សាលាឧទ្ធរណ៍នៅថ្ងៃព្រហស្បតិ៍នេះសម្រេចបន្តឃុំខ្លួនលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិទៅតាមសេចក្តីសម្រេចរបស់តុលាការភ្នំពេញ បើទោះជាក្រុមមេធាវីរបស់លោក កឹម សុខា បញ្ជាក់ថា អតីតប្រធានគណបក្សប្រឆាំងរូបនេះកំពុងមានជំងឺដែលចាំបាច់ត្រូវព្យាបាលនៅក្រៅពន្ធនាគារក៏ដោយ។
សវនាការសុំនៅក្រៅឃុំរបស់អតីតប្រធានបក្សជំទាស់រូបនេះ ធ្វើឡើងតាមបណ្តឹងរបស់លោក កឹម សុខា ប្តឹងមិនសុខចិត្តទៅនឹងការសម្រេចបន្តឃុំខ្លួនលោកក្នុងពន្ធនាគាររបស់សាលាដំបូងរាជធានីភ្នំពេញ។ ទោះយ៉ាងណា សវនាការរយៈពេលជាង៣ម៉ោងនាព្រឹកនេះ មិនត្រូវបានអនុញ្ញាតឲ្យសាធារណៈជន និងអ្នកសារព័ត៌មានចូលរួមស្តាប់ ក្រៅតែពីក្រុមមេធាវីរបស់លោក កឹម សុខា នោះឡើយ។
អ្នកស្រី ម៉េង សុភារី មេធាវីមួយរូបក្នុងចំណោមមេធាវី៧រូបដែលការពារក្តីឲ្យលោក កឹម សុខា ប្រាប់អ្នកសារព័ត៌មានក្រោយចេញពីសាលសវនាការថា សភាស៊ើបសួរសាលាឧទ្ធរណ៍បានសម្រេចតម្កល់សាលក្រមតុលាការភ្នំពេញក្នុងការបន្តឃុំខ្លួនលោក កឹម សុខា ទុកជាបានការ បើទោះបីជាក្រុមមេធាវីបានលើកឡើងពីមូលហេតុជាច្រើនដើម្បីសុំនៅក្រៅឃុំ។
អ្នកស្រីបន្តថា ទាំងលោក កឹម សុខា និងក្រុមមេធាវី សុទ្ធតែបានលើកឡើងថា លោក កឹម សុខា មិនបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់ លោក កឹម សុខា កំពុងមានបញ្ហាសុខភាព និងធានាថា លោក កឹម សុខា នឹងបង្ហាញខ្លួនគ្រប់ពេលដែលតុលាការកោះហៅដើម្បីសាកសួរ។អ្នកស្រី ម៉េង សុភារី បន្ថែមថា ការមិនអនុញ្ញាតឲ្យលោក កឹម សុខា ស្ថិតនៅក្រៅឃុំដោយសំអាងថាបារម្ភខ្លាចលោកប្រព្រឹត្តបទល្មើសបន្ថែម និងដើម្បីបន្តការស៊ើបសួរ ជាការសម្រេចដែលមិនសមហេតុផល។
អ្នកស្រី ម៉េង សុភារី ជាសហមេធាវីការពារក្តីលោក កឹម សុខា និយាយទៅកាន់អ្នកសារព័ត៌មាន នៅមុខសាលាឧទ្ធរណ៍ បន្ទាប់ពីសវនាការនៃសំណុំរឿងបណ្ដឹងលោក កឹម សុខា សុំនៅក្រៅឃុំ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨។ (អូន ឆេងប៉រ/VOA)
អ្នកស្រីបញ្ជាក់ថា៖
«យើងខ្ញុំដែលជាក្រុមមេធាវីហ្នឹងយល់ឃើញថា មិនមានលក្ខណៈត្រឹមត្រូវទេ ទីមួយគឺដោយសារថា បទល្មើសអត់មានកើតឡើងអីទេ។ ហើយផ្អែកលើចំណុចនៃមាត្រា២០៥ ស្តីពីការឃុំខ្លួនហ្នឹង គឺចំណុចទី១ទាក់ទងទៅនឹងការបង្ការនូវបទល្មើស ដោយសារថាកូនក្តីរបស់យើងហ្នឹងអត់បានប្រព្រឹត្តនូវបទល្មើសទេ ហើយបើរឿងបង្កនូវភាពច្របូកច្របល់ហ្នឹងក៏អត់មានដែរ។ ហើយកូនក្តីយើងខ្ញុំហ្នឹងមានមុខរបរ មានការងារ មានតួនាទីរបស់គាត់ត្រឹមត្រូវ មានប្រពន្ធមានកូនមានផ្ទះសម្បែងអីត្រឹមត្រូវ ហើយគាត់ធានាថានឹងចូលខ្លួនគ្រប់នីតិវិធីការកោះហៅរបស់តុលាការទាំងអស់»។
អ្នកស្រីបន្ថែមពាក់ព័ន្ធនឹងស្ថានភាពសុខភាពរបស់លោក កឹម សុខា យ៉ាងដូច្នេះ៖
«ដោយសារថាគាត់មានសសៃគៀប គៀបសសៃស្មាហ្នឹង វាធ្វើឲ្យប៉ះពាល់គាត់មិនអាចសម្រាន្តលក់បាន។ ហើយការដែលមិនអាចសម្រាន្តលក់បានមួយយប់ៗគាត់ភ្ញាក់ច្រើនដងហ្នឹង ធ្វើឲ្យគាត់ឡើងជាតិស្ករ ធ្វើឲ្យគាត់ឡើងឈាមឡើងអី អញ្ចឹងវាប៉ះពាល់ដល់រាងកាយផ្សេងៗទៀត និងបង្កើតជំងឺផ្សេងៗទៀត។ ហើយបញ្ហាគៀបសសៃឈាមនេះ គឺក្រុមគ្រូពេទ្យនៅប្រទេសសិង្ហបុរីហ្នឹងបានឲ្យគាត់ទៅធ្វើការវះកាត់តាំងពីមុនពេលគាត់ជាប់ពន្ធនាគារ ប៉ុន្តែដោយសារតែគាត់មានរវល់ ហើយឥលូវគាត់ជាប់ពន្ធនាគារច្រើនខែទៀត ជំងឺហ្នឹងធ្វើទុក្ខគាត់រហូតដល់ហើម។ អញ្ចឹងទៅគាត់ទាមទារសុំទៅព្យាបាលជំងឺហ្នឹង»។
នេះជាលើកទីមួយហើយដែលលោក កឹម សុខា មានវត្តមានក្នុងសវនាការ បន្ទាប់ពីលោកត្រូវបានឃុំខ្លួនអស់រយៈពេលជិត៥ខែកន្លងមក។ ក្នុងសវនាការនៅតុលាការគ្រប់ជាន់ថ្នាក់ទាំងអស់សម្រាប់បណ្តឹងរបស់ក្រុមមេធាវី ដែលប្តឹងសុំមោឃភាពនីតិវិធីនៃការចាប់ឃុំខ្លួនលោក កឹម សុខា និងបណ្តឹងសុំនៅក្រៅឃុំនាពេលថ្មីៗនេះ សុទ្ធតែមិនមានវត្តមានរបស់លោក កឹម សុខា ចូលរួមនោះទេ ដោយមន្រ្តីតុលាការអះអាងថា ការមិនបញ្ជូនលោកឲ្យទៅចូលរួមសវនាការ គឺបារម្ភពីសន្តិសុខ និងសុវត្ថិភាពរបស់លោក។
ម្ដាយ និងភរិយារបស់លោក កឹម សុខា ព្រមទាំងសហមេធាវី ដើរចេញពីសាលាឧទ្ធរណ៍ បន្ទាប់ពីយកម្ហូបទៅឲ្យលោក កឹម សុខា នាថ្ងៃសវនាការនៃបណ្ដឹងសុំនៅក្រៅឃុំ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨។ (ខាន់ សុគុំមនោ/VOA)
លោក កឹម សុខា ត្រូវបានបញ្ជូនពីពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ ទៅដល់សាលាឧទ្ធរណ៍នាម៉ោងប្រមាណជា៥និង៣០នាទីព្រឹក។ ទោះជាយ៉ាងណា មិនមានការបញ្ជាក់ពីមូលហេតុនៃការនាំខ្លួនលោក កឹម សុខា ឲ្យទៅចូលរួមក្នុងសវនាការឡើយ។
លោក ទូច ថារិទ្ធ អ្នកនាំពាក្យសាលាឧទ្ធរណ៍ ប្រាប់ VOA នារសៀលថ្ងៃព្រហស្បតិ៍នេះពាក់ព័ន្ធនឹងការសម្រេចបន្តឃុំខ្លួនលោក កឹម សុខា ថាសភាស៊ើបសួរសាលាឧទ្ធរណ៍អនុវត្តទៅតាមគោលការណ៍ច្បាប់។
លោកមានប្រសាសន៍ថា៖
«សភាស៊ើបសួរដោយគេពិនិត្យឃើញទៅតាមគោលការណ៍ច្បាប់ហើយ ដោយសារតែចៅក្រមសភាស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញហ្នឹង គេបានសម្រេចទៅតាមការចោទប្រកាន់របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញគេចោទប្រកាន់ហើយ។ អញ្ចឹងទេសាលាឧទ្ធរណ៍ពិនិត្យទៅតាមផ្លូវច្បាប់ហើយ គេតម្កល់ដីកាសម្រេចហ្នឹងទុកជាបានការដដែល។ បានន័យថាមិនអនុញ្ញាតឲ្យនៅក្រៅឃុំ»។
មានការលើកឡើងថា សំណុំរឿងរបស់លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិហាក់កំពុងត្រូវបានពន្យារពេលការបើកសវនាការដោយមិនមានហេតុផល ខណៈដែលអតីតគណបក្សប្រឆាំងដ៏ធំមួយនេះត្រូវបានតុលាការកំពូលបើកសវនាការរំលាយចោលយ៉ាងលឿន ដោយមូលហេតុចោទពីបទពាក់ព័ន្ធនឹងការឃុបឃិតជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលដូចគ្នា។
លោក ស៊ឹង សែនករុណា មន្រ្តីអង្កេតផ្នែកច្បាប់ និងជាអ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លើកឡើងថា ការសម្រេចមិនឲ្យលោក កឹម សុខា ស្ថិតនៅក្រៅឃុំ គឺជាករណីនយោបាយ ដែលលោកថា តុលាការហាក់ពិបាកសម្រេចក្នុងការអនុវត្តឲ្យដូចករណីប្រជាពលរដ្ឋធម្មតា។
លោកបញ្ជាក់ថា៖
«យើងឃើញការដាក់ស្នើរបស់មេធាវីរបស់គាត់ហ្នឹងមានលក្ខណៈសមស្របតាមនីតិវិធីផ្លូវច្បាប់។ ដូច្នេះយើងគិតថាគួរតែពិចារណាក្នុងការដោះលែងរូបគាត់ ហើយយើងអាចដែរ ព្រោះយើងឃើញហើយថា ក្នុងករណីនេះយើងឃើញហេតុផលដែលសាធារណៈមតិគាត់វាយតម្លៃ ចង់មិនចង់រឿងហ្នឹងនរណាៗក៏គេចាត់ទុកថា ករណីនេះជាករណីនយោបាយ»។
កម្រងរូបភាព៖ សវនាការសុំនៅក្រៅឃុំលោក កឹម សុខា
លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានសមត្ថកិច្ចសម្រុកចូលចាប់ខ្លួនពីក្នុងផ្ទះទាំងកណ្តាលយប់រំលងអាធ្រាត្រ កាលពីដើមខែកញ្ញា ដោយចោទលោកពីបទ«ក្បត់ជាតិ» និងបញ្ជូនលោកទៅឃុំក្នុងពន្ធនាគារត្រពាំងផ្លុង នៅខេត្តត្បូងឃ្មុំ ដែលជាខេត្តមានព្រំប្រទល់ជាប់ប្រទេសវៀតណាម។ ក្រោយការចាប់ខ្លួនអតីតមេដឹកនាំបក្សប្រឆំាងដ៏ចម្រូងចម្រាស់ តុលាការកំពូលកម្ពុជា បានសម្រេចរំលាយបក្សសង្គ្រោះជាតិ តាមពាក្យបណ្តឹងរបស់រដ្ឋាភិបាលលោក ហ៊ុន សែន។
កន្លងមកក្រុមមេធាវីការពារក្តីឲ្យលោក កឹម សុខា បានប្តឹងទៅតុលាការគ្រប់ជាន់ថ្នាក់ ដើម្បីសុំមោឃភាពការចាប់ឃុំខ្លួនលោក កឹម សុខា ដោយអះអាងថា ការចាប់ឃុំឃាំងតំណាងរាស្ត្រមណ្ឌលកំពង់ចាមដែលមានអភ័យឯកសិទ្ធិសភាទាំងកណ្តាលយប់ គឺជាអំពើខុសច្បាប់កំពូលរបស់កម្ពុជា។ ក្រុមមេធាវីទាំងនោះក៏បានប្តឹងទៅសាលាដំបូងរាជធានីភ្នំពេញសុំឲ្យលោក កឹម សុខា បាននៅក្រៅឃុំ ប៉ុន្តែបណ្តឹងរបស់ពួកគេត្រូវបានតុលាការទាំងនោះច្រានចោល៕