ជារៀងរាល់ឆ្នាំ សិស្សវិទ្យាល័យ រួមទាំងអ្នកណែនាំប្រមាណ៥០នាក់មកពីប្រទេសទាំង១០នៃតំបន់អាស៊ីអាគ្នេយ៍ធ្វើដំណើរមកកាន់សហរដ្ឋអាមេរិក និងចូលរួមក្នុងកិច្ចពិភាក្សាជុំវិញបញ្ហាចិរភាពខាងបរិស្ថាន ការអប់រំ និងភាពជាអ្នកដឹកនាំ ដែលជាផ្នែកនៃគម្រោងភាពជាអ្នកដឹកនាំសម្រាប់យុវជននៅតំបន់អាស៊ីអាគ្នេយ៍ ឬហៅថា (SEAYLP)។
ចាប់តាំងពីឆ្នាំ២០០៩មក គម្រោងភាពជាអ្នកដឹកនាំសម្រាប់យុវជននៅតំបន់អាស៊ីអាគ្នេយ៍ ឬហៅថា Southeast Asian Youth Leadership Program (SEAYLP) ត្រូវបានរៀបចំ និងអនុវត្តដោយមជ្ឈមណ្ឌលសិក្សាអំពីតំបន់អាស៊ីអាគ្នេយ៍របស់សកលវិទ្យាល័យ Northern Illinois University (NIU) ក្រោមមូលនិធិឧបត្ថម្ភដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។
គម្រោងភាពជាអ្នកដឹកនាំសម្រាប់យុវជននៅតំបន់អាស៊ីអាគ្នេយ៍នេះគឺធ្វើឡើងក្នុងគោលបំណងផ្តល់ជំនាញផ្សេងៗដូចជា ភាពជាអ្នកដឹកនាំ ការចូលរួមការងារស្ម័គ្រចិត្តក្នុងសហគមន៍ និងដើម្បីជំរុញឲ្យមានវប្បធម៌អត់អោនគ្នា គោរពគ្នា និងយោគយល់គ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងអស់នៅក្នុងសមាគមអាស៊ាន។
សម្រាប់ឆ្នាំនេះ មជ្ឈមណ្ឌលសិក្សាស្តីអំពីតំបន់អាស៊ីអាគ្នេយ៍របស់សកលវិទ្យាល័យ Northern Illinois ដែលមានលោកស្រីសាស្ត្រាចារ្យ Judy Ledgerwood អ្នកស្រាវជ្រាវដ៏ឆ្នើមម្នាក់អំពីវប្បធម៌ ស្ត្រី និងអំពីនរវិទ្យានៅកម្ពុជាតាំងពីទសវត្សរ៍ឆ្នាំ៨០ជាប្រធាន បានស្វាគមន៍យុវជនវ័យក្មេង និងអ្នកណែនាំចំនួន៦០នាក់ មកពីប្រទេសព្រុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ភីលីពីន សិង្ហបុរី ថៃ និងវៀតណាម មកកាន់សកលវិទ្យាល័យ Northern Illinois។
ក្នុងអំឡុងគម្រោងរយៈពេលបីសប្តាហ៍នេះ យុវជនទាំងអស់បានចូលរួមសិក្ខាសាលា និងរៀនសូត្រអំពីបញ្ហាចិរភាពខាងបរិស្ថាន ការចូលរួមធ្វើការងារស្ម័គ្រចិត្តឲ្យសហគមន៍ក្រីក្រ ភាពជាអ្នកដឹកនាំ ហើយក៏បានផ្លាស់ប្តូរវប្បធម៌រវាងគ្នាទៅវិញទៅមក។
អ្នកចូលរួមក្នុងគម្រោង SEAYLP ណែនាំវប្បធម៌ឥណ្ឌូនេស៊ីដល់សិស្សនៅសាលាបឋមសិក្សា Founders Elementary School (ផ្តល់ឲ្យដោយ៖ មជ្ឈមណ្ឌលសិក្សាអំពីអាស៊ីអាគ្នេយ៍នៃសកលវិទ្យាល័យ Northern Illinois)
វ៉ាន់ ជឿន សិស្សវិទ្យាល័យម្នាក់ក្នុងចំណោមសិស្សបីនាក់មកពីខេត្តរតនគីរី នៃប្រទេសកម្ពុជា ឲ្យដឹងថា ក្រុមរបស់គេបានរៀនសូត្រច្រើនពីគម្រោងនេះ ក៏ដូចជាពីយុវជនផ្សេងៗមកពីប្រទេសផ្សេងៗនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
«ពួកយើងខ្ញុំបានរៀនច្រើន។ ទីមួយគឺការធ្វើការក្រុម។ ទីពីរ យើងបានស្វែងយល់ដឹងពីភាពជាអ្នកដឹកនាំ ហើយយើងក៏បានរៀនសូត្រពីវប្បធម៌របស់អាមេរិក តាមរយៈការរស់នៅជាមួយនឹងគ្រួសារអាមេរិក។ ជាពិសេស យើងបានរៀនពីអ្នកចូលរួមទាំងអស់ផងដែរ»។
ជាមួយគ្នានេះ យុវជនវ័យក្មេងរបស់សមាគមអាស៊ាន ដែលមានអាយុចន្លោះ១៥ ទៅ១៨ឆ្នាំ ក៏បានប្រាស្រ័យទាក់ទងជាមួយនឹងសិស្សវិទ្យាល័យអាមេរិកចំនួន១៥នាក់ ក្នុងកម្មវិធីបោះជំរុំយុវជនជាអ្នកដឹកនាំសកលលោក ឬហៅថា Global Youth Leaders Camp ដើម្បីធ្វើការងារស្ម័គ្រចិត្តក្នុងសហគមន៍ និងផ្លាស់ប្តូរចំណេះដឹង និងវប្បធម៌គ្នាទៅវិញទៅមក។
ក្រុមតំណាងឲ្យប្រទេសថៃរាំរបាំ និងបង្ហាញក្បាច់គុណបុរាណថៃនៅក្នុងកម្មវិធីរាត្រីវប្បធម៌ SEAYLP កាលពីថ្ងៃទី១៩ ខែមេសា (ផ្តល់ឲ្យដោយ៖ មជ្ឈមណ្ឌលសិក្សាអំពីអាស៊ីអាគ្នេយ៍នៃសកលវិទ្យាល័យ Northern Illinois)
គម្រោងភាពជាអ្នកដឹកនាំ SEAYLP នេះក៏រួមមានដំណើរទស្សនកិច្ចសិក្សារយៈពេលបីថ្ងៃមកកាន់រដ្ឋធានីវ៉ាស៊ីនតោន ដែលជាទីស្នាក់ការកណ្តាលរបស់រដ្ឋាភិបាលអាមេរិក។ ក្នុងដំណើរទស្សនកិច្ចនេះ យុវជនវ័យក្មេងរបស់សមាគមអាស៊ានបានជួបសន្ទនាជាមួយនឹងលោកប្រធានសភាអាមេរិកនៅរដ្ឋសភាអាមេរិក។
កេន ខួច ជាសិស្សវិទ្យាល័យសម្តេចឪសម្តេចម៉ែនៅខេត្តរតនគីរី ឲ្យដឹងថា ដំណើរទស្សនកិច្ចមកកាន់រដ្ឋធានីវ៉ាស៊ីនតោននេះបានផ្តល់ឱកាសឲ្យពួកគេបានរៀនសូត្រអំពីប្រព័ន្ធរដ្ឋាភិបាលអាមេរិក និងអំពីភាពជាអ្នកដឹកនាំនៅសហរដ្ឋអាមេរិក។
«យើងបានជួបប្រធានសភាអាមេរិក ហើយគាត់បានផ្តល់ការណែនាំដល់យើងទាំងអស់គ្នា ដែលមកពីតំបន់អាស៊ីអាគ្នេយ៍។ យើងក៏បានសួរទៅគាត់អំពីបញ្ហាផ្សេងៗ ហើយក៏បានស្វែងយល់អំពីបទពិសោធន៍ និងការងាររបស់គាត់រហូតដល់គាត់ទទួលបានតំណែងរបស់គាត់នាពេលសព្វថ្ងៃនេះ»។
នៅរដ្ឋធានីវ៉ាស៊ីនតោន យុវជនវ័យក្មេងទាំងអស់ក៏បានធ្វើដំណើរទស្សនកិច្ចសិក្សាមកកាន់ទីស្នាក់ការកណ្តាលរបស់សមេ្លងសហរដ្ឋអាមេរិក ឬ VOA ដើម្បីស្វែងយល់អំពីការងារផ្សព្វផ្សាយព័ត៌មានរបស់ VOA ទៅកាន់ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍។
ណុបណែម ណារុង ដែលជាសិស្សវិទ្យាល័យសម្តេចឪសម្តេចម៉ែនៅខេត្តរតនគីរីម្នាក់ដែរ ដែលបានចូលរួមនៅក្នុងគម្រោងក្នុងឆ្នាំនេះ បានរៀបរាប់អំពីដំណើរទស្សនកិច្ចមកកាន់ VOA។
«យើងមកទីនេះ ដើម្បីរៀនសូត្រ និងយល់ដឹងបន្ថែមអំពី VOA សម្លេងសហរដ្ឋអាមេរិក»។
ក្រោយពីដំណើរទស្សនកិច្ចមកកាន់រដ្ឋធានីវ៉ាស៊ីនតោនបានបញ្ចប់ទៅ អ្នកចូលរួមក្នុងគម្រោងភាពជាអ្នកដឹកនាំសម្រាប់យុវជននៅតំបន់អាស៊ីអាគ្នេយ៍បានវិលត្រឡប់ទៅកាន់ប្រទេសជាស្រុកកំណើតរបស់ខ្លួនវិញ ដោយមានគម្រោងសកម្មភាពរៀងៗខ្លួន ដើម្បីដោះស្រាយបញ្ហាក្នុងសហគមន៍របស់គេ ដូចជាបញ្ហាបរិស្ថាន ការអប់រំ និងបញ្ហាសង្គមផ្សេងៗ។
សម្រាប់សិស្សវិទ្យាល័យទាំងបីរបស់កម្ពុជា ដែលមកពីខេត្តរតនគីរី ពួកគេមានគម្រោងជាសកម្មភាពមួយចំនួនដូចជា ការបង្កើតជាបណ្ណាល័យ និងរៀបចំជាវេទិកាសាធារណៈដើម្បីចែករំលែកចំណេះដឹង ដែលពួកគេបានរៀនសូត្រពីគម្រោងនេះ។
វ៉ាន់ ជឿន បានរៀបរាប់អំពីចំណាប់អារម្មណ៍របស់គេមកកាន់សហរដ្ឋអាមេរិក និងទីស្នាក់ការរបស់ VOA និងអំពីគម្រោងរបស់ក្រុមគេ នៅពេលវិលត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញ។
សិស្សវិទ្យាល័យមកពីខេត្តរតនគីរី នៅកម្ពុជា ដែលចូលរួមក្នុងគម្រោង SEAYLP នៅមុខទីស្នាក់ការ VOA
«ខ្ញុំធ្លាប់តែឮអាមេរិក ហើយខ្ញុំធ្លាប់តែឃើញក្នុងទស្សនាវដ្តី និងកាសែតផ្សេងៗ។ ហើយដូចជា VOA នេះ ខ្ញុំធ្លាប់តែស្តាប់ ប៉ុន្តែ នៅពេលដែលខ្ញុំបានមកដល់ទីនេះមែន ខ្ញុំរំភើបមែនទែន។ ពួកខ្ញុំនឹងចែករំឡែក និងរៀបចំជាគម្រោងសកម្មភាពមួយ ដើម្បីបង្កើតបណ្ណាល័យ។ យើងបានរៀនពីការបង្កើត Action Plan និងភាពជាអ្នកដឹកនាំ ហើយបើពួកខ្ញុំមិនធ្វើទេ តើអ្នកណាអ្នកធ្វើ»។
គម្រោងភាពជាអ្នកដឹកនាំសម្រាប់យុវជននៅតំបន់អាស៊ីអាគ្នេយ៍ (SEAYLP) នេះក៏មានផ្តល់ជាកម្មវិធីអាហារូបករណ៍ដល់យុវជនដែលបានចូលរួមក្នុងគម្រោងនេះ ឲ្យទទួលបានឱកាសមកសិក្សាថ្នាក់មហាវិទ្យាល័យរយៈពេល៤ឆ្នាំ នៅសកលវិទ្យាល័យ Northern Illinois ផងដែរ៕