ចាប់តាំងពីការដាក់ឲ្យអនុវត្តច្បាប់ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាលនៅឆ្នាំ២០១៥ ប្រជាពលរដ្ឋរស់នៅតាមសហគមន៍មានវិវាទដីធ្លីមួយចំនួន និងសហគមន៍ផ្សេងទៀតផ្តើមទទួលរងផលប៉ះពាល់ជាអវិជ្ជមានចំពោះការចងក្រងសហគមន៍ ការប្រមូលផ្តុំ និងការតវ៉ា។ នេះបើតាមការបញ្ជាក់របស់ក្រុមសង្គមស៊ីវិល និងអ្នកការពារសិទ្ធិមនុស្ស។
ថ្មីៗនេះ លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា ដែលធ្វើការលើកិច្ចការចងក្រងសហគមន៍ និងតស៊ូមតិ ទាក់ទិនកម្មសិទ្ធិដីធ្លី និងជីវភាពកសិករ បានប្រឈមនឹងការរារាំងជាច្រើន ពីអាជ្ញាធរមូលដ្ឋាន នៅពេលសមាគមរបស់លោកចុះជួបជាមួយប្រជាពលរដ្ឋនៅតាមសហគមន៍នៅក្នុងប្រទេសកម្ពុជា។
លោកបានប្រាប់ VOA កាលពីចុងខែមីនាថា អាជ្ញាធរមូលដ្ឋាន ហាក់មិនទាន់យល់ច្បាស់ពីខ្លឹមសារនៃច្បាប់អង្គការដ៏ចម្រូងចម្រាសនេះ ហើយថាបរិយាកាសនយោបាយបច្ចុប្បន្នរឹតតែធ្វើឲ្យច្បាប់នេះ មានឥទ្ធិពលមិនល្អ ទៅលើសហគមន៍ ដែលមិនទាន់ត្រូវបានទទួលស្គាល់ដោយរដ្ឋាភិបាល តួយ៉ាង ដូចជាសហគមន៍ស្ទឹងអារ៉ែង នៅក្នុងខេត្តកោះកុង។
«យើងគិតថា សេរីភាពក្នុងការជួបប្រជុំ សេរីភាពក្នុងការប្រមូលផ្តុំ ហើយនិងសេរីភាពសមាគមនៅប្រទេសកម្ពុជាហ្នឹងមានការ រឹតត្បិត និងចុះថយ តាមរយៈការប្រើប្រាស់នូវប្រព័ន្ធច្បាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ហើយមួយវិញទៀតយើងឃើញថា ការស្វះស្វែងយល់ ឬក៏ការយល់អំពីអត្ថន័យនៃខ្លឹមសារច្បាប់ស្តីពីសមាគម នៃអង្គការមិនមែនរដ្ឋាភិបាលរបស់អាជ្ញាធរ ហាក់បីដូចជា នៅមិនទាន់មានភាពច្បាស់លាស់នៅឡើយ នៅពេលដែលយើងធ្វើការជួបប្រជុំ ច្រើនតែធ្វើការហាមឃាត់ ធ្វើឲ្យយើងមានការ ចង់ឲ្យមានការជូនដំណឹង សុំច្បាប់អនុញ្ញាត ដែលកិច្ចការងារទាំងអស់ហ្នឹង គឺយើងបានធ្វើទៅតាមអ្វីដែលច្បាប់ដែលបានចែង»។
លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាហៅកាត់ថា CCFC ផ្តល់បទសម្ភាសន៍ជាមួយសំឡេងសហរដ្ឋអាមេរិក (VOA) អំពីការរឹតត្បិតសេរីភាពប្រមូលផ្តុំ កាលពីថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០១៨។ (រូបថតផ្តល់ដោយលោក ថេង សាវឿន)
លោក ថេង សាវឿន ក៏បានបញ្ជាក់ឲ្យដឹងទៀតថា ក្រុមការងារនៃសមាគមរបស់លោក បានប្រឈមនឹងការរារាំងរបស់អាជ្ញាធរចំនួនបួនដងបន្តបន្ទាប់គ្នា គិតចាប់ពីថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០១៨ នៅពេលក្រុមការងាររបស់លោកចុះជួបប្រជាពលរដ្ឋជាកសិករនៅតាមសហគមន៍ ដើម្បីពិភាក្សាអំពីបញ្ហាជាច្រើនទាក់ទិនការទទួលបានផលប្រយោជន៍ពីប្រព័ន្ធការពារសនិ្តសុខសង្គម និងសិទ្ធិមូលដ្ឋាននានា។
ការរាំងរបស់អាជ្ញាធរ មកលើសមាគមរបស់លោក ថេង សាវឿន បានកើតមានឡើង នៅខេត្តដែលមានព្រំប្រទល់ជាប់ប្រទេសវៀតណាម រួមមាន ខេត្តតាកែវ ត្បូងឃ្មុំ និងខេត្តស្វាយរៀង។ លោកលើកឡើងបន្ថែមថា អាជ្ញាធរទំនងជាមានការភាន់ច្រឡំមកលើសមាគមរបស់លោកថា ជាចលនាដែលនឹងបំផុសឲ្យប្រជាពលរដ្ឋងើបប្រឆាំងនឹងអាជ្ញាធរ។
«អ្វីដែលគេដាក់គោលដៅហ្នឹងគឺ គោលដៅរបស់សមាគម គឺយើងធ្វើការនៅសហគមន៍ ដែលរងគ្រោះជាច្រើន ហើយការណ៍ យើងគិតថា ប្រហែលជាមានការភាន់ច្រឡំ ពីសំណាក់អាជ្ញាធរមកលើ សមាគមដែលមានលេចឮ ពាក្យចចាមថា សមាគមធ្វើការប្រឆាំង ឬក៏ធ្វើការបំបះបំបោរប្រជាពលរដ្ឋឲ្យងើបតវ៉ានោះ មិនមែនជាការពិតនោះទេ»។
កាលពីខែកក្កដា ឆ្នាំ ២០១៥ តំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជាចំនួន៦៨រូបបានលើកដៃអនុម័តសេចក្តីព្រាងច្បាប់ដ៏ចម្រូងចម្រាសនេះ នៅក្នុងកិច្ចប្រជុំពេញអង្គរបស់ខ្លួនដោយមិនមានការពិភាក្សាដេញដោលអ្វីទាំងអស់ ខណៈពេលដែលតំណាងរាស្ត្រភាគតិចមកពីគណបក្សសង្គ្រោះជាតិចំនួន៥៥រូបធ្វើពហិការមិនចូលរួមកិច្ចប្រជុំនោះ។ នៅពេលនេះ គណបក្សប្រឆាំងលែងមានវត្តមាន នៅសភា ក្រោយការរំលាយគណបក្សដ៏ធំនេះ ទៅតាមបណ្តឹងរបស់រដ្ឋាភិបាលកាលពីឆ្នាំមុន។
រូបឯកសារ៖ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃនិយាយជាមួយអ្នកសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍ ទី១១ ខែសីហា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ។ (VOA)
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានច្រានចោលការចោទប្រកាន់ដែលថា អាជ្ញាធរមិនយល់ពីអត្ថន័យនៃច្បាប់អង្គការនេះ។
លោកមានប្រសាសន៍ថា៖
«ខ្ញុំមិនដឹងជា អ្នកណាយល់មិនយល់ទេ ប៉ុន្តែខ្ញុំជឿថា នៅស្រុកខ្មែរយើង បើដើរទៅចេះ សុំគេ សុំឯងនឹង...បានសេចក្តីសុខហើយ ហើយបើដើរទៅច្រងេង ច្រងាងពើងទ្រូងដាក់គេដាក់ឯង អាហ្នឹងអត់បាយហូប»។
លោកនាយឧត្តមសេនីយ៍ បានបញ្ជាក់ VOA ឲ្យដឹងនៅថ្ងៃអង្គារនេះថា អាជ្ញាធរនឹងមិនធ្វើការឃាត់សកម្មភាពរបស់សមាគមណាមួយនោះទេ ប្រសិនបើសមាគមនោះ ចុះទៅធ្វើការតាមសហគមន៍ ដោយមានសុំការអនុញាតពីអាជ្ញាធរមូលដ្ឋានជាមុននោះ។
«គ្រាន់តែជូនព័ត៌មានទៅវាទើសអី ជូនព័ត៌មានទៅ ខ្ញុំ ខ្ញុំមកនេះ ខ្ញុំធ្វើអណ្តូងទឹក ខ្ញុំមកនេះ ខ្ញុំធ្វើអំពីបង្រៀននេះ ប្រាប់គេទៅ មេឃុំ មេភូមិ ខ្មែរយើងតើ មែនមេឃុំយួនណាអ្វី»។
យ៉ាងណាក្តី មន្ត្រីសិទ្ធិមនុស្ស ប្រមើមើលឃើញថា ការរឹតត្បិតបន្តឹងលើការជួបជុំ នឹងរឹតតែកើនខ្លាំងឡើង ពោលគឺគិតចាប់ពីពេលនេះទៅ រហូតដល់ការបោះឆ្នោតជាតិ ខែកក្កដា ឆ្នាំ ២០១៨។
រូបឯកសារ៖ លោក អំ សំអាត មន្រ្តីជាន់ខ្ពស់ផ្នែកអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ ដែលបានឃ្លាំមើលដំណើរការសវនាការកាត់ទោសសកម្មជនបឹងកក់ គឺអ្នកស្រី ទេព វន្នី ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧។ (VOA)
លោក អំ សំអាត ប្រធានការិយាល័យបច្ចេកទេសស៊ើបអង្កេតរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូ ថ្លែងថា៖
«ខ្ញុំគិតថា មិនអាចធូរស្រាលទេ បើយើងឃើញសញ្ញាណពីឥឡូវទៅ ជាពិសេសគឺការជួបជុំ ការប្រមូលផ្តុំ របស់អង្គការសង្គមស៊ីវិលណ៎ា! ពីព្រោះ ឃើញថា អង្គការសង្គមស៊ីវិលមួយចំនួន ដែលគាត់ចុះធ្វើការនៅតាមមូលដ្ឋានហ្នឹង ឃើញមានការពិបាកក្នុងការជួបជុំ ឬការប្រមូលផ្តុំ សមាជិក ឬក៏សហគមន៍ ដើម្បីធ្វើការបណ្តុះបណ្តាលអីមួយហ្នឹង គឺមានការពិបាកបាទ»។
រូបឯកសារ៖ លោក Maina Kiai ជាបេសកជនពិសេសទទួលបន្ទុកសិទ្ធិសេរីភាពក្នុងការប្រមូលផ្តុំនិងការចងក្រងសមាគមដោយសន្តិវិធីនៃអង្គការសហប្រជាជាតិ។
បន្ទាប់ពីការអនុម័តសេចក្តីព្រាងច្បាប់អង្គការកាលពីខែកក្កដា ឆ្នាំ ២០១៥ ដដែលនោះ លោក Maina Kiai ដែលពេលនោះជាបេសកជនពិសេសទទួលបន្ទុកសិទ្ធិសេរីភាពក្នុងការប្រមូលផ្តុំនិងការចងក្រងសមាគមដោយសន្តិវិធីនៃអង្គការសហប្រជាជាតិ បានប្រតិកម្មភ្លាមៗ ដោយលោកបាន «សូមទទូចឲ្យព្រឹទ្ធសភាច្រានចោលច្បាប់នេះទាំងស្រុង ខណៈដែលច្បាប់មានការខ្វះចន្លោះដ៏ច្រើនពីវិធានសិទិ្ធមនុស្សអន្តរជាតិនានាលើការគ្រប់គ្រងសេរីភាពចងក្រងសមាគម ជាពិសេសនៅត្រង់មាត្រា២២នៃសន្ធិសញ្ញាសិទ្ធិជនស៊ីវិល និងនយោបាយអន្តរជាតិដែលប្រទេសកម្ពុជាបានព្រមព្រៀងជាមួយនៅឆ្នាំ១៩៩២»។
រីឯអ្នកនាំពាក្យសហភាពអឺរ៉ុបបានចេញសេចក្តីប្រកាសព័ត៌មានផងដែរនៅគ្រានោះ ដោយសម្តែងការសោកស្តាយចំពោះការអនុម័តសេចក្តីព្រាងច្បាប់ដែលមានការរឹតបន្តឹងធ្ងន់ធ្ងរលើសកម្មភាពរបស់សមាគមនិងអង្គការក្រៅរដ្ឋាភិបាល។
រូបឯកសារ៖ អ្នកស្រី Maja Kocijancic ជាអ្នកនាំពាក្យសហភាពអឺរ៉ុប។
អ្នកស្រី Maja Kocijancic អ្នកនាំពាក្យសហភាពអឺរ៉ុបបានលើកឡើងថា ច្បាប់នេះប៉ះលើបញ្ហារសើបជាច្រើន ដែលទាមទារឲ្យមានការពិគ្រោះយោបល់ឲ្យបានស៊ីជម្រៅជាមួយនឹងអ្នកពាក់ព័ន្ធទាំងអស់។ អ្នកស្រីអះអាងថា ច្បាប់នេះមានសក្តានុពលភាពយ៉ាងធំធេងក្នុងការកំហិតដល់សកម្មភាពរបស់អង្គការមិនមែនរដ្ឋាភិបាល។
យ៉ាងណាក៏ដោយចុះ ច្បាប់អង្គការនេះ ត្រូវបានព្រះមហាក្សត្រខ្មែរឡាយព្រហស្ថលេខា កាលពីខែសីហា ឆ្នាំ ២០១៥។ រហូតមកដល់ពេលនេះ មិនទាន់មានការស្នើឲ្យមានវិសោធនកម្មលើមាត្រាមួយចំនួន ដែលមានលក្ខណៈរឹតត្បិតលើសិទ្ធិជួបប្រជុំ និងប្រមូលផ្តុំតវ៉ានោះទេ។ នេះបើតាមការបញ្ជាក់ពីអ្នកឃ្លាំមើលសិទ្ធិមនុស្សក្នុងស្រុក។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ក៏បានឲ្យដឹងដែរថា មិនទាន់មានការស្នើឲ្យធ្វើវិសោធនកម្មច្បាប់នេះនៅឡើយទេ។ លោកអះអាងថា ក្រោយការប្រកាសដាក់ឲ្យប្រើប្រាស់ច្បាប់អង្គការនេះរួចមកនោះ មានសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលកាន់តែច្រើនឡើងបានមកចុះបញ្ជីនៅក្រសួងមហាផ្ទៃ។
ក៏ប៉ុន្តែសហគមន៍មួយ ចំនួន កំពុងប្រឈមនឹងបញ្ហាខាងផ្លូវច្បាប់ក្នុងការចុះបញ្ជី។ នេះបើតាមការបញ្ជាក់ពីមន្ត្រីសិទ្ធិមនុស្ស។
ជាក់ស្តែង កាលពីខែមីនា ឆ្នាំ២០១៨ រដ្ឋបាលឃុំជំនាប់ ស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុង បានស្នើតំណាងសហគមន៍ស្ទឹងអារ៉ែង ឲ្យរុះរើទីស្នាក់ការសហគមន៍ ដើម្បីបើកផ្លូវឲ្យមានការសង់សាលាឃុំស្តង់ដាមួយនៅទីនោះ។ ទីតាំងសង់សាលាឃុំស្តង់ដានេះ ស្ថិតក្នុងទីតាំងតែមួយរបស់សហគមន៍ស្ទឹងអារ៉ែង ដែលជាទីលំនៅរបស់ប្រជាពលរដ្ឋជនជាតិដើមភាគតិចជងផងដែរ។ តំណាងសហគមន៍ស្ទឹងអារ៉ែង មានពេលសម្រេចចិត្តថា នឹងរុះរើទីស្នាក់ការសហគមន៍របស់ខ្លួនឬយ៉ាងណានោះ នៅត្រឹមថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០១៨នេះ៕