រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង នៅថ្ងៃអង្គារនេះ បានសរសើរការបង្ក្រាបរបស់អាជ្ញាធរទទួលបន្ទុកប្រឆាំងទំនិញក្លែងក្លាយ តែរិះគន់ថា ពួកគេបង្ក្រាបបានតែទំនិញ តែមិនឃើញមានការចាប់ខ្លួនអ្នកទទួលខុសត្រូវយកមកផ្ដន្ទាទោស។
ក្នុងពិធីកម្ទេចផលិតផលក្លែងក្លាយ និងខូចគុណភាព ជាង៧០តោន នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ នេះ លោក ស ខេង បានថ្លែងកោតសរសើរគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ចំពោះការចាប់ទំនិញក្លែងក្លាយ និងខូចគុណភាពបានជាច្រើនដង និងកម្ទេចបានចំនួន៤ដងកន្លងមក។
ទន្ទឹមនឹងការសរសើរនេះ លោកក៏បានលើកឡើងថា ការណ៍ដែលគ្រាន់តែចាប់ទំនិញក្លែងក្លាយបាន ហើយយកទៅកម្ទេចចោល ដោយមិនមានចាត់វិធានការលើជនដែលប្រព្រឹត្តល្មើស នឹងមិនអាចបញ្ឈប់ការចរាចរទំនិញក្លែងក្លាយ និងខូចគុណភាពទាំងនោះបានទេ។
លោកបញ្ជាក់ថា៖ «យើងគ្រាន់តែនាំគ្នាបក់ផ្សែង តែមិននាំគ្នាពន្លត់ភ្លើងទេ។ នេះហើយជាបញ្ហាដែលខ្ញុំគិតថា គណៈកម្មាធិការនេះ ត្រូវតែធ្វើការឲ្យបានម៉ត់ចត់ថែមទៀត ទន្ទឹមនឹងស្នាដៃដែលខ្លួនធ្វើបាន ពីព្រោះសមិទ្ធិផល ឬក៏ថាជោគជ័យជាមូលដ្ឋានរបស់យើង គឺការលុបបំបាត់ការចរាចរ ការលក់ដូរហ្នឹងឯង។ អញ្ចឹងទាល់តែយើងផ្ដាច់ឫសគល់វា។ បើយើងមិនផ្ដាច់ឫសគល់វាទេ យើងនាំគ្នាបក់ផ្សែង បក់មិនចប់ទេ»។
លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកំពុងពិនិត្យមើលផលិតផលក្លែងក្លាយ ក្នុងពិធីកម្ទេចផលិតផល និងថ្នាំពេទ្យក្លែងក្លាយក្នុងរាជធានីភ្នំពេញ នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះបន្ថែមថា ទំនិញក្លែងក្លាយ និងខូចគុណភាពទាំងនោះ ធ្វើឲ្យប៉ះពាល់ខ្លាំងដល់សុខភាពប្រជាជន រហូតឈានដល់បាត់បង់ជីវិត និងធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់ប្រទេសផងដែរ។
ផលិតផលក្លែងក្លាយ និងខូចគុណភាព ដែលត្រូវបានកម្ទេចចោលនៅថ្ងៃអង្គារនេះ រួមមាន ថ្នាំពេទ្យក្លែងក្លាយចំនួន១០៦មុខ ស្មើនឹង៤០០គីឡូក្រាម ទឹកសុទ្ធជិត៦៣តោន ដែលភាគច្រើនជាស្លាកសញ្ញាក្រុមហ៊ុនប្រទេសបារាំង និងផលិតផលជីកសិកម្មជិត៨តោន។
នៅលើស្លាកទឹកសុទ្ធក្លែងក្លាយដែលមានយីហោពីប្រទេសបារាំង គេឃើញមានអក្សរចិន ដែលសមត្ថកិច្ចមួយរូបប្រាប់ VOA ថា ជាផ្នែកមួយនៃការចំណាំលើផលិតផលទឹកបរិសុទ្ធនោះ ថាជាផលិតផលក្លែងក្លាយ។
លោក មៀច សុផាន់ណា ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ថ្លែងក្នុងពិធីនោះដោយលើកពីមូលហេតុដែលទំនិញក្លែងក្លាយ បន្តចរាចរច្រើននៅកម្ពុជាថា ដោយសារអ្នកប្រព្រឹត្តទទួលបានចំណេញច្រើន និងដោយសារមិនទាន់មានច្បាប់ដើម្បីដាក់ទោសជនដែលប្រព្រឹត្តឲ្យបានធ្ងន់ធ្ងរនៅឡើយ។
លោកបញ្ជាក់ថា៖ «នាពេលបច្ចុប្បន្ននេះ ទោះជាមានការខិតខំទប់ស្កាត់ពីបណ្ដាសមត្ថកិច្ច អ្នកអនុវត្តច្បាប់យ៉ាងណាក៏ដោយ ក៏ជនល្មើសនៅព្យាយាមបន្តប្រព្រឹត្តបទល្មើសផលិតផលក្លែងក្លាយនេះ ព្រោះថា ការចរាចរចែកចាយផលិតផលក្លែងក្លាយដែលមានហានិភ័យខ្ពស់ គេនឹងទទួលបានប្រាក់ចំណេញ ប្រាក់កម្រៃច្រើន ទោសទណ្ឌទៀតសោតនៅមានកម្រិតស្រាល គួបផ្សំនឹងការយល់ដឹងរបស់សមត្ថកិច្ចនៅលើវិស័យនេះ នៅមានកម្រិតនៅឡើយ»។
លោក មៀច សុផាន់ណា ក៏បានស្នើឲ្យបង្កើតច្បាប់ដែលអាចដាក់ទោសធ្ងន់ដល់ជនដែលប្រព្រឹត្តល្មើស ពាក់ព័ន្ធនឹងការជួញដូរ និងផលិតទំនិញក្លែងក្លាយឲ្យបានឆាប់ផងដែរ។
គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៃក្រសួងមហាផ្ទៃ ក៏បានបន្តអំពាវនាវឲ្យប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ច អំពីទីតាំងផលិត សកម្មភាព ឬផលិតផលក្លែងក្លាយនានា ដែលបង្កគ្រោះថ្នាក់ខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ដើម្បីសមត្ថកិច្ចអាចចាត់វិធានការលើជនល្មើសបានទាន់ពេល។
លោក មាជ សុផាន់ណា ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ប្រាប់អ្នកសារព័ត៌មានក្នុងពិធីកម្ទេចផលិតផល និងថ្នាំពេទ្យក្លែងក្លាយក្នុងរាជានីភ្នំពេញ នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩។
លោក សន ជ័យ នាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា ប្រាប់ VOA ថា ការកម្ទេចផលិតផលក្លែងក្លាយ និងខូចគុណភាពដដែលៗនេះ កំពុងធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ ដោយសារតែផលិតផលខុសច្បាប់ទាំងនោះនៅតែមានលើទីផ្សារ។
លោកបន្ថែមថា រដ្ឋាភិបាលគួរពង្រឹងការដាក់ទោសជនល្មើសឲ្យបានធ្ងន់ធ្ងរ ដើម្បីធានាថា ការជួញដូរ ឬផលិតទំនិញក្លែងក្លាយ នឹងត្រូវបានកាត់បន្ថយ។
លោកបញ្ជាក់ថា៖ «អ្វីដែលប្រជាពលរដ្ឋចង់បាននោះគឺ ការយកជនល្មើស ហើយនិងអ្នកដែលនៅពីក្រោយខ្នងហ្នឹងមកប្រឈមមុខនឹងផ្លូវច្បាប់។ កន្លងមកយើងឃើញពេលដែលមានសមត្ថកិច្ចចុះបង្ក្រាបទីតាំងផលិតគ្រឿងឧបភោគបរិភោគក្លែងក្លាយហ្នឹង យើងឃើញមានវត្តមាននៃបុគ្គលជាមន្ត្រីទាហានអី ទៅមានវត្តមាននៅកន្លែងបង្ក្រាបហ្នឹងដែរ ធ្វើឲ្យយើងមានការសង្ស័យថា ករណីនោះយើងអាចមើលឃើញថា ការរកស៊ីខុសច្បាប់ហ្នឹងក៏មានអ្នកកាងពីក្រោយដែរ»។
របាយការណ៍របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បញ្ជាក់ថា ក្នុងរយៈពេលមួយឆ្នាំ២០១៧ សមត្ថកិច្ចរឹបអូសផលិតផលក្លែងក្លាយ ប្រមាណជា៦០០តោន តែក្នុងឆ្នាំ២០១៨ សមត្ថកិច្ចរឹបអូសបានជាង២០០តោន។ ក្រោយការបង្ក្រាបបាន សមត្ថកិច្ចបានដុត និងកម្ទេចចោលជាបន្តបន្ទាប់៕