អតីតមេឃុំ ចៅសង្កាត់និងក្រុមប្រឹក្សាឃុំសង្កាត់មួយចំនួនមកពីគណបក្សសង្គ្រោះជាតិ កំពុងភៀសខ្លួន បន្ទាប់ពីត្រូវបានគេគំរាមកំហែងអោយចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយពីគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ។
រហូតមកដល់ពេលនេះ អតីតក្រុមប្រឹក្សាឃុំសង្កាត់ទាំងនោះមួយចំនួន បានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ក៏ប៉ុន្តែ ភាគច្រើននៅតែបន្តប្ដេជ្ញាមិនព្រមចុះចូលដែលជាមូលហេតុធ្វើមួយពួកគាត់ប្រឈមនឹងការគំរាមកំហែងតាមរយៈរូបភាពផ្សេងៗ។នេះបើតាមការអះអាងរបស់អតីតក្រុមប្រឹក្សាឃុំសង្កាត់ទាំងនេះ។
លោក ជិន សុខង៉េង អតីតចៅសង្កាត់សាលាកម្រើក នៅខេត្តសៀមរាប បានកំពុងភៀសខ្លួននៅកន្លែងមានសុវត្ថិភាព បន្ទាប់ពីលោកបដិសេធ មិនចុះចូលជាមួយបក្សកាន់អំណាចរបស់លោក ហ៊ុន សែន។
លោក ជិន សុខង៉េង បានអោយដឹងថាពេលនេះលោកកំពុងភៀសខ្លួននៅទីដែលមានសុវត្ថិភាព ដោយសារលោក ត្រូវបានគេតាមដានគ្រប់សកម្មភាពទាំងអស់ មិនថាគាត់នៅកន្លែងណា ឬធ្វើអ្វីនោះទេ។
«មានក្រុមស្លៀកពាក់អាវមិនស្គាល់អត្តសញ្ញាណ ព្យាយាមតាមយើងនូវរាល់សកម្មភាពអ្វីដែលយើងធ្វើនៅថ្នាក់មូលដ្ឋាន សកម្មភាពយើងទៅណាមានគេតាមឃ្លាំមើល។ ថ្មីៗនេះគឺមានសារព័ត៌មាន មានការលេចឡើងនូវការព្រមានចាប់សកម្មជនហើយប្ដឹងសកម្មជនមេឃុំចៅសង្កាត់គណបក្សសង្គ្រោះជាតិ ឡើង តុលាការទៀតពាក់ព័ន្ធនឹងថាបើយើងមិនចូលគណបក្សប្រជាជន គឺយើងជាជនក្បត់ជាតិ»។
លោក ជិន សុខង៉េង បានអោយដឹងបន្តថា នៅពេលនេះយ៉ាងហោចណាស់អតីតក្រុមប្រឹក្សាឃុំសង្កាត់ប្រមាណជា៥០នាក់ បានកំពុងភៀសខ្លួន ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន។
ជាមួយគ្នានេះដែរ អ្នកស្រី សេង ចាន់ថូ ជាអតីតមេឃុំទ្រាល ខេត្តកំពង់ធំ បានអោយដឹងដែរថា ពេលនេះអ្នកស្រីបារម្ភចំពោះសុវត្ថិភាពផ្ទាល់ខ្លួនខ្លាំងមែនទែន ពីព្រោះ ក្រៅពីមានសមត្ថកិច្ចបានមកបញ្ចុះបញ្ចូល អោយចុះចូលជាមួយគណបក្សប្រជាជនជាច្រើនលើកច្រើនសារ ក៏មានការតាមដានអ្នកស្រីផងដែរ។
អ្នកស្រីក៏បានអោយដឹងដែរ ទោះបីជាគេព្យាយាមរកវិធីដាក់ទោសទណ្ឌបែបណាក៏ដោយ ក៏អ្នកស្រីមិនចុះចូលដាច់ខាត។
«បើគេរកមនុស្សសព្វបែបសព្វយ៉ាងមកអូសទាញយើង ហើយយើងនៅតែរឹងទទឹង បើយើងអត់ចុះចូល វានឹងមាននីតិវិធីផ្សេងៗដើម្បីធ្វើបាបយើង ។ ប៉ូលិសឃើញតែឆ្វែលមួយថ្ងៃ៣ទៅ៤ ឬ៥ដង យើងអត់ដឹងថាគេតាមពីណាប៉ុន្តែសំខាន់យើងទៅផ្សារទៅអីហ្នឹងគេជិះពីក្រោយ ។ កូនក៏ច្រើន ហើយខ្លួនឯង ក៏អត់ថវិកា ក៏មិនដឹងចេញទៅណា ចង់ចាកចេញពីផ្ទះដែរ តែមិនដឹងទៅណា ពីព្រោះកូននៅតូចៗច្រើនណាស់ ខ្ញុំព្រួយបារម្ភដែរតែអត់ដឹងទៅណា»។
រូបឯកសារ៖ ទិដ្ឋភាពនៅមុខតុលាការកំពូល និងមហាអយ្យការ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅរាជធានីភ្នំពេញ ខណៈពេលដែលតុលាការកំពូលរៀបចំបើកសវនាការលើបណ្តឹងរបស់ក្រសួងមហាផ្ទៃ ដែលបានប្តឹងសុំឲ្យរំលាយគណបក្សសង្គ្រោះជាតិ។ (ខាន់ សុគុំមនោ/VOA)
ទើបតែឡើងកាន់តំណែងបានប្រមាណជាង៤ខែប៉ុណ្ណោះ បន្ទាប់ពីធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីខែមិថុនាកន្លងទៅនេះ អតីតចៅសង្កាត់និងក្រុមប្រឹក្សាឃុំសង្កាត់ជាង៥.០០០នាក់ បានបាត់បង់តំណែងភ្លាមៗ បន្ទាប់ពីគណបក្សសង្គ្រោះជាតិ ត្រូវបានគេរំលាយកាលពីថ្ងៃទី១៦ វិច្ឆិកានេះ។
ការរំលាយគណបក្សបក្សសង្គ្រោះជាតិ ធ្វើឡើងក្រោយការចាប់ឃុំខ្លួនមេបក្សនេះគឺ លោក កឹម សុខា ដោយចោទថា លោកបានឃុបឃិតជាមួយបរទេស ប្រព្រឹត្ត «អំពើក្បត់ជាតិ» ដោយប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលរបស់លោក ហ៊ុន សែន។
មិនបានប៉ុន្មានថ្ងៃផង ក្រោយការប្រកាសរំលាយគណបក្សសង្គ្រោះជាតិ ដែលគេមើលឃើញថា ជាដៃគូប្រកួតប្រជែងដ៏ធំរបស់បក្សកាន់អំណាចក្នុងពេលបោះឆ្នោត២០១៨ ក្រសួងមហាផ្ទៃបានដាក់បញ្ជាឱ្យអាជ្ញាធរខេត្តក្រុងនានា បង្កើតក្រុមការងារតាមដានបណ្ដាញ និងសកម្មភាពក្បត់ជាតិ ហើយរាយការណ៍ជាប្រចាំទៅក្រសួងវិញ។
រហូតមកដល់ថ្ងៃសុក្រនេះ អតីតចៅសង្កាត់និងក្រុមប្រឹក្សាឃុំសង្កាត់ប្រមាណជិត១.០០០នាក់នៃចំនួនសរុបជាង ៥.០០០នាក់ បានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា។ នេះបើយោងតាមការអះអាងពីមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជន។ ប៉ុន្តែ មន្ត្រីបក្សប្រឆាំង អះអាងថា ចំនួនអ្នកចុះចូលនោះ មានតិចតួចប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ អតីតចៅសង្កាត់ និងក្រុមប្រឹក្សាឃុំសង្កាត់ ដែលបានចុះចូលសុទ្ធតែបានអះអាងស្រដៀងគ្នាថា ពួកគាត់ត្រូវបានគេបង្ខំ ហើយការចុះចូលនោះ ក៏ព្រោះតែដើម្បីរក្សាសុវត្ថិភាពផ្ទាល់ខ្លួនផងដែរ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបដិសេធយ៉ាងដាច់ខាតចំពោះការចោទប្រកាន់ថា មានការគំរាមកំហែងអោយចុះចូលគណបក្សប្រជាជនកម្ពុជា។
លោកបានអោយដឹងថា គណបក្សប្រជាជន មានសមាជិកគ្រប់គ្រាន់ហើយ តែការបើកចំហ អោយមានការចុះចូលនោះ គឺគណបក្សប្រជាជន គ្រាន់តែចង់បង្រួបបង្រួមគ្នា ដើម្បីចូលរួមអភិវឌ្ឍភូមិឃុំទាំងអស់គ្នាតែប៉ុណ្ណោះ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (ហ៊ាន សុជាតា/VOA)
លោក សុខ ឥសាន បានចាត់ទុកការភៀសខ្លួនរបស់អតីតក្រុមប្រឹក្សាឃុំសង្កាត់ជាការ ខ្លាចរអើលតាមគ្នាតែប៉ុណ្ណោះ។
«ក្នុងការឃោសនាចលនានយោបាយ វាតែងតែមានហើយ តែបើអោយមានការសម្លុតគំរាមកំហែង គឺអត់មានដាច់ខាតហើយ។ ការញុះញង់របស់បងប្អូនមួយចំនួននៅក្នុងជួរគណបក្សប្រឆាំងបំភ័យគ្នាឥឡូវគេនៅហ្នឹងរាប់រយរាប់ពាន់នាក់ មាននរណាទៅចាប់ចងអី វាអត់។ កុំអោយតែយើងល្មើសច្បាប់ អាហ្នឹង មិនដឹងធ្វើម៉េច អាហ្នឹង រឿងដោយឡែក។ រអើល តាមគេញុះញង់ រអើលតាមគេ បង្អើល អាហ្នឹងចឹង»។
ស្របពេលជាមួយគ្នានេះដែរ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសអោយដឹងតាមរយៈការផ្ដល់កិច្ចសម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុកថា លោកនឹងស្វាគមន៍ការចុះចូលពីអតីតមន្ត្រីរបស់គណបក្សសង្គ្រោះជាតិ ដែលត្រូវបានគេរំលាយរហូតដល់យប់ថ្ងៃទី២៦ខែវិច្ឆិកានេះ ដោយរក្សាតំណែងអោយនៅដដែល។
ទោះបីជាយ៉ាងណាក៏ដោយ លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យ បានចាត់ ទុកការគំរាមកំហែងទៅលើអតីតចៅសង្កាត់ និងក្រុមប្រឹក្សាឃុំសង្កាត់គឺជា ការប្រើអំណាច គ្មានដែនកំណត់របស់គណបក្សកាន់អំណាច។ 
លោកបានបញ្ជាក់ថាសកម្មភាពទាំងនេះ គឺជាយុទ្ធសាស្រ្តក្នុងការទាក់ទាញដើម្បីជំរុញអោយមានការចុះចូល ក៏ប៉ុន្តែ វាធ្វើអោយប៉ះពាល់ជាខ្លាំងខាងផ្នែកស្មារតីរបស់ប្រជាជន។
«ជាយុទ្ធសាស្ត្រមួយដើម្បីទាក់ទាញសមាជិកសកម្មរបស់គណបក្សប្រឆាំងហ្នឹង អោយចុះចូលជាមួយគណបក្សកាន់អំណាចហើយក៏មានការអោយរង្វាន់ផង ការកៀបសង្កត់ផងគឺ មកទល់សព្វថ្ងៃនេះគឺ បានជោគជ័យតិចតួចនៅឡើយ ដូច្នេះការកៀបសង្កត់ឬក៏ការទាក់ទាញចេះតែនៅបន្តអញ្ចឹងទៅ។ ម្ល៉ោះហើយចេះតែមានការភិតភ័យ។ អ្នកខ្លះក៏រត់ចេញក្រៅ អ្នកខ្លះនៅក្នុង ក៏ចេះតែទ្រាំអញ្ចឹងទៅ។ អំណាចឥឡូវនេះ វាអត់មានអីទប់ទេ ពីព្រោះ លែងគោរពរដ្ឋធម្មនុញ្ញ លែងគោរពច្បាប់ដែលមាន »។
ក្រៅពីអតីតមន្ត្រីឃុំសង្កាត់យ៉ាងហោចណាស់ប្រមាណ៥០នាក់ ដែលបានកំពុងភៀសខ្លួនដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន ក្រោយពីបដិសេធមិនចុះចូលជាមួយបក្សកាន់អំណាចរបស់លោក ហ៊ុន សែន  អតីតមន្ត្រីសំខាន់ៗ និងតំណាងរាស្ត្រនៃបក្សសង្គ្រោះជាតិ ក៏បានភៀសខ្លួនចេញពីប្រទេសកម្ពុជាផងដែរ។
ការរំលាយ និងការបង្ក្រាបលើបក្សជំទាស់ ដែលមានសំឡេងគាំទ្រជាង៤០ភាគរយទូទាំងប្រទេសនេះ រងការរិះគន់និងគំនាបយ៉ាងខ្លាំងពីសំណាក់សហគមន៍អន្តរជាតិ។ ពួកគេ បានដាក់ការមន្ទិលសង្ស័យទៅលើការបោះឆ្នោតមួយ ដែលមិនប្រកបដោយភាពសេរី និងយុត្តិធម៌នៅឆ្នាំ២០១៨ខាងមុខ៕