កាលពីថ្ងៃពុធ ទី២៧ ខែកញ្ញា លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយដោយតុលាការរបស់រដ្ឋាភិបាលគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន កាលពីឆ្នាំ២០១៧ បានចូលរួមវេទិកាសហគមន៍ខ្មែរមួយដែលរៀបចំឡើងដោយអង្គការខ្មែរអាមេរិកាំងដើម្បីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ឬ CAHRAD។
វេទិកានេះត្រូវបានធ្វើឡើងនៅបណ្ណាល័យ Thomas Jefferson នៅសង្កាត់ Arlington រដ្ឋ Virginia ជាយរដ្ឋធានីវ៉ាស៊ីនតោន ដោយមានសមាជិកគណបក្សសង្គ្រោះជាតិ និងអ្នកគាំទ្រប្រមាណជាង៤០នាក់បានចូលរួម។
គោលបំណងដែលអង្គការនេះអញ្ជើញលោក សម រង្ស៊ី មេដឹកនាំក្រុមជំទាស់ដែលកំពុងនិរទេសខ្លួន នៅក្រៅប្រទេស មកកាន់វេទិកានេះ គឺដើម្បីឱ្យលោក ជម្រាបសហគមន៍ខ្មែរអាមេរិកាំងអំពីគោលបំណងនៃការបង្កើតមហាចលនាខ្មែរមួយ ដើម្បីពង្រីកការទាក់ទងរវាងខ្មែរនៅក្រៅប្រទេសនិងដំណើរទស្សនកិច្ចរបស់លោកមកកាន់រដ្ឋធានីវ៉ាស៊ីតោនដើម្បីជួបជាមួយមន្ត្រីសហរដ្ឋអាមេរិក និងការវិវត្តនៅពេលថ្មីៗនេះស្តីពីច្បាប់មួយចំនួន ដែលសភាអាមេរិកនឹងត្រូវអនុម័តដែលទាក់ទិននឹងការរំលោភសិទ្ធិមនុស្សនិងបញ្ហាអន្តរជាតិ ជាពិសេសទាក់ទិនកំពង់ផែរាម ដែលលោកបានមានប្រសាសន៍ថាអាចត្រូវចិនប្រើប្រាស់សម្រាប់កន្លែងចូលចតរបស់នាវាផ្ទុកយន្តហោះរបស់យោធាចិន។
លោក សម រង្ស៊ី បានថ្លែងថា ចលនាមហាជនខ្មែរនោះរួមមានមនុស្សថ្មីៗដែលគេមិនហ៊ានចេញមុខ អ្នកការពារបរិស្ថាន អ្នកសារព័ត៌មានដើម្បីបង្ហាញជាកម្លាំងដ៏ខ្លាំងមួយរវាងខ្មែរនៅក្រៅប្រទេសជាមួយខ្មែរនៅក្នុងប្រទេស តាមរយៈការផ្តល់ព័ត៌មានឱ្យគ្នាទៅវិញទៅមក។
លោកថ្លែងថា៖ «គឺយើងត្រូវផ្តួចផ្តើមគំនិតថ្មីអ្វីបន្ថែមលើសពីអ្វីដែលយើងមាននៅពេលសព្វថ្ងៃនេះ ពីព្រោះពេលវេលាសំខាន់ណាស់ ពេលវេលាកាន់តែកន្លងទៅ បើការតស៊ូរបស់យើងនៅមានកម្រិតប៉ុណ្ណឹងឬទំហំប៉ុណ្ណឹង គឺមិនអាចសម្រេចបានឆាប់ៗតាមដែលយើងចង់បានទេ ដូច្នេះ យើងត្រូវប្រមូលកម្លាំងរបស់យើងនិងពង្រីកឈានបោះដៃទៅរកមជ្ឈដ្ឋានក្មេងៗ យុវជន សង្គមស៊ីវិលដែលមិនស្ថិតនៅក្នុងជួរគណបក្សនយោបាយទេ តែគេជាខ្មែរក្នុងវិស័យផ្សេងៗក៏គេអាចជួយស្តារប្រទេសកម្ពុជាតាមសមត្ថភាព តាមជំនាញរបស់គេម្នាក់ៗ។ ដូច្នេះហើយបានជាយើងឈានទៅបង្កើតមហាចលនាខ្មែរមួយដូចយើងបានឃើញនៅញូយ៉ក មុខថ្មី មនុស្សថ្មី បន្តិចទៀតនេះ រូបភាពបែបនេះនឹងបញ្ជាក់ឡើងច្បាស់ថែមទៀត»។
លោកបាននិយាយថា ចលនាមហាជនខ្មែរនោះគឺលើកទឹកចិត្តយុវជនខ្មែរនៅក្រៅប្រទេសទាក់ទងជាមួយយុវជនខ្មែរក្នុងប្រទេស តាមរយៈការចែករំលែកចំណេះដឹង ផ្លាស់ប្តូរបទពិសោធន៍រវាងគ្នាទៅវិញទៅមក ដោយមិនចាំបាច់ឆ្លងកាត់តាមគណបក្សទេ។ លោកថា ការធ្វើដូច្នេះមានន័យថាបងប្អូននៅក្នុងប្រទេសកម្ពុជា យល់ថាយុវជនខ្មែរនៅបរទេសមិនបំភ្លេចយុវជននៅក្នុងប្រទេសកម្ពុជាទេ។
លោកបានថ្លែងទៀតថា ប្រទេសកម្ពុជាមិនត្រូវស្លាប់ជាដាច់ខាត ហើយកូនខ្មែរដែលមានព្រលឹងនិងមនសិការជាខ្មែរក៏មិនបណ្តាយឱ្យបុគ្គលណា ក្រុមគ្រួសារណាយកប្រទេសខ្មែរធ្វើជាទ្រព្យសម្បត្តិផ្ទាល់ខ្លួនដែរ។ បងប្អូនយើងនៅក្រៅប្រទេសមិនមានចំនួនច្រើនទេ តែទឹកចិត្តរបស់យើងនិងទឹកចិត្តរបស់បងប្អូនខ្មែរនៅក្នុងប្រទេសគឺមិនខុសគ្នាទេ។ លោកបន្ថែមទៀតថាប្រសិនបើកម្លាំងខ្មែរយើងខ្លាំង បរទេសក៏គេស្រួលធ្វើការជាមួយខ្មែរយើងដែរ។
លោក សម រង្ស៊ី បានថ្លែងទៀតថា ពេលដែលនិយាយជាមួយមេដឹកនាំបរទេស ជាពិសេសសហរដ្ឋអាមេរិកនិងអឺរ៉ុប ពួកគេតែងតែអាណិត្តអាសូរដល់ពលរដ្ឋខ្មែរយើងណាស់ហើយអ្វីដែលគេរឹតតែចាប់អារម្មណ៍ទៀតគឺចិនដែលកំពុងចាប់ផ្តើមកំពង់ផែរាមនៅក្នុងប្រទេសកម្ពុជាដែលចិនអាចប្រើប្រាស់ជាកន្លែងផ្ទុកនាវាចម្បាំងរបស់យោធាក្នុងចិន។ លោកបានថ្លែងថា បញ្ហានេះ គ្រោះថ្នាក់ខ្លាំងណាស់សម្រាប់ប្រទេសកម្ពុជាយើង។ លោកនិយាយអះអាងជាឯកតោភាគីទៀតថា ប្រសិនបើមានសង្គ្រាមផ្ទុះឡើងនៅក្នុងតំបន់ សហរដ្ឋអាមេរិកនឹងទម្លាក់គ្រាប់បែកមកលើទីតាំងនោះ។
រូបភាពផ្កាយរណបរបស់ BlackSky បង្ហាញទិដ្ឋភាពនៃទីតាំងមូលដ្ឋានទ័ពរាម ក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២២។
លោកបានថ្លែងថា៖ «ហើយនៅកោះកុង នៅតារាសាគរជាទីកន្លែងដែលចិនវាទទីយកនោះ អត់ឱ្យនរណាចូលមើលទេ ចិនយកប្រហែល ៣ម៉ឺនហិកតា មានជាច្រើនកន្លែង ក៏ប៉ុន្តែហ្នឹង គេបិទជិត។ ហើយក្នុងនោះមានឃ្លាំង មានបន្ទាយនិងសកម្មភាពអ្វីខ្លះទេ បើតាមខ្ញុំថាកន្លែងនោះគឺកន្លែងសឹក កន្លែងយោធា ដាក់ទាហានរាប់ម៉ឺននាក់បាន បើមានការផ្ទុះសង្គ្រាមអីណាមួយគឺចិនចេញមុខ ឥឡូវនេះចិនរៀបចំរួចហើយគឺថាមានហេដ្ឋារចនាសម្ពន្ធគ្រប់គ្រាន់ហើយ បើគេត្រូវការពេលណា គេអាចប្រើពេញទំហឹង ហើយរឿងនេះគ្រោះថ្នាក់ណាស់ បើមានការច្បាំងគ្នា ប៉ះទង្គិចគ្នានៅក្នុងតំបន់ ខ្ញុំជឿថាអាមេរិកាំងច្បាស់ជាទម្លាក់គ្រាប់បែកហើយ។ គេមិនឱ្យយន្តហោះរបស់ចិនឡើងពីរាមទៅបាញ់គេទេ ចាប់ផ្តើមគេនឹងទម្លាក់មូលដ្ឋានដែលចិនសាងសង់នៅស្រុកខ្មែរ ការណ៍នេះប៉ះពាល់ដល់ស្រុកខ្មែរហើយៗពលរដ្ឋខ្មែរនឹងរងគ្រោះ ដូច្នេះល្បែងដែលហ៊ុន សែនលេងជាមួយចិននេះគ្រោះថ្នាក់ណាស់ ដូចហ៊ុន សែនលេងជាមួយភ្លើងអញ្ចឹង»។
ទោះជាមិនបានបញ្ជាក់ចំៗទៅលើការរិះគន់ចំពោះកម្ពុជាដែលថា កម្ពុជាអនុញាតឲ្យចិនកសាងមូលដ្ឋានយោធាចិននៅកំពង់ផែរាមក្តី តែនៅពេលថ្លែងសុន្ទរកថានៅឯមហាសន្និបាត អង្គការសហប្រជាជាតិ (អ.ស.ប) លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបំភ្លឺអំពីរឿងនេះជាថ្មី ដោយបានប្រកាសប្រាប់ពិភពលោកថា កម្ពុជានឹងបន្តប្រកាន់ជំហរអព្យាក្រឹត ឥតលម្អៀង គោរពគ្នាទៅវិញទៅមក ហើយប្រកាន់ខ្ជាប់នូវធម្មនុញ្ញ អ.ស.ប លើកកម្ពស់ផលប្រយោជន៍កម្ពុជា និង កសាងបន្ថែមនូវទំនាក់ទំនងជាមិត្តភាព។ លោកបញ្ជាក់ថា កម្ពុជានឹងមិនអនុញាតឲ្យមានមូលដ្ឋានកងទ័ពយោធាបរទេសនៅលើទឹកដីកម្ពុជាទេ ដូចអ្វី បានបញ្ជាក់ច្បាស់ក្នុងរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា ហើយកម្ពុជាក៏មិនអនុញាតឲ្យប្រទេសណាមួយឬក្រុមណាមួយប្រើប្រាស់ដែនដីកម្ពុជាដើម្បីប្រឆាំងនឹងប្រទេសណានោះដែរ។
ឆ្លៀតក្នុងឱកាសនៃការជួបសំណេះសំណាលនោះដែរ លោកស្រី មួរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ ក៏បានថ្លែងអំណរគុណចំពោះអ្នកចូលរួមក្នុងវេទិកានោះ ហើយដែលបានចូលរួមក្នុងបាតុកម្មនៅក្នុងទីក្រុងញូវយ៉កកាលពីពេលថ្មីៗ ដើម្បីប្រឆាំងនឹងវត្តមានរបស់លោក ហ៊ុន ម៉ាណែត ដែលលោកស្រីថា មិនមែនជានាយករដ្ឋមន្ត្រីដែលកើតចេញពីការបោះឆ្នោតត្រឹមត្រូវនិងយុត្តិធម៌ដែលអាចធ្វើជាតំណាងដល់កម្ពុជាក្នុងការថ្លែងការណ៍នៅឯ អ.ស.ប បានទេ។
លោកស្រីបានថ្លែងថា គោលបំណងនៃការធ្វើបាតុកម្មនោះគឺការមិនទទួលស្គាល់លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីកម្ពុជា។ ហើយលោកស្រីបានថ្លែងថា នៅពេលឥឡូវនេះ កញ្ញា សេង ធារី ត្រូវបានគេបញ្ជូនពីពន្ធនាគារព្រះវិហាមកកាន់ពន្ធនាគារព្រៃស។ ទោះជាយ៉ាងណាក៏ដោយលោកស្រីនឹងបន្តទាមទារឱ្យដោះលែងកញ្ញា សេង ធាវី និងអ្នកទោសនយោបាយខ្មែរទាំងអស់។
ក្តីរំពឹងបន្តរបស់ក្រុមជំទាស់មួយទៀត គឺផ្អែកទៅលើសភាសហរដ្ឋអាមេរិកដែលនៅបន្តយកចិត្តទុកដាក់ពាក់ព័ន្ធច្បាប់ដាក់ទណ្ឌកម្មលើបុគ្គលដែលរំលោភសិទ្ធិមនុស្សនិងបំផ្លាញលទ្ធិប្រជាធិបតេយ្យកម្ពុជា។
លោកស្រី ទិត គឹមហ៊ុន ប្រធានគណៈកម្មាធិការកិច្ចការស្ត្រីរបស់គណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់នោះបានសម្រេច ៩៩ ភាគរយហើយ អ្វីដែលសំខាន់នោះគឺសមាជិកព្រឹទ្ធសភានិងរដ្ឋសភាសហរដ្ឋអាមេរិក បានយកចិត្តទុកដាក់សេចក្តីព្រាងច្បាប់នោះមែនទែន ដោយសារការបន្តការដឹកនាំបែបបន្តពូជនិងគ្មានការបោះឆ្នោតដែលកើតចេញពីឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរហើយនឹងបញ្ហាពាក់ពន្ធជាមួយចិន។ លោកស្រីបាននិយាយទៀតថា សេចក្តីស្នើច្បាប់មានឈ្មោះថា S 2331 ដែលជាសេចក្តីព្រាងច្បាប់ស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដែលលោកស្រីសង្ឃឹមថា នឹងបោះឆ្នោតដើម្បីបន្តសេចក្តីព្រាងច្បាប់នោះនៅឆ្នាំ ២០២៤ និង ២០២៥ ខាងមុខនេះ។
លោកស្រីបានជំរុញឱ្យប្រជាពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិកបន្តការហៅទូរសព្ទទៅសមាជិកព្រឹទ្ធសភានៅក្នុងរដ្ឋរបស់ខ្លួនជួយជំរុញឱ្យសមាជិកព្រឹទ្ធសភារបស់ខ្លួនបោះឆ្នោតគាំទ្រលើសេចក្តីព្រាងច្បាប់នេះ។
លោកស្រីថ្លែងថា៖ «ក្នុងនោះ បងប្អូនក៏មានកិច្ចការក្នុងការចូលរួមចំណែកនេះ កិច្ចការទាំងអស់នោះគឺមិនមែនជាកិច្ចការរបស់គណបក្សឬកិច្ចការរបស់លោកប្រធាននិងលោកជំទាវ មួរ សុខហួរឬខ្ញុំទេ។ វាជាកិច្ចការរបស់ខ្មែរយើងទាំងអស់គ្នា ដូច្នេះបងប្អូនក្នុងនាមជាអ្នកបោះឆ្នោតនៅតាមមណ្ឌលរបស់បងប្អូន បងប្អូនមានសិទ្ធិគ្រប់គ្រាន់ក្នុងការហៅទូរសព្ទទៅព្រឹទ្ធសភារបស់បងប្អូន ជាពិសេសព្រឹទ្ធសភាដែលជាប្រធានកិច្ចការបរទេសដែលបានឡើងថ្មីគឺលោក Ben Carden មកពីដើម្បីជំរុញឱ្យលោកជួយគាំទ្រសេចក្តីព្រាងច្បាប់នេះ»។
បើតាមលោកសម រង្ស៊ី សេចក្តីព្រាងច្បាប់នោះមិនមែនដាក់ទណ្ឌកម្មលើប្រទេសកម្ពុជាទេ សេចក្តីព្រាងច្បាប់នោះធ្វើឡើង ដើម្បីដាក់ទណ្ឌកម្មលើបុគ្គលណាដែលរំលោភសិទ្ធិមនុស្សនិងបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ លោកក៏បានលើកឡើងពីការខាតបង់ នៅពេលដែលរដ្ឋាភិបាលងាកទៅរកប្រទេសចិន ចំពេលដែលពួកអ្នកវិនិយោគប្រទេសលោកខាងលិចកំពុងដករោងចក្ររបស់ពួកគេចេញពីប្រទេសចិននោះ។ លោកបានបន្តទៀតថា ប្រទេសដែលបានទទួលអត្ថប្រយោជន៍ពីក្រុមហ៊ុនទាំងនោះគឺប្រទេសវៀតណាមនិងថៃ។
ពិធីសំណេះសំណាលរបស់លោក សម រង្ស៊ី ជាមួយសហគមន៍ខ្មែរនេះបានបញ្ចប់ដោយមានការសួរជាសំណួរពីអ្នកចូលរួមអំពីការរីកចម្រើននយោបាយ និងសង្គមកម្ពុជា៕