ជារៀងរាល់ឆ្នាំចំនួនដបនិងថង់ផ្លាស្ទិកដ៏ច្រើនសន្ធឹកសន្ធាប់ បានហូរចូលទៅក្នុងមហាសមុទ្រ ដែលធ្វើឲ្យអ្នកវិទ្យាសាស្រ្តស្វែងរកដំណោះស្រាយដើម្បីបំបាត់បញ្ហាផ្លាស្ទិកនៅក្នុងភពផែនដី។ អ្នកស្រាវជ្រាវអ៊ឺរ៉ុបបានចាប់ផ្តើមចាត់ទុកថា បញ្ហានេះគឺជាបញ្ហាដ៏ធំធេងមួយ។
អង្គការសហប្រជាជាតិរាយការណ៍ថា ជារៀងរាល់ឆ្នាំមានផ្លាស្ទិកចំនួនជិត១២លានតោន អណ្តែតចូលទៅក្នុងមហាសមុទ្រ ដែលការណ៍នេះជាការគំរាមកំហែងដល់ជីវិតនានាជាច្រើនរាប់មិនអស់ ដែលរស់នៅក្នុងមហាសមុទ្រ។
អ្នកស្រី Lauren Biermann ដែលជាអ្នកវិទ្យាសាស្រ្តផ្នែកសង្កេតមើលជីវិតនិងធម្មជាតិនៅមន្ទីរពិសោធន៍ Plymouth Marine Laboratory ក្នុងប្រទេសអង់គ្លេសថ្លែងថា៖ «ផ្លាស្ទិកអ្វីក៏ដោយដែលចូលទៅក្នុងមហាសមុទ្រ គឺនឹងបែកក្លាយទៅជាបំណែកតូចៗដោយជៀសមិនផុត ឬ លិចទៅបាតសមុទ្រ ឬ ជាប់នឹងខ្លួនសត្វដែលរស់នៅក្នុងមហាសមុទ្រ ឬ សត្វនឹងលេបផ្លាស្ទិកទាំងនោះ។ យើងមិនចង់ឲ្យរឿងទាំងនេះ កើតឡើងទេ ហើយជាការដោះស្រាយបញ្ហានេះគឺ បើអ្នកឃើញផ្លាស្ទិកមុនពេលវាចូលទៅក្នុងសមុទ្រនោះគឺមានន័យថា អ្នកអាចធ្វើអ្វីមួយដើម្បីបញ្ឈប់វាបាន»។
អ្នកស្រី Lauren Biermann ថ្លែងទៀតថា នៅមន្ទីរពិសោធន៍របស់អ្នកស្រី អ្នកស្រាវជ្រាវ បានកំណត់អត្តសញ្ញាណការបំពុលដោយផ្លាស្ទិកតាមរយៈការសិក្សាពីរូបភាពដែលមានគុណភាពច្បាស់ ថតដោយផ្កាយរណប។
«ខ្ញុំចង់និយាយថា ការបំពុលដោយផ្លាស្ទិក គឺអាចវាស់បានថា មួយ pixel លើរូបស្មើនឹង ១០ម៉ែត្រការ៉េ លើដែនដី។ សម្រាប់ការប្រើប្រាស់ធម្មតានៅក្នុងទឹក គឺយើងមិនចាំបាច់ត្រូវការរូបភាពច្បាស់ខ្លាំងពេកនោះទេ ក៏ប៉ុន្តែ នៅតំបន់ឆ្នេរសមុទ្រ វាអាចជួយឲ្យយើងមើលឃើញទូកតូចៗ ប្រឡាយតូចហូរទៅសមុទ្រ និងច្រាំង។ នៅពេលដែលខ្ញុំមើលទៅប្រឡាយតូចៗទាំងនេះ ខ្ញុំក៏ចាប់ផ្តើមសម្គាល់ឃើញថា មានរបស់តូចៗអណ្តែតនៅក្នុងប្រឡាយទាំងនោះ ហើយពួកវាមិនមែនជារុក្ខជាតិនោះទេ»។
តាមរយៈការសិក្សាសម្ព័ន្ធគីមីទាំងនោះ អ្នកវិទ្យាសាស្រ្ត អាចដឹងបានពីភាពខុសគ្នារវាងផ្លាស្ទិក និងរុក្ខជាតិ ហើយពួកគេក៏អាចដឹងផងដែរថា តើផ្លាស្ទិកទាំងនោះមកពីណា និងវាប្រមូលផ្តុំនៅកន្លែងណា។
ថង់ត្រូវបានឃើញប្រើបាស់នៅក្នុងផ្សារអូឬស្សីនារាជធានីភ្នំពេញនៅថ្ងៃ សុក្រ ទី១៤ ខែតុលា ឆ្នាំ២០១៦ នៅផ្សារអូឬស្សីនារាជធានីភ្នំពេញ។(ឡេង ឡែន/VOA)
លោក Richard Thomson នៃសាកលវិទ្យាល័យUniversity of Plymouth បានថ្លែងថា៖ «យើងដឹងហើយថា ផ្លាស្ទិកធំៗ មានគ្រោះថ្នាក់ចំពោះសត្វដោយវាជាប់នឹងខ្លួនសត្វដែលរស់នៅក្នុងមហាសមុទ្រ ឬ ជាប់នៅក្នុងពោះសត្វទាំងនោះ ហើយយើងដឹងរឿងទាំងនេះ ដោយសារការសង្កេតជីវិតនៅក្នុងសមុទ្រ។ ចំណែកភាគល្អិតផ្លាស្ទិក ឬ ដែលភាសាអង់គ្លេសថា microplasticsនោះ គឺយើងដឹងតាមរយៈការសិក្សានៅមន្ទីរពិសោធន៍ ហើយឃើញថាវានឹងអាចផ្តល់គ្រោះថ្នាក់»។
លោកសាស្រ្តាចារ្យ Richard Thomson បានបង្កើតពាក្យភាគល្អិតផ្លាស្ទិក ឬ microplastics នេះ កាលពី១៥ឆ្នាំមុន។ លោកនិយាយថា មនុស្សលោក ត្រូវគិតអំពីការប្រើប្រាស់មហាសមុទ្រឡើងវិញ។
«យើងមិនអាចគិតថា មហាសមុទ្រទាំងនេះជាកន្លែងដែលយើងអាចចេះតែបោះអ្វីចោល ដោយគ្មានផលវិបាកនោះទេ។ យើងត្រូវរៀនរបៀបធ្វើការលើភពផែនដីតាមវិធីដែលមានចិរភាពជាងសព្វថ្ងៃនេះ។ ដោយសារតែមហាសមុទ្រលាតសន្ធឹងប្រមាណជា៧០ភាគរយនៃផ្ទៃភពផែនដីនោះ វា គឺជារឿងសំខាន់ណាស់ដែលយើងត្រូវតែយល់ឲ្យបានច្រើនជាងនេះ អំពីមហាសមុទ្រទាំងនោះ»។
អង្គការសហប្រជាជាតិបានឲ្យដឹងថា សត្វរស់នៅក្នុងសមុទ្រងាប់១សែនក្បាលជារៀងរាល់ឆ្នាំដោយសារតែការបំពុលដោយផ្លាស្ទិក។ អ្នកស្រាវជ្រាវនិយាយថា បើសិនជាចំនួននេះ នៅតែបន្ត មហាសមុទ្រនានាក្នុងពិភពលោកនឹងមានផ្លាស្ទិក ច្រើនជាងត្រីនៅត្រឹមឆ្នាំ២០៥០៕
ប្រែសម្រួលដោយ អ្នកស្រី លី ម៉ូរីវ៉ាន់