្ទោសប្រទេសចិន។ រហូតមកទល់ពេលនេះ ជំងឺឆ្លងនេះបានសម្លាប់មនុស្សជាង ៤សែននាក់ នៅក្នុងសហរដ្ឋអាមេរិកដែលមានចំនួនច្រើនជាងប្រទេសណាៗទាំងអស់។
នៅឆ្នាំចុងក្រោយនៃការកាន់តំណែងជាប្រធានាធិបតីរបស់លោក លោក Trump ខ្លួនឯងបានចូលសម្រាកក្នុងមន្ទីរពេទ្យបន្ទាប់ពីឆ្លងវីរុសកូរ៉ូណា។ ការស្ទង់មតិបង្ហាញថា ពលរដ្ឋអាមេរិកាំងភាគច្រើនជឿថា ការឆ្លើយតបរបស់រដ្ឋបាលលោកបានធ្វើឲ្យការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ នោះកាន់តែអាក្រក់ឡើង។
ក្រុមអ្នកគាំទ្ររបស់លោក Trump បានចង្អុលបង្ហាញពីផលវិជ្ជមាននានាដែលលោកប្រធានាធិបតីសម្រេចបានជោគជ័យ ដែលរួមមានការកម្ទេចក្រុមរដ្ឋឥស្លាម ការធ្វើឲ្យមានភាពប្រក្រតីឡើងវិញនៅតំបន់មជ្ឈិមបូព៌ា កំណែទម្រង់ប្រព័ន្ធយុត្តិធម៌ និងការបង្កើនល្បឿននៃការអនុម័តឱសថទូទៅជាដើម៕
ប្រែសម្រួលដោយលោក ជឹង ប៉ូជីន