ការវាយប្រហារដ៏ប្រល័យនៅឯវិមានសភាសហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រអាចបណ្ដាលឲ្យមានការពន្យារពេលនៅក្នុងការបើកឡើងវិញនូវបរិវេណជុំវិញអាគារសភា។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Associated Press។
វិមានសភាសហរដ្ឋអាមេរិកត្រូវបានព័ទ្ធដោយរបងសុវត្ថិភាពតាំងពីហេតុការណ៍កុបកម្មដែលបង្កឡើងដោយអ្នកគាំទ្រលោកអតីតប្រធានាធិបតី Donald Trump បានកើតឡើងកាលពីថ្ងៃទី ៦ ខែមករាមក។ នៅពេលនោះ កុបករគាំទ្រលោក Trump បានព្យាយាមរារាំងសភាមិនឲ្យប្រកាសថាលោក Joe Biden ជាអ្នកឈ្នះការបោះឆ្នោតប្រធានាធិបតី។
របងផ្នែកខាងក្រៅត្រូវបានដកចេញកាលពីពេលថ្មីៗនេះ ចំណែកឯរបងផ្នែកខាងក្នុងវិញនៅតែស្ថិតនៅជុំវិញអាគារសភាដដែល។
សេចក្ដីរាយការណ៍មួយរបស់ទីភ្នាក់ងារព័ត៌មាន Associated Press ដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ បានស្រង់សម្ដីរបស់សមាជិកសភាដែលបានបង្ហាញអារម្មណ៍ចម្រុះលើបញ្ហាថាតើបរិវេណជុំវិញសភាគួរតែបើកឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ ឬក៏រង់ចាំមួយរយៈទៀត។
ប្រធានប៉ូលិសស្ដីទីនៃវិមានសភាអ្នកស្រី Yogananda Pittman បានប្រាប់សមាជិកសភាកាលពីខែកុម្ភៈថា «ហេដ្ឋារចនាសម្ព័ន្ធសន្តិសុខនៃវិមានសភាត្រូវតែផ្លាស់ប្ដូរ»។
ក្រុមការងារដែលធ្វើការពិនិត្យឡើងវិញនូវសន្តិសុខនៃបរិវេណវិមានសភា បានស្នើឲ្យដាក់របងចល័តដែលអាចពន្លឹបបាននៅពេលខាងមុខដើម្បីជំនួសរបងបច្ចុប្បន្នដែលបានដំឡើងក្រោយពីមានហេតុការណ៍កុបកម្មថ្ងៃទី ៦ ខែមករាកើតឡើង។
កាលពីថ្ងៃសុក្រ មន្ត្រីប៉ូលិសវិមានសភាម្នាក់បានស្លាប់ និងម្នាក់ទៀតបានរងរបួស នៅពេលដែលជនល្មើសម្នាក់បានបើករថយន្តបំបុករបាំងមួយនៅខាងក្រៅវិមានសភា។
ការិយាល័យសន្តិសុខវិមានសភាបានបញ្ជាក់ថា ជនសង្ស័យនោះបានចេញពីរថយន្តដោយមានកាន់កាំបិតហក់សំដៅមន្ត្រីប៉ូលិសនានា។ បន្ទាប់មក ប៉ូលិសវិមានសភាបានបាញ់លើជនសង្ស័យនោះ។ ជនសង្ស័យនោះត្រូវបានគេកំណត់អត្តសញ្ញាណថាមានឈ្មោះ Noah Green អាយុ ២៥ ឆ្នាំ។ ប៉ូលិសកំពុងពិនិត្យលើប្រវត្តិរបស់ជនសង្ស័យនេះដើម្បីរកតម្រុយនៃមូលហេតុនៃអំពើល្មើសនេះ។
រូបថត selfie មួយប៉ុស្តិ៍នេះដែលគ្មានចុះកាលបរិច្ឆេទត្រូវបានដកស្រង់ចេញពីគណនី Facebook របស់ Noah Green ដែលជាជនសង្ស័យនៅក្នុងការវាយប្រហារទៅលើវិមានសភាសហរដ្ឋអាមេរិកកាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ កន្លងទៅនេះ។ (AFP PHOTO / NOAH GREEN FACEBOOK PAGE)
សមាជិកក្រុមគ្រួសាររបស់ជននេះបានចេញសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ ដោយបញ្ជាក់ថា ពួកគេ «មានអារម្មណ៍អាណិតអាសូរចំពោះមន្ត្រីប៉ូលិសដែលត្រូវបានសម្លាប់ និងមន្ត្រីប៉ូលិសម្នាក់ទៀតដែលបានរងរបួសនៅក្នុងហេតុការណ៍នេះ»។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់កាសែត The Washington Post។
សេចក្ដីថ្លែងការណ៍នោះបានបន្ថែមថា ជននេះធ្លាប់ឆ្លងកាត់ «បញ្ហាបាក់ទឹកចិត្ត និងអាចមានជំងឺផ្លូវចិត្ត»។
កាសែត The Washington Post បានសួរបងប្រុសរបស់ជននេះឈ្មោះ Brendan ដែលបាននិយាយថា លោកមានការបារម្ភអំពីសុខភាពផ្លូវចិត្តរបស់ប្អូនប្រុសរបស់លោកមួយរយៈមកហើយ។ បងប្អូនទាំងពីរនាក់នេះរស់នៅក្នុងបន្ទប់ apartment មួយជាមួយគ្នានៅក្នុងរដ្ឋ Virginia។
លោក Brendan បាននិយាយថា Noah បានផ្ញើសារឲ្យលោកកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបានចាកចេញពីកន្លែងរស់នៅនេះ ដែលសារនោះសរសេរដូច្នេះថា៖ «ខ្ញុំសុំទោស ប៉ុន្តែខ្ញុំនឹងទៅ ហើយនឹងគ្មានកន្លែងស្នាក់នៅ»។
ទស្សនាវដ្ដី Newsweek អាចទាញយកបានសារបង្ហោះមួយចំនួននៅលើទំព័រ Facebook របស់ជនសង្ស័យ មុនពេលដែលសារទាំងនោះត្រូវបានក្រុមហ៊ុន Facebook លុបចោល។
សារបង្ហោះមួយបានបង្ហាញថា ជនសង្ស័យនេះគឺជាអ្នកគោរពមេដឹកនាំអង្គការឥស្លាម Nation of Islam (NOI) ឈ្មោះ Louis Farrakhan។ សារនោះសរសេរដូច្នេះថា៖ «បព្វជិត [Louis Farrakhan] មកទីនេះដើម្បីសង្គ្រោះខ្ញុំនិងមនុស្សជាតិទាំងអស់ ទោះបីជាមានន័យថាត្រូវប្រឈមនឹងការស្លាប់ក៏ដោយ»។
កងឆ្មាំការពារជាតិសហរដ្ឋអាមេរិកយាមល្បាតតាមដងផ្លូវនៅជុំវិញវិមានសភាសហរដ្ឋអាមេរិក និងអគារការិយាល័យសភា ក្រោយពីមានការគំរាមកំហែងផ្នែកសន្ដិសុខមួយនៅវិមានសភា ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ កន្លងទៅនេះ។
មជ្ឈមណ្ឌលច្បាប់ The Southern Poverty Law Center ដែលជាអង្គការតស៊ូមតិផ្នែកច្បាប់មួយដែលផ្ដោតលើសិទ្ធិពលរដ្ឋនិងបណ្ដឹងទាក់ទិននឹងប្រយោជន៍សាធារណៈ បានចាត់ទុកអង្គការឥស្លាម NOI ថាជាក្រុមស្អប់គុំកួន។
ប៉ូលិសបានបញ្ជាក់ថា មន្ត្រីប៉ូលិសដែលបានស្លាប់នៅក្នុងការវាយប្រហារនោះមានឈ្មោះថា William “Billy” Evans។
លោក Evans គឺជាសមាជិកមួយរូបនៃក្រុមឆ្លើយតបបន្ទាន់នៃកងកម្លាំងប៉ូលិសប្រចាំវិមានសភា និងបានបម្រើការជាមន្ត្រីប៉ូលិសនៃការិយាល័យសន្តិសុខប្រចាំវិមានសភាអស់រយៈពេល ១៨ ឆ្នាំ។
ហេតុការណ៍កាលពីថ្ងៃសុក្របានកើតឡើងនៅប៉ុស្តិ៍ត្រួតពិនិត្យរថយន្តមួយកន្លែងនៅតាមវិថី Constitution នៅខាងផ្នែកព្រឹទ្ធសភានៃបរិវេណវិមានសភា។
នៅពេលបច្ចុប្បន្ននេះ មានទាហានឆ្មាំការពារជាតិជិត ២.២០០ នាក់ ដែលនៅបន្តការពារសុវត្ថិភាពបន្ថែមនៅបរិវេណវិមានសភា តាំងពីកុបកម្មថ្ងៃទី ៦ ខែមករាមក៕
ប្រែសម្រួលដោយលោក ភី សុភាដា