សហរដ្ឋ​អាមេរិក​និង​អ៊ុយក្រែន​ជួប​គ្នា​នៅ​ក្នុង​ប្រទេស​អារ៉ាប់ប៊ី​សាអូឌីត​ដើម្បី​ចរចា​ស្តីពី​ការបញ្ចប់​សង្គ្រាម

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Mike Waltz និងបេសកជនមជ្ឈិមបូព៌ាអាមេរិក លោក Steve Witkoff ចូលរួមបទសម្ភាសន៍នៅវិមាន Diriyah ក្នុងទីក្រុង Riyadh ប្រទេសអារ៉ាប៊ីសាអូឌីត ថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥។

ពួក​មន្ត្រី​សហរដ្ឋ​អាមេរិក​និង​អ៊ុយក្រែនបាន​ជួប​គ្នា​កាលពី​ថ្ងៃ​អង្គារ​នៅ​ក្នុង​ទីក្រុង Jeddah ប្រទេស​អារ៉ាប់ប៊ី​សាអូឌីត​ដើម្បី​ចរចា​ពី​ការខំ​ប្រឹងប្រែង​ដើម្បី​បញ្ចប់​សង្គ្រាម​របស់​រុស្ស៊ី​ជាមួយ​អ៊ុយក្រែន​ ដោយ​ភាគី​ទាំង២​និយាយ​ថា​ពួកគេ«បាន​ចាត់​វិធានការ​ដ៏​សំខាន់​ឆ្ពោះ​ទៅកាន់​ការ​ធ្វើ​ឱ្យ​មាន​សន្តិភាព​ស្ថិតស្ថេរ​មួយ​សម្រាប់​អ៊ុយក្រែន។

សេចក្តី​ថ្លែងការណ៍រួម​មួយ​ដែល​បាន​ចេញផ្សាយ​បន្ទាប់ពី​ការចរចា​បាន​និយាយ​ថា«អ៊ុយក្រែនបាន​សម្តែង​នូវ​ការ​ប្រុង​ប្រៀបខ្លួន​ដើម្បី​ទទួល​យក​សំណើ​របស់​សហរដ្ឋ​អាមេរិក​ដើម្បីអនុវត្ត​នូវ​បទ​ឈប់​បាញ់​គ្នា​ជា​បន្ទាន់​ក្នុងរយៈពេល​៣០ថ្ងៃ​ដែល​អាច​ត្រូវ​បន្ត​ដោយ​ការព្រមព្រៀង​ទៅវិញ​ទៅមក​របស់​ភាគី​ទាំង២ ​ហើយ​ដែល​ត្រូវ​ទទួលយក​និង​អនុវត្ត​ដោយ​សហព័ន្ធ​រុស្ស៊ី។ សហរដ្ឋ​អាមេរិក នឹង​ទាក់ទង​រុស្ស៊ី​ដែលការ​សុខចិត្ត​ទទួល​យករបស់​រុស្ស៊ី​ជា​គន្លឹះ​សំខាន់​មួយ​ដើម្បី​ធ្វើ​ឱ្យ​សម្រេច​សន្តិភាព​នេះ»

សេចក្តី​ថ្លែងការណ៍​នោះ​បាន​បន្ថែម​ទៀត​ថា​សហរដ្ឋ​អាមេរិក នឹង​លុបចោល​ភ្លាមៗ​នូវ​ការ​ផ្អាកលើ​ការ​ចែក​រំលែក​ការ​ស៊ើបការណ៍​សម្ងាត់​ហើយ​នឹង​បន្ត​ជំនួយ​សន្តិសុខ​ដល់​អ៊ុយក្រែន។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Marco Rubio និង​ទីប្រឹក្សា​សន្តិសុខ​ជាតិ​លោក Mike Waltz បាន​ដឹក​នាំ​គណៈប្រតិភូ​សហរដ្ឋអាមេរិក​នៅ​ក្នុង​ទីក្រុង Jeddah ​នៅពេល​ដែល​លោក​ប្រធានាធិបតី Trump ជំរុញ​ឱ្យ​មាន​ការ​សម្រប​សម្រួល​ដើម្បី​បញ្ចប់​សង្គ្រាម​ដែល​បាន​ចាប់ផ្តើម​នៅ​ដើមឆ្នាំ២០២២​ដោយ​ការ​ឈ្លានពាន​ទ្រង់​ទ្រាយ​ធំ​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy មិន​បាន​ចូលរួម​នៅ​ក្នុង​ជំនួប​កាលពី​ថ្ងៃ​អង្គារ​ទេ​ ​ដោយ​អ៊ុយក្រែន​ត្រូវ​បាន​តំណាង​ដោយ​នាយក​ខុទ្ធកាល័យ​របស់​លោក​គឺ​លោក Andriy Yermak រដ្ឋមន្ត្រី​ការបរទេស​លោក Andrii Sybiha និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​លោក Rustem Umerov និង​មេបញ្ជាការ​កងទ័ព​លោក Pavlo Palisa

លោក Yermak បាន​ប្រាប់​ពួក​អ្នក​យក​ព័ត៌មាន​មុន​ចាប់​ផ្តើម​ជំនួប​កាលពី​ថ្ងៃ​អង្គារ​ថា​អ៊ុយក្រែន​ប្រុងប្រៀប​ខ្លួន​ដើម្បី​ធ្វើ​អ្វីៗ​ឱ្យ​សម្រេច​បាន​សន្តិភាព​នេះ។

​នៅ​ពេល​សួរ​ថា​តើ​អ៊ុយក្រែន​នឹង​ស្វះ​ស្វែង​រក​ការធានា​ខាង​សន្តិសុខ​ដែរ​ឬទេ លោក Yermak បាន​និយាយ​ថា«ប្រាកដ​ហើយ»​ហើយ​ថា​អ៊ុយក្រែន​ចង់​ធ្វើ​ឱ្យ​ប្រាកដ​ថា​រុស្ស៊ី​មិន​ធ្វើ​ការ​ឈ្លានពាន​របស់​ខ្លួន​ម្តង​ទៀត​ទេ។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Rubio បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា​សហរដ្ឋ​អាមេរិក​សង្ឃឹម​នឹង​ដោះស្រាយ​ការ​ផ្អាក​ជំនួយ​ដល់​អ៊ុយក្រែន​នេះ៕