ការទៅបោះឆ្នោតដោយភាពភ័យខ្លាច ការទៅបោះឆ្នោតដើម្បីបង្គ្រប់កិច្ច និងការទៅបោះឆ្នោត ដោយការពេញចិត្តនឹងការអភិវឌ្ឍន៍របស់រដ្ឋាភិបាលកន្លងមក ធ្វើឱ្យស្ថានភាពនៃការបោះឆ្នោតថ្ងៃអាទិត្យនេះ មិនសូវមានភាពអ៊ូអរដូចអាណត្តិកន្លងមក។ នេះបើតាមការឲ្យដឹងរបស់ប្រជាពលរដ្ឋមួយចំនួនក្នុងស្រុកជីក្រែងនិងក្រុងសៀមរាបក្នុងខេត្តសៀមរាប។
ស្រុកជីក្រែងមានចម្ងាយប្រមាណជាង៧០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប ដែលមានឃុំចំនួន១២។ ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ-សង្កាត់អាណត្តិទី៤កន្លងទៅ គណបក្សសង្គ្រោះជាតិដែលត្រូវបានគេរំលាយនោះ បានឈ្នះដាច់ពីគណបក្សប្រជាជនកម្ពុជា ពោលគឺ ឈ្នះទាំង១២ឃុំ។
ក៏ប៉ុន្តែទោះបីជានៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនេះ ទោះបីជាអវត្តមានរបស់គណបក្សសង្គ្រោះជាតិក្តី ប្រជាពលរដ្ឋមួយចំនួននៅស្រុកជីក្រែងនៅតែបន្តការទៅបោះឆ្នោតដដែល ស្របពេលដែលអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងស្រុកជីក្រែងនេះ បង្កើតការតាមដានយ៉ាងតឹងតែងទៅលើអ្នកដែលមានសិទ្ធទៅបោះឆ្នោត។
យុវតីវ័យ១៨ឆ្នាំមួយរូបដែលសុំមិនបញ្ចេញឈ្មោះដោយសារសុវត្ថិភាពផ្ទាល់ខ្លួន បានបង្ហាញម្រាមដៃចង្អុលដែលបានប្រឡាក់ទឹកថ្នាំបោះឆ្នោតរួចទៅហើយនោះ។ នាងបានឲ្យដឹងថាការមកបោះឆ្នោតនេះគឺព្រោះតែការខ្លាចរអាពាក្យចចាមអារ៉ាមកន្លងមកថា ការមិនទៅបោះឆ្នោត នឹងមានផលប៉ះពាល់ដល់ការរស់នៅ ការសិក្សា និងការងារជាដើម។
យុវតីរូបនេះ បានបង្ហាញពីអារម្មណ៍សោកស្ដាយរបស់ខ្លួនថា ការបោះឆ្នោតលើកដំបូងរបស់នាងបែរជាអវត្តមានគណបក្សដែលនាងពេញចិត្តទៅវិញ។
យុវតីរូបនេះបាននិយាយថា៖
«ទៅ ទៅបោះ ហើយទៅជ្រលក់ដៃឲ្យតែមាននាម ព្រោះអីអត់មានគណបក្សណាដែលគួរឲ្យចាប់អារម្មណ៍។ ហើយមាន [យុទ្ធនាការ] ដេកផ្ទះ ឈ្នះស្អាតអីចឹងទៅ មានអារម្មណ៍ភ័យៗ។ ទៅបោះៗ ឲ្យតែមាននាមឈ្មោះជាអ្នកបោះ ណា៎បង ខ្លាចភូមិឃុំគេស្ដីឲ្យ។ ខ្លាចទាំងអស់។ គូសចោលទាំងអស់។ ឆូតចោល»។
ទិដ្ឋភាពនៅការិយាល័យបោះឆ្នោតមួយ នៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប កាលពីព្រឹកថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨។ (ធីតា វីន/VOA)
ជាមួយគ្នានេះដែរអ្នកស្រី ឈឹម សាមួន រស់នៅឃុំកំពង់ក្ដី ស្រុកជីក្រែង ដែលកំពុងតែដាំទឹកនៅក្រោមផ្ទះ បានឲ្យដឹងថាក្នុងក្រុមគ្រួសារអ្នកស្រីមានគ្នា៤នាក់ដែលមានឈ្មោះទៅបោះឆ្នោត។ ទោះបីជាផ្ទះរបស់អ្នកស្រី មានចម្ងាយប្រហែល២០០ម៉ែត្រពីមណ្ឌលបោះឆ្នោតក៏ដោយ ក៏អ្នកស្រីបានដឹងថាអ្នកស្រី មិនអាចទៅបោះឆ្នោតទេ ពីព្រោះរវល់មើលកូនឈឺនៅផ្ទះ ហើយប្ដីរបស់អ្នកស្រី រវល់ទៅមើលស្រែ។
ប្រជាពលរដ្ឋមួយចំនួនផ្សេងៗទៀត រស់នៅក្នុងស្រុកជីក្រែងនេះ បានបង្ហាញពីការសម្រេចចិត្តយ៉ាងស្ទាក់ស្ទើរក្នុងការទៅចូលរួមបោះឆ្នោតថា ពួកគាត់ប្រហែលជានឹងអាចទៅចូលរួមបោះឆ្នោតពីព្រោះពួកគាត់ខ្លាចមានបញ្ហាទៅថ្ងៃក្រោយ នៅពេលដែលអាជ្ញាធរដឹងថា ពួកគាត់មិនបានទៅបោះឆ្នោត។
ក៏ប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋមួយចំនួនដែលបានបោះឆ្នោតរួចហើយនៅក្នុងស្រុកជីក្រែងនេះដែរ បានដឹងថា ពួកគាត់ចូលរួមបោះឆ្នោតដោយឆន្ទៈរបស់គាត់ និងដោយក្ដីរីករាយ។
បុរសវ័យចំណាស់ម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា៖ «សប្បាយចិត្ត បោះយូរទៅ គាត់រីកចំរើន ថ្នល់ជាតិយើង ក៏គាត់មិនយកពន្ធមិនយកដាទៅ។ ប្រជាជនយើងសប្បាយចិត្តណា។ យកពន្ធតែឡាន»។
មេភូមិឬមន្ត្រីថ្នាក់ឃុំសង្កាត់ខ្លះ បានឈរជើងនៅចម្ងាយប្រហែលជាពី៥០ទៅ១០០ម៉ែត្រពីមណ្ឌលបោះឆ្នោត។ មន្ត្រីទាំងនោះមានក្រដាសបញ្ជីឈ្មោះអ្នកទៅចូលរួមបោះឆ្នោតនៅក្នុងដៃ ដោយក្រដាសនោះមានការគូសចំណាំពណ៌នៅលើឈ្មោះ សមាជិករបស់ខ្លួន។
មេភូមិមួយរូបនៅក្នុងស្រុកជីក្រែងបានដឹងថា លោកមកទីនេះដើម្បីមើលថានរណាខ្លះ បានមកបោះឆ្នោត ហើយត្រូវគូសចំណាំ ហើយអ្នកមិនទាន់បានមកបោះ លោកនឹងទៅហៅនៅពេលជិតដល់ម៉ោងបិទការបោះឆ្នោត។
មេភូមិនៅស្រុកជីក្រែង ខេត្តសៀមរាប កំពុងអង្គុយមើលអ្នកទៅបោះឆ្នោត និងមានបញ្ជីឈ្មោះអ្នកបោះឆ្នោតនៅក្នុងដៃសម្រាប់គូសចំណាំអ្នកណាខ្លះបានទៅបោះឆ្នោត ឬមិនបានទៅបោះឆ្នោត កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩។ (ធីតា វីន/VOA)
ដោយឡែកនៅក្នុងក្រុងសៀមរាបវិញ លោក សុក ចំរើន អ្នកលក់ទឹកអំពៅនៅមុខមណ្ឌលបោះឆ្នោតបានសង្កេតឃើញថា អ្នកចូលរួមបោះឆ្នោតលើកនេះ ដូចជាមានចំនួនតិចជាងរាល់ដងប្រហែលជា៦០ភាគរយ។
លោកបាននិយាយថា៖ «ធម្មតា ឥឡូវវាបាត់មួយបក្សអីចឹង គេគិតយ៉ាងម៉េច យើងមិនដឹងទេ។ ប៉ុន្តែគ្រាន់តែថា បាត់ប្រជាជនដែលមកបោះហ្នឹង វាបាត់ច្រើនដែរ»។
ជាមួយគ្នានេះដែរ បុរសចំណាស់ម្នាក់ទៀត ដែលសុំមិនបញ្ចេញឈ្មោះដែលកំពុងប្រកបមុខរបរតូច មួយនៅតាមផ្លូវក្បែរមណ្ឌលបោះឆ្នោតក្នុងក្រុងសៀមរាប បានឲ្យដឹងដែរថា លោកនឹងទៅបោះ ឆ្នោតបង្គ្រប់កិច្ចនៅពេលជិតដល់ម៉ោងបិទការបោះឆ្នោត។
លោកបានលើកឡើងថា៖ «គឺថា យើងបង្គ្រប់កិច្ចឲ្យគេទៅណា។ ធ្វើម៉េចឲ្យមានដៃជ្រលក់ថ្នាំ ឲ្យមានឈ្មោះនៅក្នុងសង្គមហ្នឹងគេ»។
នៅក្នុងខេត្តសៀមរាប មានគណបក្សនយោបាយចំនួន១៨ បានចូលរួមការប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងសាស្ត្រអាណត្តិទី៦នាថ្ងៃអាទិត្យនេះ។ នៅក្នុងខេត្តនេះ មានអាសនៈចំនួន៦។ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៥កាលពីឆ្នាំ ២០១៣ គណបក្សសង្គ្រោះជាតិដែលត្រូវបានគេរំលាយនោះ ទទួលបាន២អាសនៈ ខណៈគណបក្សប្រជាជនកម្ពុជាទទួលបាន៤អាសនៈ។
លោក ឃុន សាវឿន ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋានប្រចាំខេត្តសៀមរាប បានទទួលស្គាល់ថា ការចូលរួមបោះឆ្នោតរបស់ប្រជាពលរដ្ឋ មានការថមថយជាងពេលបោះឆ្នោតកន្លងមក។
VOA សំឡេងសហរដ្ឋអាមេរិក មិនអាចសុំការអត្ថាធិប្បាយជុំវិញការបោះឆ្នោតពីលោក ឃឹម ប៊ុនស៊ុង អភិបាលខេត្តសៀមរាបបានទេ ពីព្រោះលោករវល់ ហើយមិនមានពេលសម្រាប់ផ្ដល់សម្ភាសន៍នោះទេ។
លោក នឹម វ៉ាន់សំ ប្រធានគណៈកម្មាធិការខេត្តរៀបចំការ បោះឆ្នោតប្រចាំខេត្តសៀមរាបបានឲ្យដឹងថា ស្ថានភាពការបោះឆ្នោតឆ្នាំនេះ មានភាពល្អប្រសើរ។
លោកបន្តថាការយល់ឃើញរបស់ប្រជាពលរដ្ឋក្នុងការសម្រេចចិត្តទៅចូលរួមបោះឆ្នោតគឺជាសិទ្ធរបស់ប្រជាពលរដ្ឋ។
លោកមានប្រសាសន៍ថា៖ «បាទ អាហ្នឹងគឺជាការសម្រេចចិត្តរបស់គាត់។ ហ្នឹងគឺថា ជាសិទ្ធិរបស់គាត់។ ប៉ុន្តែគ្រាន់តែថា មិនមានអ្នកណាបង្ខំគាត់។ ប្រជាជនកាន់តែចេះដឹងច្រើន»។
ក្នុងខេត្តសៀមរាប ដែលមានឃុំចំនួន ១០០ ស្រុកចំនួន១១ និងក្រុងចំនួន១ មានការិយាល័យបោះឆ្នោតចំនួន១៤៧៣ ហើយមានប្រជាពលរដ្ឋដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតចំនួន៥៣៥.៥២១នាក់។
កាលពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៣កន្លងទៅគណបក្សប្រជាជនបានទទួលជោគជ័យចំនួន៩៨ឃុំ ហើយ ២ឃុំបានទៅលើគណបក្ស សម រង្ស៊ី ដែលបន្ទាប់មករួមបញ្ចូលជាមួយគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា ដើម្បីបង្កើតជាគណបក្សសង្គ្រោះជាតិ។
ក៏ប៉ុន្តែក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ-សង្កាត់អាណត្តិទី៤កន្លងទៅ គណបក្សសង្គ្រោះជាតិ ដែលត្រូវបានគេរំលាយនោះ បានឈ្នះការប្រកួតប្រជែងនេះរហូតទទួលបាន៥៦សង្កាត់ក្នុងចំណោមឃុំ-សង្កាត់ទាំង១០០នៃខេត្តសៀមរាប។ ចំណែកឯគណបក្សប្រជាជនកម្ពុជា ទទួលបានត្រឹមតែ៤៤ សង្កាត់តែប៉ុណ្ណោះនៅពេលនោះ។
គិតត្រឹមពេលបិទការរិយាល័យបោះឆ្នោត នៅម៉ោង៣រសៀលថ្ងៃអាទិត្យនេះ គ.ជ.ប. បានប្រកាសឱ្យដឹងថាចំនួនអ្នកចេញមកបោះឆ្នោតនៅក្នុងខេត្តសៀមរាប មានជាង ៧៣ភាគរយ នៃចំនួន៥៣ម៉ឺននាក់៕