ប្រជាពលរដ្ឋយ៉ាងហោចណាស់ ៨០គ្រូសារ រស់នៅអគារ «ស» ឬហៅថា អគារប៊ូឌីញចាប់ផ្ដើមរើចេញពីអគារចំណាស់ដែលពួកគេធ្លាប់រស់នៅ បន្ទាប់ពីយល់ព្រមលក់ឱ្យក្រុមហ៊ុនជប៉ុនមួយ។ ទោះជាប្រជាពលរដ្ឋភាគច្រើនសម្រេចលក់ និងរើចេញក៏ដោយ ក៏នៅមានគ្រួសារខ្លះ មិនទាន់យល់ព្រមចាកចេញ និងបន្តទាមទារតម្លៃខ្ពស់ជាងការផ្ដល់ឲ្យ។
ក្រសួងរៀបចំដែនដី នគរោបនីយកម្ម និងសំណង់ បានប្រកាសពីថ្ងៃកំណត់ឲ្យប្រជាពលរដ្ឋរស់នៅអគារប៊ូឌីង ចាប់ផ្ដើមរើចេញចាប់ពីថ្ងៃទី៦ ខែមិថុនា រហូតដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧។ ពលរដ្ឋដែលសម្រេចរើចេញ បានព្រមព្រៀងលក់អគាររបស់ពួកគេទៅឲ្យក្រុមហ៊ុនជប៉ុន Arakawa ក្នុងតម្លៃ១,៤០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ដោយមានការសម្របសម្រួលពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ប្រជាជនដែលស្នាក់នៅអគារបូឌិញចាប់ផ្តើមរៀបចំដើម្បីចាកចេញពីទីលំនៅចាស់របស់ខ្លួនទៅតាំងទីលំនៅថ្មី ក្រោយការចចារជាមួយអាជ្ញាធរ និងតំណាងក្រុមហ៊ុនវិនិយោគបរទេស នៅរាជធានីភ្នំពេញ នៅថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ២០១៦។ (ខាន់ សុគុំមនោ/ VOA)
ពលរដ្ឋរស់នៅបន្ទប់ជាន់ផ្ទាល់ដីទំហំ១៥ម៉ែត្រការ៉េនៃអគារប៊ូឌីញ អ្នកស្រី ជួប លី ប្រាប់ VOA ថា អ្នកស្រីទទួលបានតម្លៃជាង២ម៉ឺនដុល្លារ បន្ទាប់ពីយល់ព្រមលក់ឲ្យក្រុមហ៊ុន។ ស្ត្រីវ័យ៦៣ឆ្នាំរូបនេះ បន្ថែមថា ដោយសារប្រជាពលរដ្ឋភាគច្រើនយល់ព្រមលក់ ដូច្នេះអ្នកស្រីក៏សម្រេចចិត្តរើចេញ ដោយមិនតវ៉ាអ្វីនោះទេ។
អ្នកស្រី ជួប លី បញ្ជាក់ថា៖
«រឿងហ្នឹងតាមសមូហភាពដែរ ព្រោះភាគច្រើនគេទៅ ទៅតាមគេទៅ។ បើថាភាគច្រើនគេប្រឆាំង អាហ្នឹងតាមដំណើរដែរ រឿងហ្នឹងតែប៉ុណ្ណឹង។ អាហ្នឹងភាគច្រើនគេទៅ ទៅតាមគេ នៅតែឯងក៏នៅមិនកើត គិតអនាគតទៅមុខទៅ។ បានប៉ុន្មានប៉ុណ្ណឹងទៅ»។
ប្រជាជនដែលស្នាក់នៅអគារបូឌិញចាប់ផ្តើមរៀបចំដើម្បីចាកចេញពីទីលំនៅចាស់របស់ខ្លួនទៅតាំងទីលំនៅថ្មី ក្រោយការចរចាជាមួយអាជ្ញាធរ និងតំណាងក្រុមហ៊ុនវិនិយោគបរទេស នៅរាជធានីភ្នំពេញ នៅថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ២០១៦។ (ខាន់ សុគុំមនោ/ VOA)
ចំណែកពលរដ្ឋម្នាក់ទៀតដែលរស់នៅជាន់ទី២ លោក យ៉ាន់ ប៊ុនថាន ប្រាប់ថា លោកបានយល់ព្រមលក់ទៅតាមតម្លៃដែលក្រសួងបានកំណត់ និងរើចេញក្នុងពេលឆាប់ៗ បើទោះជាមានការសោកស្តាយកន្លែងដែលធ្លាប់រស់នៅក៏ដោយ។
អតីតមន្ត្រីក្រសួងវិចិត្រសិល្បៈវ័យ៦៨ឆ្នាំរូបនេះបញ្ជាក់ថា៖
«ពូនៅទីនេះចេះតែស្ដាយដែរ កន្លែងដែលយើងធ្លាប់នៅ៣៨ឆ្នាំហើយ តែគ្រាន់តែថាក្រុមហ៊ុនមកទំនាក់ទំនង យើងក៏សុខចិត្តលក់ទៅ។ បាទ! វាប៉ុណ្ណឹង នៅហ្នឹងវាបានកូនបានចៅពីរហើយ»។
អគារប៊ូឌីញ ដែលស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បានសាងសង់ឡើងតាំងពីឆ្នាំ១៩៦៤ ក្នុងជំនាន់ សម្ដេចព្រះបាទនរោត្តមសីហនុ សម្រាប់ផ្ដល់ជូនប្រជាជនដែលមានចំណូលពីទាប ទៅមធ្យមស្នាក់នៅក្នុងទីក្រុងនាជំនាន់នោះ។
ប្រជាពលរដ្ឋដែលរស់នៅក្នុងអគារដ៏វ័យចំណាស់ ធ្លាប់រងការគាបសង្កត់ជាច្រើនលើកច្រើនសាឱ្យរើចេញពីសំណង់មួយនេះដោយមូលហេតុផ្សេងៗ។
ទោះបីជាប្រជាពលរដ្ឋភាគច្រើនសម្រេចចិត្តលក់ និងរើចេញក្នុងតម្លៃ១.៤០០ដុល្លារក្នុងមួយម៉ែត្រការ៉េក៏ដោយ ក៏មានប្រជាពលរដ្ឋមួយចំនួនតូច មិនទាន់សម្រេចលក់ ដោយអះអាងថា តម្លៃដែលក្រុមហ៊ុន និងក្រសួងកំណត់ មិនអាចទិញផ្ទះដើម្បីរស់នៅសមរម្យបាន។
ប្រជាជនដែលស្នាក់នៅអគារបូឌិញចាប់ផ្តើមរៀបចំដើម្បីចាកចេញពីទីលំនៅចាស់របស់ខ្លួនទៅតាំងទីលំនៅថ្មី ក្រោយការចរចាជាមួយអាជ្ញាធរ និងតំណាងក្រុមហ៊ុនវិនិយោគបរទេស នៅរាជធានីភ្នំពេញ នៅថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ២០១៦។ (ខាន់ សុគុំមនោ/ VOA)
អ្នកស្រី ឈុំ សាគន ពលរដ្ឋម្នាក់ដែលមិនទាន់យល់ព្រមលក់ ប្រាប់ VOA ថា អ្នកស្រីនិងក្រុមគ្រួសារផ្សេងទៀតដែលមិនព្រមលក់ ទាមទារតម្លៃ ២,០០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ ស្ត្រីមេផ្ទះវ័យ៦០ឆ្នាំរូបនេះបន្ថែមថា ក្រុមគ្រួសារអ្នកស្រីមានសមាជិក៧នាក់ នឹងបន្តរស់នៅអគារនេះរហូតទទួលបានតម្លៃដែលអ្នកស្រីពេញចិត្ត។
ស្ត្រីម្ចាស់ផ្ទះទំហំ៣៦ម៉ែត្រការ៉េរូបនេះបញ្ជាក់ថា៖
«ទាល់តែ២ពាន់ហ្នឹងបានទិញផ្ទះបាននៅ ព្រោះផ្ទះទៅសួរគេដំបូង៥ម៉ឺនជាង ឥលូវឡើង៧ម៉ឺន ហើយនៅឆ្ងាយទៀត នៅដល់ជាង២០គីឡូ ដល់បុរីវាលស្បូវ។ ហើយខ្ញុំមានលុយឯណាទិញម៉ូតូឲ្យកូនជិះមករៀន ឲ្យចៅជិះមករៀន។ អញ្ចឹងទាល់កំព្រាអស់ទៅ រឹតតែល្ងង់ថែមទៀត»។
យោងរបាយការណ៍ដែលផ្សាយក្នុងគេហទំព័ររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់គិតត្រឹមថ្ងៃទី១៩ ខែឧសភា ប្រជាពលរដ្ឋរស់នៅអគារប៊ូឌីញ បានចុះកិច្ចសន្យាលក់ទិញបន្ទប់ស្នាក់នៅចំនួន ៣៩៨ បន្ទប់ ស្មើនឹង ៨១ % នៃចំនួនសរុប៤៩៣បន្ទប់។
ប្រជាជនដែលស្នាក់នៅអគារបូឌិញចាប់ផ្តើមរៀបចំដើម្បីចាកចេញពីទីលំនៅចាស់របស់ខ្លួនទៅតាំងទីលំនៅថ្មី ក្រោយការចរចាជាមួយអាជ្ញាធរ និងតំណាងក្រុមហ៊ុនវិនិយោគបរទេស នៅរាជធានីភ្នំពេញ នៅថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ២០១៦។ (ខាន់ សុគុំមនោ/ VOA)
មិនទាន់មានការបង្ហាញតួលេខពិតប្រាកណាមួយ ពីចំនួនពិតប្រាកដរបស់ប្រជាពលរដ្ឋដែលយល់ព្រមចាកចេញពីអគារនេះនៅឡើយនោះទេ។
លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី បានបង្ហោះសារលើទំព័រហ្វេសប៊ុករបស់ខ្លួនថា រហូតដល់ល្ងាចថ្ងៃអង្គារនេះ មានប្រជាពលរដ្ឋចំនួន៨០គ្រួសារបានរើចេញ និងទទួលយកមូលប្បទានប័ត្រ ក្នុងតម្លៃទៅតាមទំហំបន្ទប់របស់ពួកគេរួចហើយ។
VOA មិនអាចទាក់ទងសុំការអធិប្បាយពី លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងអ្នកនាំពាក្យ លោក សេង ឡូត បានទេ នាថ្ងៃអង្គារនេះ។
បើតាមមន្ត្រីក្រសួងរៀបចំដែនដីដែលកំពុងប្រចាំការនៅអគារប៊ូឌីញ ប្រាប់ VOA ដោយមិនបញ្ចេញឈ្មោះថា ផ្ទៃដីសរុបរបស់អគារប៊ូឌីញ មានទំហំ៦,៥៣១ម៉ែត្រការ៉េ និងកម្ពស់៥ជាន់។
លោកបន្ថែមថា តម្លៃដែលក្រុមហ៊ុនជប៉ុនចំណាយសម្រាប់ផ្ដល់ឲ្យប្រជាពលរដ្ឋទាំងជិត៥០០គ្រួសារ សរុបប្រមាណជាជិត៤៦លានដុល្លារ។ បើតាមមន្ត្រីដដែលនោះ ក្រុមហ៊ុនជប៉ុនដែលទិញអគារប៊ូឌីញ គ្រោងនឹងសាងសង់អគារទំនើបបែបពហុមុខងារជាច្រើនជាន់ក្នុងពេលខាងមុខ៕