មនុស្សជិត ២ លាននាក់គ្មានអគ្គិសនីប្រើប្រាស់ ហើយនៅថ្ងៃព្រហស្បតិ៍នេះ ក្រុមអ្នកជួយសង្គ្រោះនិងពលរដ្ឋបានចាប់ផ្ដើមប្រតិបត្តិការជួយសង្គ្រោះនិងស្វែងរកក្រែងមានអ្នកដែលបានបាត់ខ្លួន នៅពេលដែលព្យុះ Ian បានបក់បោកកាត់តាមរដ្ឋ Florida របស់សហរដ្ឋអាមេរិកកាលពីថ្ងៃពុធ។
ព្យុះនេះបានបង្កឱ្យមានទឹកជំនន់ខ្លាំងក្លាដែលអាចប៉ះពាល់ដល់អាយុជីវិតនៅតាមសហគមន៍នានានៅក្នុងរដ្ឋ Florida មុនពេលវាបក់បោកកាត់ទូទាំងរដ្ឋឆ្ពោះទៅកាន់មហាសមុទ្រអាត្លង់ទិក។
មជ្ឈមណ្ឌលព្យុះសង្ឃរាជាតិសហរដ្ឋអាមេរិកបានបញ្ជាក់ថា ខ្លួនរំពឹងថា ព្យុះនេះនឹងថមថយឥទ្ធិពលនៅថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែវាអាចមានឥទ្ធិពលខ្លាំងដូចព្យុះសង្ឃរាម្ដងទៀតនៅពេលដែលវាបក់បោកជិតដល់រដ្ឋ South Carolina នៅថ្ងៃសុក្រស្អែក។
នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ព្យុះនេះមានល្បឿនខ្យល់ជាអតិបរមាក្នុងកម្រិតថេរប្រហែល ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង។
ពលរដ្ឋជាង ២ លាននាក់នៅតាមតំបន់ឆ្នេរភាគខាងលិចរដ្ឋ Florida ត្រូវបានអាជ្ញាធរប្រាប់ឱ្យជម្លៀសចេញពីផ្ទះសម្បែងរបស់ខ្លួននៅមុនពេលព្យុះនេះបក់បោកមកដល់។
ក្រុមសង្គ្រោះពន្លត់អគ្គិភ័យ ជួយអ្នកដែលចេញមិនរួចដោយសារខ្យល់ព្យុះ Ian (អៀន) នៅស្រុក Orange County រដ្ឋ Florida សហរដ្ឋអាមេរិក កាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី២៩ ខែកញ្ញា ឆ្នាំ២០២២។ (រូបផ្តល់ឱ្យដោយ Orange County Fire Rescue's Public Information Office តាម AP)
អភិបាលរដ្ឋ Florida លោក Ron DeSantis បានប្រាប់អ្នកកាសែតកាលពីថ្ងៃពុធថា ព្យុះនេះបានបង្កឱ្យមាន «ការខូចខាតយ៉ាងច្រើន»។
លោក DeSantis បានបន្ថែមថា៖ «ផលប៉ះពាល់នៃព្យុះនេះគឺជាប្រវត្តិសាស្ត្រហើយការខូចខាតដោយសារព្យុះនេះក៏ជាប្រវត្តិសាស្ត្រដែរ។ យើងមិនដែលឃើញមានទឹកជំនន់ដូចនេះកើតឡើងនោះទេ។ យើងមិនដែលឃើញព្យុះណាដែលមានទំហំដូចនេះទេ»។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានប្រកាសដាក់រដ្ឋ Florida ក្នុងភាពអាសន្ន ដោយអនុញ្ញាតឱ្យទីភ្នាក់ងារសហព័ន្ធគ្រប់គ្រងគ្រោះមហន្តរាយ (FEMA) ធ្វើការសម្របសម្រួលកិច្ចប្រឹងប្រែងជួយសង្គ្រោះនិងផ្ដល់ជំនួយរដ្ឋាភិបាលសហព័ន្ធបន្ថែមទៀត។
លោក Biden បាននិយាយជាមួយនឹងលោក DeSantis នៅថ្ងៃព្រហស្បតិ៍នេះ ដោយបានបញ្ជាក់ថា រដ្ឋបាលរបស់លោកបានប្ដេជ្ញាបន្តកិច្ចសម្របសម្រួលជិតស្និទ្ធ និងថាប្រធានទីភ្នាក់ងារ FEMA អ្នកស្រី Deanne Criswell នឹងធ្វើដំណើរទៅរដ្ឋ Florida នៅថ្ងៃសុក្រស្អែក។
អ្នកស្រី Criswell បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន CNN ថា ការខូចខាតដែលបណ្ដាលមកពីព្យុះ Ian នេះនឹងមានលក្ខណៈមហន្តរាយខ្លាំង ហើយទីភ្នាក់ងារ FEMA កំពុងត្រៀមរៀបចំសម្រាប់មនុស្សរាប់ពាន់នាក់ដែលអាចត្រូវខ្ចាត់ព្រាត់ពីផ្ទះសម្បែងរយៈពេលយូរ៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារព័ត៌មាន Associated Press ទីភ្នាក់ងារព័ត៌មាន AFP និងទីភ្នាក់ងារព័ត៌មាន Reuters។